ដោយៈសុផល/ភ្នំពេញ: លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថាស្ថានភាពភ្ញៀវទេសចរក្នុងរយៈពេលបួនសប្តាហ៍ជាប់ៗគ្នាចុងក្រោយនេះបានបង្ហាញឱ្យឃើញថាចរន្តភ្ញៀវទេសចរផ្ទៃក្នុងនៃប្រទេសកម្ពុជាកំពុងវិលត្រលប់ទៅរកស្ថានភាពដើមពេញលេញវិញដូចកាលពីមុនពេលផ្ទុះការរីករាលដាលជំងឺកូវីដ១៩នៅឆ្នាំ២០១៩។ក្នុងបួនសប្តាហ៍ជាប់គ្នានេះ មានភ្ញៀវទេសចរជាង៣០ម៉ឺននាក់។
លោក ថោង ខុន បានឱ្យដឹងថា សប្ដាហ៍ទី១នៃខែឧសភា កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជិត៣០ម៉ឺននាក់ ។នៅសប្ដាហ៍ទី២នៃខែឧសភាឆ្នាំ២០២២នេះមានភ្ញៀវទេសចរចេញដើរកម្សាន្តជាង៣៩ម៉ឺននាក់។ចំណែកសប្ដាហ៍ទី៣នៃខែមេសាកម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជិត៣៣ម៉ឺននាក់និងសប្ដាហ៍ទី៤នៃខែមេសាកម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជិត៣១ម៉ឺននាក់ ។
សម្រាប់សប្ដាហ៍ទី២នៃខែឧសភាឆ្នាំនេះ ដែលជាសប្ដាហ៍ទី៤ដែលភ្ញៀវទេសចរផ្ទៃក្នុងបន្តកើនឡើនោះ លោករដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថាមានភ្ញៀវទេសចរចេញដើរទស្សនាកម្សាន្ត៣៩០,៦០៩នាក់ក្នុងនោះភ្ញៀវជាតិមានចំនួន ៣៧២,៥៣៧នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន១៨,០៧២នាក់។
គោលដៅទេសចរណ៍សំខាន់ៗ ដែលទទួលបានទេសចរច្រើនជាងគេរួមមាន៖ខេត្តព្រះសីហនុ ១១០,៩៨៩នាក់,រាជធានីភ្នំពេញ ៤០,២៩៨នាក់,ខេត្តបាត់ដំបង ៣៦,១១០នាក់,ខេត្តកែប ៣៥,៥០០នាក់,ខេត្តកំពត ៣២,២៧៩នាក់,ខេត្តសៀមរាប ៣២,០៥៧នាក់,និងខេត្តកំពង់ស្ពឺ ១៦,៦៨៨នាក់។
លោក ថោង ខុន បានបន្តថា នាចុងសប្តាហ៍នេះ គឺជាថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ និងពិធីបុណ្យវិសាខបូជា។
លោកបានបន្តថា តួលេខខាងលើមានការកើនឡើងប្រមាណ៣០,២៥ភាគរយ ធៀបនឹងចុងសប្តាហ៍កន្លងមក។ ក្រៅពីគោលដៅទេសចរណ៍សំខាន់ៗប្រជាពលរដ្ឋជាច្រើនផ្សេងទៀតបានធ្វើដំណើរទៅប្រារព្វពិធីបុណ្យវិសាខបូជានៅតាមទីវត្តអារាមនាថ្ងៃអាទិត្យនេះ។រដ្ឋបាលមូលដ្ឋាននៅថ្នាក់ខេត្តនិងស្រុកមួយចំនួនបានរៀបចំឲ្យមានជាក្បួនដង្ហែតាមលំនាំពុទ្ធសាសនានៃពិធីបុណ្យវិសាខបូជា។ ទន្ទឹមនឹងនេះ នៅខេត្តព្រះសីហនុក៏បានរៀបចំកម្មវិធីតាំងពិព័រណ៍ និងប្រកួតធ្វើម្ហូបអាហារ និងភេសជ្ជៈ ដែលបានទាក់ទាញអ្នកចូលរួមជាច្រើននាក់ផងដែរ។
ជាមួយតួលេខខាងលើ នេះជាសប្តាហ៍ទី៤ជាប់គ្នា ដែលចរន្តភ្ញៀវទេសចរហក់ឡើងដល់ជាង៣០ម៉ឺននាក់បន្ទាប់ពិធីបុណ្យ ចូលឆ្នាំប្រពៃណីជាតិ ខណៈដែលថ្ងៃអាទិត្យនេះជាថ្ងៃទី៨ជាប់គ្នា ដែលកម្ពុជាពុំមានអ្នកឆ្លងជំងឺកូវីដ-១៩។ គួររំឭកដែរថា កាលពីឱកាសបុណ្យចូលឆ្នាំ៣ថ្ងៃបូកទាំងថ្ងៃអាទិត្យមួយថ្ងៃទៀតកម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណជាង៥លាន១៧ម៉ឺននាក់៕សរន