ដោយ​: ទេ​ពក​ង្រី / កំពង់ឆ្នាំង​: សម្ដេចចៅហ្វា​វាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួង​ព្រះបរមរាជវាំង និង​ជា​ព្រះរាជតំណាង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ បាន​ចូលរួម​ក្នុង​ព្រះរាជ​ពិធីសែនក្រុងពាលី កសាង​ព្រះវិហារ ថ្វាយ​ព្រះបរមនាម​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ នៅ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២២ ស្ថិតនៅ​វត្ត​គំ​រាប​រុក្ខា​រាម ស្ថិតនៅ​ឃុំ​ត្រពាំង​ចាន់ ស្រុករ​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

​នៅ​ក្នង​ពិធី​នេះ ក៏មាន​វត្ដ​មាន​លោក គុយ សុផល ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ទូទៅ អម​ក្រសួងព្រះបរមរាជវាំង លោក ឡុង ឈុន​ឡៃ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង និង ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ។

​ពិធី​ក្រុង​ពាលី​នេះ ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​សុំ​ម្ចាស់​ទឹក ម្ចាស់​ដី សុំ​ព្រៃព្រឹក្សា ប្រសិទ្ធ​ពរជ័យ​សិរី​មង្គល​បវ​មហារ​ប្រសើរ ក្នុង​ដំណើរការ​កម្មវិធី​អ្វីមួយ ឱ្យបាន​ដំណើរការ​រលូន និង​សុខ​សប្បាយ ជា​រៀងរហូត​។

​វត្ត​គំ​រាប​រុក្ខា​រាម គឺជា​វត្ត​មួយ ដែល​ស្ថិតនៅ​ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង​។ វត្ត​នេះ ជា​វត្ត​មួយ​ដែល​នៅ​ឆ្ងាយ សំបូរ​ទៅដោយ​ព្រៃឈើ​ម្លប់​ត្រឈឹងត្រឈៃ និង​ជាវ​ត្ត ដែល​អត្ត​ខ​ត្តិ ពុំទាន់​មាន​ព្រះវិហារ នោះទេ ។

​ដោយ​ពិនិត្យឃើញថា វត្ត​គំ​រាប​រុក្ខា​រាម​នេះ ពុំទាន់​មាន​អ្វី​ច្រើន សម្រាប់​ជាទី​សក្ការបូជា​នោះ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សព្វព្រះរាជហឫទ័យ ប្រោស​ព្រះរាជទាន ព្រះអង្គ​កឋិនទាន ដើម្បី​ប្រមូល​បច្ច័យ​កសាង​វត្ត​នេះ កាលពីពេល​កន្លងទៅ ថ្មីៗ​នេះ តាមរយៈ​សម្តេចចៅហ្វា​វាំង គង់ សំអុល ។

​ជាមួយគ្នានេះ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ បាន​សព្វ​ព្រះរាជ ហឫទ័យ បញ្ចុះបឋមសិលា សាងសង់​ព្រះវិហារ​ថ្មី នៃ​វត្ត​គំ​រាប​រុក្ខា​រាម សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ​ចុះ​ណុះ​ជើងវត្ត បានធ្វើ​បុណ្យ ធ្វើ​ទាន និង ទុកជា​ទីកន្លែង​សក្ការបូជា ជូន​ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ ។

​ក្រោយពី​បាន​សាងសង់​រួច វត្ត​គំ​រាប​រុក្ខា​រាម នឹង​ក្លាយ​ទៅ ជាទី​អារាម ដែល​ប្រកបដោយ​អនាម័យ និង​ផាសុកភាព សម្រាប់​ការរស់នៅ ធ្វើឱ្យ​វត្ត មាន​សោភ័ណ​ភាពល្អ ទៅ​វត្ត​ដែលមាន​ទេសភាព​បៃតង គ្រប់​រដូវ​កាល ហើយក៍​អាច​ក្លាយជា​វត្ត ដែលមាន​រមណីយដ្ឋាន​ស្រស់ស្អាត ទាក់ទាញ​បានមក​លេង​របស់​អ្នកទេសចរ​ផងដែរ ៕/V​