​ដោយៈ គង់​ហេង / កំពង់ចាមៈ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ថ្លែងថាៈ ប្រទេសជាតិ មានការ​អភិវឌ្ឍ រីកចម្រើន គឺ​អាស្រ័យ​ដោយមាន ធនធានមនុស្ស ពោលគឺ កុំ​និយាយ​ពាក្យ​ថា អភិវឌ្ឍន៍ ដោយ​គ្មាន​ធនធានមនុស្ស និង​សន្តិភាព​បានឡើយ​។​

​លោក​អភិបាលខេត្ត​កំពង់ចាម បាន​ពោល និង​ថ្លែង​បែបនេះ នៅក្នុង​ជំនួប​សំណេះ សំ​ណា​ល ជាមួយ​ក្រុម​គ្រូបង្រៀន និង​គណៈ​អាជីវករ​ផ្សារ សរុប​ប្រមាណ​ជិត ១.០០០ នាក់ នៅក្នុង​សាលាខេត្ត​នេះ នា​ព្រឹក​ថ្ងៃទី ១៦ ឧសភា នេះ​។​

​លោក​បាន​ថ្លែង​ទៀតថាៈ ប្រទេស​របស់​យើង ចាំបាច់​បំផុត តម្រូវការ​នូវ​ធនធានមនុស្ស គឺ​ដើម្បី​បណ្តុះបណ្តាល​យុវជន ឱ្យមាន​សមត្ថភាព ហើយ​យក​ចំណេះដឹង​ទាំងនោះ មក​បម្រើ​ជាតិ​វិញ គឺ​នេះ​ទើប​ជាការ​តបស្នង និង​កសាង​នូវ អនាគត​ល្អ​របស់គេ (​យុវជន​) ឱ្យស្រប​ពាក្យ​ថា « ទំពាំង​ស្នង​ឬ​ស្សី​»​។ សមត្ថភាព​យើង (​លោកគ្រូ​អ្នកគ្រូ​) ប៉ុន​នេះ អាច​ចែករំលែក ដល់​សិស្សានុសិស្ស ក្នុង​កម្រិត​។ ពិសេស​គ្រូៗ ចេញពី​មហាវិទ្យាល័យ ចេញពី​គរុកោសល្យ មកហើយ តែងតែ​រៀន​តទៅទៀត គឺ​ដើម្បី​បង្កើន​សមត្ថភាព​បន្ថែម និង​កុំឱ្យ​ភ្លេច​។​

​លោក​បាន​បន្ថែមថាៈ តាម​ការពិនិត្យ​ជាក់ស្តែង បច្ចុប្បន្ន អាចសន្និដ្ឋាន​បាន គឺ​វិស័យ​អប់រំ មានការ​រីកចម្រើន​ខ្លាំង តាមរយៈ​ការដាក់ចេញ នូវ​កម្មវិធី​កំណែទម្រង់​នានា​របស់ រាជរដ្ឋាភិបាល​។ ដោយ​គ្រូៗ សប្បាយចិត្ត ក្នុងការ​បង្រៀន ហើយ​សិស្សានុសិស្ស សប្បាយចិត្ត ក្នុង​ការរៀន​។ នេះ​ជាការ​រួមចំណែក​ទាំងអស់​គ្នា ឱ្យបាន​រីកចម្រើន លើ​វិស័យ​អប់រំ ដែលជា​ការខិតខំ​ប្រឹង​ប្រែង ដោះស្រាយ​បញ្ហា ហើយ​លោកគ្រូ អ្នកគ្រូ បង្រៀន​សិស្ស​ទាំងអស់នេះ គឺជា​ការចូលរួមចំណែក ក្នុងការ​អនុវត្ត​ធនធានមនុស្ស​។​

​លោក​បាន​បន្តថាៈ ការកសាង​ធនធានមនុស្ស គឺជា​រឿង​សំខាន់​ណាស់ សម្រាប់​ប្រទេស យើង ដែល​កំពុងអភិវឌ្ឍន៍​ហើយក៏​កុំ​និយាយ​ដល់ ការអភិវឌ្ឍ ដរាបណា គ្មាន​ធនធាន មនុស្ស​។ ជាពិសេស​ប្រទេស​អភិវឌ្ឍន៍ ទៅបាន គឺ​លុះត្រា​មាន ធនធានមនុស្ស​។ មុនដំបូង រាជរដ្ឋាភិបាល បានដាក់​ចេញ​គោលនយោបាយ យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ ដោយ​យក​វិស័យ​ចំនួន បួន ជា​អាទិភាព គឺ​ផ្លូវ ភ្លើង ទឹក និង មនុស្ស​។ ប៉ុន្តែ​មកដល់​បច្ចុប្បន្ន បាន​យក​មនុស្ស គឺ​ធនធានមនុស្ស ប៉ូល​អាទិភាព​ទី​១ វិញ​ម្តង ហើយក៏​មិនអាច​ចោល កត្តា​សន្តិភាព​បានដែរ​៕/V​