ដោយ: សុផល / ព្រះសីហនុ: ពិព័រណ៍ម្ហូបអាហារ និងផលិតផលខ្មែរ នៅខេត្តព្រះសីហនុ ដែលបានចាប់ផ្ដើមពីថ្ងៃទី១៣ ដល់ ១៥ ខែឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ «គាំទ្រម្ហូបអាហារខ្មែរ ថែរក្សាវប្បធម៌ជាតិ» បានជួយលើកកម្ពស់ និងផ្សព្វផ្សាយម្ហូបអាហារ ប្រពៃណីខ្មែរ ពិសេសអាហារតំបន់ឆ្នេរ ផ្សព្វផ្សាយវឌ្ឍនភាព និងសក្តានុពលទេសចរណ៍ ព្រមទាំងជួយពង្រឹងកិច្ចសហប្រតិបត្តិការ រវាងផ្នែកសាធារណៈ និងឯកជន ដើម្បីជំរុញការផ្សព្វផ្សាយ និងទាក់ទាញទេសចរឱ្យមកកម្សាន្ត នៅខេត្តព្រះសីហនុ។
ពិព័រណ៍រយៈពេល ៣ ថ្ងៃ កន្លងទៅនេះ មានអ្នកចូលរួម និងអ្នកទស្សនា ប្រមាណ ៥ ម៉ឺននាក់ ក្នុងនោះលោក ទិត ចន្ថា រដ្ឋមន្ត្រីស្តីទី ក្រសួងទេសចរណ៍ តំណាងលោករដ្ឋមន្ត្រី ថោង ខុន និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចូលរួមជាអធិបតី បើកសម្ពោធពិព័រណ៍នេះ។
ពិធីតាំងពិព័រណ៍ម្ហូបអាហារ និងផលិតផលខ្មែរនេះមានការចូលរួមពី ប្រតិបត្តិករទេសចរណ៍ ភោជនីយដ្ឋាន អាហារដ្ឋាន អ្នកលក់អាហារតាមស្តង់ចំនួន ១៣៩ ស្តង់ ក្នុងនោះ ស្ដង់សមាគមទេសចរណ៍តំបន់ឆ្នេរចំនួន១៧ ស្ដង់ ចម្អិនអាហារភ្លាមៗ ចំនួន ៥១ ស្ដង់ សណ្ឋាគារ ភោជនីយដ្ឋាន និងអាហារប្រពៃណី ចំនួន ២១ ស្ដង់បង្អែម ការ៉ែម និងនំខ្មែរចំនួន ៨ ស្ដង់ ភេសជ្ជៈ តែ កាហ្វេចំនួន ៦ ស្ដង់ ផ្លែឈើស្រស់ចំនួន ៥ ស្ដង់ វត្ថុអនុស្សាវរីយ៍ចំនួន ៣ និងស្ដង់ផលិតផលក្នុងស្រុក ចំនួន ២៨។
លោករដ្ឋមន្ត្រីស្តីទី បានលើកឡើងថា: ពិធីតាំងពិព័រណ៍ម្ហូបអាហារ និងផលិតផលខ្មែរនេះ គឺជាការរួមចំណែកលើកកម្ពស់ ផ្សព្វផ្សាយមុខម្ហូបប្រពៃណីខ្មែរ និងសក្តានុពលទេសចរណ៍តំបន់ឆ្នេរ ពិសេសទេសចរណ៍ខេត្តព្រះសីហនុ ពិតជាចូលរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការការពារបរិស្ថាន និងសុខមាលភាពរបស់ប្រជាពលរដ្ឋ នៅខេត្តព្រះសីហនុ។
នាព្រឹកថ្ងៃទី១៤ ព្រឹត្តឹការណ៍រៀបចំប្រកួតធ្វើម្ហូប និងភេសជ្ជៈ និងចំណេះដឹង ផ្នែកទេសចរណ៍ បរិស្ថាន ការបង្កាជំងឺកូវីដ-១៩ ដោយចូលរួមពីនិស្សិត មកពីសាកលវិទ្យាល័យ ចំនួន ៥ គឺមហាវិទ្យាល័យនីតិសាស្ត្រ និងសេដ្ឋកិច្ច សាលាបណ្តុះបណ្តាលវិជ្ជាជីវៈដុនបូស្កូ សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យមេគង្គ និងសាកលវិទ្យាល័យបៀលប្រាយ។ ចំពោះការប្រកួតធ្វើម្ហូបអាហារ និងភេសជ្ជៈ ជ្រើសរើសជ័យលាភីពីលេខ១ ដល់លេខ៣ ដោយទទួលបានពាន១ និងប្រាក់រង្វាន់ ១.០០០ ដុល្លារ បន្តបន្ទាប់ដល់ ៣០០ ដុល្លារ។
នៅព្រឹកថ្ងៃទី១៥ មានរៀបចំការប្រណាំងកង់មិត្តភាព ក្រោមប្រធានបទ «ការលើកកម្ពស់បរិស្ថាន និងអនាម័យសាធារណៈ ដើម្បីចូលរួមយុទ្ធនាការ ទីក្រុងស្អាត-ឆ្នេរស្អាត» ចម្ងាយ ១៥ គីឡូម៉ែត្រ តាមផ្លូវប្របសមុទ្រ ដោយមានអ្នកចូលរួម ១៤៦ នាក់។
ក្នុងការប្រណាំងកង់នេះ៖
* ជ័យលាភីលេខ១ ទទួលបានពាន១ ថវិកា ៦០០ ដុល្លារ (Voucher អាហារចំនួន ៣០០ ដុល្លារ) វិញ្ញាបនបត្របញ្ជាក់ពីរដ្ឋបាលខេត្ត១ និងបាច់ផ្កា១។
* ជ័យលាភីលេខ២ ទទួលបានពាន១ ថវិកាចំនួន ៤០០ ដុល្លារ (Voucher អាហារចំនួន ២០០ ដុល្លារ) វិញ្ញាបនបត្រ១ និងបាច់ផ្កា១។
* ជ័យលាភីលេខ៣ ទទួលបានពាន ១ ថវិកាចំនួន ២០០ ដុល្លារ (Voucher អាហារចំនួន ១០០ ដុល្លារ) វិញ្ញាបនបត្រ១ និងបាច់ផ្កា១ ៕/V