​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កាលពី​ថ្ងៃ​ចន្ទ​ទី​១៦​ឧសភា ប្រធានាធិបតី​តួ​ក​គី​បានធ្វើឱ្យ​ស្មុគស្មាញ​ដល់​ការប្រឹងប្រែង​ជា​ប្រវត្តិសាស្ត្រ​របស់​ស៊ុយអែត និង​ហ្វាំង​ឡ​ង់​ដើម្បី​ចូលរួម​ជាមួយ​អង្គការ​ណា​តូ ដោយ​និយាយថា គាត់​មិនអាច​អនុញ្ញាតឱ្យ​ពួកគេ​ក្លាយ​ជា​សមាជិក​នៃ​សម្ពន្ធ​យោធា​នេះ​ទេ ដោយសារ​តែ​ភាព​អសកម្ម​របស់​ពួកគេ​ប្រឆាំងនឹង​ពួក​សកម្មប្រយុទ្ធ​ឃឺ​ដ​និរទេស​ខ្លួន​។​

​ប្រធានាធិបតី​លោក រី​ស៊ី​ប ថា​យ​យី​ប អឺ​ដូ​ហ្គាន (Recep Tayyip Erdogan) បាន​បញ្ជាក់​ឡើងវិញ​អំពី​ការលើកឡើង​កាលពី​សប្តាហ៍​មុន ដោយ​បង្ហាញ​ថា ផ្លូវ​របស់​ប្រទេស​តំបន់ន័​រ​ឌី​ក (Nordic) ទាំង​ពីរ​ទៅ​កាន់​អង្គការ​ណា​តូ​នឹង​មិន​រលូន​ទេ​។ ប្រទេស​ទាំង ៣០ នៃ​អង្គការ​ណា​តូ​បច្ចុប្បន្ន​ត្រូវ​តែ​យល់ព្រម​បើកទ្វារ​សម្រាប់​សមាជិក​ថ្មី​។​

​លោក​អឺ​ដូ​ហ្គាន​បាន​និយាយ​ទៅកាន់​អ្នក​សារព័ត៌មាន​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ស៊ុយអែត​បាន​ចូលរួម​ជាមួយ​ហ្វាំង​ឡ​ង់​ក្នុង​ការប្រកាស​ថា​ខ្លួន​នឹង​ស្វែងរក​សមាជិកភាព​របស់​អង្គការ​ណាតូ​បន្ទាប់​ពី​ការលុកលុយ​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែន​ដោយ​បញ្ចប់​ការ​មិន​ចូល​បក្សសម្ពន្ធ​យោធា​ជាង​២០០ ឆ្នាំ​។ លោក​បាន​ចោទ​ប្រទេស​ទាំងពីរ​ថា​បាន​បដិសេធ​មិន​ព្រម​ធ្វើ​បត្យាប័ន “​ភេរ​វករ​” ដែល​ប្រទេស​លោក​ច​ចាប់​​ខ្លួន​។​

​លោក​អឺ​ដូ​ហ្គាន​និយាយថា “​ប្រទេស​ទាំង​ពីរ​មិន​មាន​ជំហរ​បើក​ចំហ​និង​ច្បាស់លាស់​ប្រឆាំងនឹង​អង្គការ​ភេរវកម្ម​នោះទេ​” ដែល​ទំនង​សំដៅលើ​ក្រុម​សកម្មប្រយុទ្ធ​ឃឺ​ដ ដូចជា គណបក្ស​ពលករ​ឃឺ​ដ ដែល​ត្រូវបាន​ហាមឃាត់ ឬ បក្ស PKK ។​

​ក្រុមមន្ត្រី​ស៊ុយអែត​បាន​និយាយថា ពួកគេ​នឹង​បញ្ជូន​អ្នកការទូត​មួយ​ក្រុម​ទៅ​កាន់​ទីក្រុង​អង់កា​រ៉ា​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នេះ ប៉ុន្តែ​លោក​អឺ​ដូ​ហ្គាន​បាន​លើកឡើង​ថា ពួកគេ​មិន​បាច់​ខ្ជះខ្ជាយ​ពេលវេលា​ទេ​។​

​លោក​អឺ​ដូ​ហ្គាន​បាន​និយាយថា “​ពួកគេ​មក​ទីនេះ​ដើម្បី​ព្យាយាម​បញ្ចុះបញ្ចូល​យើង​? សុំទោស​កុំ​ខ្ជះខ្ជាយ​ពេល​របស់​អ្នក​អី​។​ក្នុងអំឡុងពេល​ដំណើរការ​នេះ​យើង​មិន​អាច​និយាយ​យល់ព្រម​ចំពោះ​អ្នក​ដែល​​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​តួ​ក​គី ក្នុង​ការចូលរួម​ជា​មួយ​ណា​តូ ដែលជា​អង្គការ​សន្តិសុខ​នោះទេ​”៕

​ប្រធានាធិបតី​លោក រី​ស៊ី​ប ថា​យ​យី​ប អឺ​ដូ​ហ្គាន