ប្រែ​សម្រួលៈ​បំណង​(NYTIMES)៖ ប្រធានាធិបតី​អាម៉េរិក​លោកចូ បៃ​ដិន បាន​ចុះហត្ថលេខា​លើ​បទ​បញ្ជា​មួយ​ដោយ​អនុញ្ញាត​អោយ​បញ្ជូន​ទាហាន​អាម៉េរិក​ទៅ​ដាក់​នៅក្នុង​ប្រទេស​សូ​ម៉ាលីឡើងវិញ ដោយ​កែប្រែ​​ការសំរេចចិត្ត​របស់​អតីត​ប្រធានាធិបតី​ដូណាល់ ត្រាំ ក្នុង​ការដក​ទាហានជើងគោក​ជិត​៧០០​នាក់​ចេញពី​ទីនោះ​។​

​បន្ថែម​លើ​នេះ បៃ​ដិ​ន​ក៏​អនុម័ត​សំណើ​របស់​ក្រសួង​ការពារជាតិ​ដែល​សុំ​ផ្តោត​ការវាយប្រហា​រលើ​មេដឹកនាំ​ក្រុម​ភេរវកម្ម អាល់​-​សា​បាប​(al-Shabab)​រាប់សិប​នាក់​ដែល​មាន​សម្ពន្ធភាព​ជាមួយ​ក្រុម​​អាល់​-​កៃ​ដា​។​

​ចាប់តាំងពី​លោកបៃ​ដិន​ចូលកាន់​តំណែង ការវាយប្រហារ​តាម​ផ្លូវអាកាស​ត្រូវបាន​កំរិត​ត្រឹម​ការពារ​កងកម្លាំងរ​បស់​ដៃគូ​ដែល​ប្រឈម​ការ​គំរាម​បន្ទាន់​។តែឥឡូវ​បូក​បន្ថែម​នឹង​ការសំរេចចិត្ត​ចុងក្រោយ​នេះ វា​នឹង​​ធ្វើអោយ​រស់​ឡើង​វិញ​ប្រតិបត្តិការ​ប្រឆាំង​ភេ​វរ​កម្ម​បើក​ចំហ​របស់​អាម៉េរិក ដែល​បាន​ឆ្លងកាត់​រដ្ឋាភិបាល​ចំនួនបី​មកហើយ​។​

​ចំណាត់ការ​នេះក៏​ផ្ទុយ​ពី​ការសំរេចចិត្ត​របស់​លោក​កាលពី​ឆ្នាំមុន ដើម្បី​ដក​ទាហាន​អាម៉េរិក​ចេញពី​អា​ហ្វ​ហ្គានី​ស្ថាន ដោយ​ហេតុផល​ថា​«​វា​ដល់​ពេល​បញ្ចប់​សង្គ្រាម​គ្មាន​ទីបញ្ចប់​»មួយ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​អាម៉េរិក បាន​ទទួលស្គាល់ថា វា​នឹង​ជួយ​អោយ​ការប្រយុទ្ធ​ប្រឆាំង​ក្រុម​អាល់​-​សា​បាប កាន់តែ​មាន​ប្រសិទ្ធភាព​ឡើង​។​

​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​ក្នុង​រដ្ឋាភិបាល​អាម៉េរិក បាន​និយាយថា យុទ្ធសាស្ត្រ​របស់​រដ្ឋកា​រ​លោកបៃ​ដិន​គឺ​ត្រូវ​កាត់បន្ថយ​ការ​គំរាម​មក​ពី​ក្រុម​អាល់​-​សា​បាប​ដោយ​កំហិត​លទ្ធភាព​និង​ប្រតិបត្តិការ​របស់​ក្រុម​​ដែល​បាន​ធ្វើ​ការវាយប្រហារ​ជាច្រើន រួម​មាន​ការវាយប្រហា​រលើ​មូលដ្ឋានទ័ព​អាម៉េរិក​នៅ​គេ​ន​យ៉ា​កាលពី​ឆ្នាំ​២០២០​។​

​ផ្នែក​ស៊ើបការណ៍​បាន​វាយ​តំលៃ​ថា ក្រុម​នេះ​មាន​សមាជិក​ពី​៥.០០០​ទៅ​១០.០០០​នាក់​។​ដោយ​ប្រកាស​ចង​សម្ពន្ធភាព​ជាមួយ​ក្រុម​ភេរវកម្ម​អាល់​-​កៃ​ដា​កាលពី​ឆ្នាំ​២០១២ ក្រុម​នេះ​បាន​ព្យាយាម​ចាប់បង្ខំ​អោយ​​អនុវត្ត​ច្បាប់​អ៊ីស្លាមដ៏​តឹងរ៉ឹង​លើប្រទេស​នៅក្នុង​តំបន់​ស្នែង​អាហ្វ្រិក​មួយ​នេះ​។​

​នៅពេល​ក្រុម​អាល់​-​សា​បាប ភាគច្រើន​ប្រយុទ្ធ​តែ​ក្នុងប្រទេស​សូ​ម៉ាលី និង​ម្តងម្កាល​វាយប្រហារ​ក្នុងប្រទេស​ក្បែរ​ខាង​ខ្លួន ក៏​សមាជិក​ខ្លះ​មាន​មហិច្ឆតា​វាយប្រហារ​លើ​​អាម៉េរិក​។ នៅ​ខែ​ធ្នូ​ឆ្នាំ​២០២០ រដ្ឋអាជ្ញា​ក្រុង​ញូវយ៉ក​បាន​ចោទប្រកាន់​ភ្នាក់ងារ​របស់​អាល់​-​សា​បាប​ម្នាក់​មក​ពី​គេ​ន​យ៉ា ពី​បទ​រៀបចំ​ផែនការ​វាយប្រហារ​ស្ទីល​ថ្ងៃ​១១​កញ្ញា លើ​ទីក្រុង​អាម៉េរិក​មួយ​។​ជន​នេះ​ត្រូវបាន​ចាប់ខ្លួន​នៅ​ហ្វី​​លី​ពី​ន នៅពេល​កំពុង​រៀហ​បើក​យន្តហោះ​៕

​ការសំរេចចិត្ត​របស់​បៃ​ដិន ផ្ទុយ​ពី​ចំណាត់ការ​របស់​អតីត​ប្រធានាធិបតី​ត្រាំ ដែល​បាន​ដក​ទាហាន​អាម៉េរិក​ជិត​៧០០​ចេញពី​សូ​ម៉ាលី​