ដោយ​: សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​: ថ្ងៃទី​១៦ ឧសភា​ម្សិលមិញ​នេះ ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ក្រុម​បាល់ទាត់​អាយុ​ក្រោម​២៣​ឆ្នាំ​កម្ពុជា​លេង​ស្មើ​ជាមួយ​ក្រុម​ម៉ាឡេស៊ី​២​ទល់​២ ។ នេះ​ជាការ​លេង​បង្គ្រប់កិច្ច​តែប៉ុណ្ណោះ ព្រោះ​ក្រុម​កម្ពុជា​បន្ទាប់ពី​លេង​ឈ្នះ​ក្រុម​ឡាវ​៤ទល់​១​នោះ លេង​ចាញ់​ក្រុម​ថៃ​០​ទល់​៥ និង​ការប្រកួត​ចុងក្រោយ​នេះ​លេង​ស្មោះ​ជាមួយ​ក្រុម​ម៉ា​ឡេ​ស៊ី ២​ទល់​២​។ ក្រុម​កម្ពុជា​បានបញ្ចប់​បេសកកម្ម​នៅ​ស៊ី​ហ្គេម​ហើយដោយ​មិនមាន​ឱកាស​
​ឡើងទៅ​លេង​នៅ​វគ្គ​៤​ក្រុម​ចុងក្រោយ​នោះទេ ។​

​ក្នុងការ​ប្រកួត​នេះ​ក្រុម​កម្ពុជា​បាន​នាំមុខ​មុន​នៅ​នាទី​៤៥​ដោយ​ការទា​ត់បាល់​ពិន័យ​១១​ម៉ែត្រ​របស់​កីឡាករ ជួន ចាន់​ចាវ ដោយសារតែ​កីឡាករ​ម៉ាឡេស៊ី​មាន​កំហុស​ក្នុង​តំបន់​១១​ម៉ែត្រ​​ដោយសារ​បាល់​ប៉ះ​ដៃ ។ ចូលដល់​តង់​ទី​២​ក្រុម​ម៉ាឡេស៊ី​ចាប់ផ្ដើម​វាយ​សម្រុក​វិញ​យ៉ាងខ្លាំង​ព្រមទាំង​មានឱកាស​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​វិញ​នី​នាទី​៥១ ។ កីឡា​ករលេខ​០​ម៉ាឡេស៊ី​ឈ្មោះ​Mohamad Fayyadh​ទាត់​បាល់​ពិន័យ​នេះ​បញ្ចូល​ទី​កម្ពុជា​បានសម្រេច​ធ្វើ​ឲ្យ​លទ្ធផល​ស្មើគ្នា​១​ទល់​១ ។​

​មកដល់​នាទី​ទី​៦២​កីឡាករ ណា​រ៉ុង កក្កដា របស់​កម្ពុជា បានរ​កបាល់​មួយ​គ្រាប់​ឱ្យ​ក្រុម​​ធ្វើឱ្យ​កម្ពុជា នាំមុខ​ម៉ាឡេស៊ី​ជាថ្មី​ក្នុង​លទ្ធផល ២​ទល់​១ ដោយ​ស៊ុត​បញ្ចូល​ទី​បានសម្រេច​។ ប៉ុន្តែ​៦​នាទី​បន្ទាប់​គឺ​នាទី​៦៨ ម៉ាឡេស៊ី​យក​ស្មើ​បាន​វិញ​ដែល​ទាត់​ប​ញ្ជូ​ល​ទី​ដោយ​កីឡាករ Mohamad Fayyadh ដដែល​។ ក្រុម​ទាំង​ពីរបាន​ព្យាយាម​សម្រុក​គ្នា​ទៅវិញទៅមក​តែ​ស៊ុត​មិនបាន​សម្រេច​ហើយ​នៅ​​ចុងបញ្ចប់​ក្រុម​ទាំងពីរ​បញ្ចប់​ត្រឹម​លទ្ធផល​២​ទល់​២​។​ទោះបី​ស្មើ​កម្ពុជា​ក៏ពិតមែន​តែ​ក្រុម​ម៉ាឡេស៊ី​បាន​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដែរ ។​

​ក្រុមយុវជន​ម៉ាឡេស៊ី​បាន​ឡើងទៅ​កាន់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​បើ​ទោះ​ស្មើ​កម្ពុជា​ក៏ដោយ​។ ចំណែក​ក្រុមយុវជន​កម្ពុជា​វិញ​បាន​ធ្លាក់​ត្រឹម​វគ្គ​នេះ​ពោលគឺ​មាន​៤​ពិន្ទុ​ក្រោយ​បញ្ចប់​ការប្រកួត​ចំនួន​៤​លើក​ក្នុងនោះ​ឈ្នះ​ឡាវ ៤​ទល់​១, ស្មើ​ម៉ាឡេស៊ី ២​ទល់​២, ចាញ់​ថៃ ០​ទល់​៥ និង​ចាញ់​សិង្ហ​បុរី​១​ទល់​០​។​

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ចប់​ការប្រកួត លោក Ryu Hirose គ្រូបង្វឹក U-23 កម្ពុជា​បាន​និយាយថា​សម្រាប់​ស៊ី​ហ្គេម​ឆ្នាំក្រោយ​យើង​ត្រូវតែ​ពង្រឹង​កាយសម្បទា​ហើយ​មួយទៀត​គឺ​យើង​ត្រូវតែ​រក​គ្រាប់​បាល់​។ យើង​ត្រូវតែ​បង្កើន​គុណភាព​នៅក្នុង​ការបញ្ចប់​ទី​។ ដូច្នេះហើយ​ទាំងអស់នេះ គឺជា​អ្វីដែល​យើង​ត្រូវ​ពង្រឹង​នៅ​ស៊ី​ហ្គេម​បន្ទាប់ ៕​