ដោយៈ​សុវណ្ណ​កុម្ភៈ​/​ភ្នំពេញៈ​ ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើ​ប្រភេទ​កីឡា​កង់​ភ្នំ ដែល​ប្រកួត​កាលពី​ថ្ងៃទី​១៦ ខែឧសភា កីឡាករ​កម្ពុជា​ធ្វើបាន​ល្អ​ហួស​ពី​ការ​គិតទុក​។ ម្សិលមិញ​នេះ​ប្រភេទ​កង់​ភ្នំ​បុរស (XCO Men) បានចាប់ផ្ដើម​ប្រ​ត​លើ​វិញ្ញាសា Mountain Bike Cross-Country Olympic ។​

​ការប្រកួត​នេះ​កម្ពុ​ជាមាន​កីឡា​ករបី​រូប​ចូលរួម​ប្រកួត​ហើយ​បញ្ចប់​ទៅដោយ​កីឡាករ ឆាន់ ឆៃ​ហ្វុ​ង ឈរ​នៅ​លេខ​រៀង​ទី​៥, កីឡាករ ហួត លយ​រស្មី លេខ​រៀង​ទី​៦ និង​កីឡាករ សាំង សីហា លេខ​រៀង​ទី​៩​។ក្រោយ​ចប់​ការប្រកួត គ្រូ​ជំនួយ​ជម្រើសជាតិ​ទោចក្រយាន លោក ផេង ប៉ូ​លីន បាន​សម្ដែង​ក្ដី​រីករាយ​ក្រោយ កីឡាករ​របស់ខ្លួន​ធ្វើ​បានល្អ​លើសពី​ការគិត​ទុក​។​

​លោក ផេង ប៉ូ​លីន បាន​និយាយ​នៅក្រោយ​ចប់​ប្រកួត ថា សម្រាប់​ការប្រកួត​នៅថ្ងៃនេះ​លោក​មាន​ទឹកចិត្ត​ក្នុងការ​ដឹកនាំ​ដល់​ក្រុម​កីឡាករ​កីឡាការិនី​តាំងពី​ស្រុក​ខ្មែរ​ដោយសារ​ការ​ហ្វឹកហាត់​របស់គាត់​។ មកដល់​កន្លែង​នេះ​យើង​ឃើញ​សមត្ថភាព​របស់គាត់​មានការ​រីកចម្រើន​ច្រើន​ហើយ​នៅក្នុង​លក្ខខណ្ឌ​ប្រកួតប្រជែង​ក្នុង​លំដាប់​ក្រុម​ដែល​ដណ្ដើម​មេដាយ​មិនមែន​ប្រកួតប្រជែង​ក្នុង​ក្រុម​ដែល​ជម្រុះ​ចេញ​នោះទេ​។​​ទោះបី​យើង​មិនបាន​ជាប់​ចំណាត់ថ្នាក់​ដែល​មិនបាន​ដល់​មេដាយ​ក៏ដោយ​តែ​ក្នុង​ចំណាត់ថ្នាក់​មួយ​ក្នុងចំណោម​កីឡាករ​ដែល​ដាច់ចេញពី​ក្រុម​ដែល​ធ្លាក់​គឺ​ឆ្ងាយ​មែនទែន​បានន័យថា​យើង​នៅក្នុង​ចំណោម​កីឡាករ​កំពូល​ខ្លាំងៗ​មកពី​ប្រទេស​ផ្សេងៗ​។​

លោក​បាន​បន្តថា​យើង​រីករាយ​ជាមួយនឹង​សមត្ថភាព​របស់​អត្ថ​ព​លិ​ក​យើង​ដែលមាន​ការរីកចម្រើន​ដោយ​អាច​មើលឃើញ​ផ្លូវ​ដែល​ឈ្នះ​សម្រាប់​កីឡាករ​ទៅ​ថ្ងៃ​អនាគត​បន្តទៀត​។​

​ប្រសិនបើ​និយាយ​ពី​ផ្លូវ គឺ​វា​ខុសពី​អ្វីដែល​យើង​រំពឹងទុក ដែល​សឹងតែ​គុណ​នឹង​៣, គុណ​នឹង​៤ នៅក្នុង​ការហ្វឹកហាត់ ហើយ​យើង​ខំប្រឹង​ជំនះ​ទាំងអស់​ហើយ​ដល់​យើង​នាំមុខគេ​រហូតដល់ ១​នាទី​ឯណោះ ប៉ុន្តែ​ចុងក្រោយ​មកដល់​ជុំ​ទី​២ បាន​២​ជុំ​កន្លះ​យើង​មាន​បញ្ហា​សាច់ដុំ​ដោយសារ​ការដែល​យើង​ឡើង​ក្នុង​រយៈពេល​យូរ​អត់​ដូច​គេ​ប៉ុន្តែ​កម្រិត​ល្បឿន​និង​កំហាប់​កម្លាំង​ជើង​គឺ​យើង​លើស​ស្មើនឹង​ជើង​ខ្លាំង​ទាំងអស់​នៅក្នុង​អាស៊ាន​។

​នេះ​ជា​អ្វីដែល​យើង​ពេញ​ចិត្តនឹង​ការបង្ហាញ​ទម្រង់​ប្រកួត​​របស់គាត់​ហើយ​ចំនុច​ហ្នឹង​យើង​អត់​ចាត់ទុកថា​នេះ​ជាការ​ចាញ់​ទេ​តែ​វា​ជា​អ្វីដែល​យើង​កំពុង​តែមាន​អ្វីមួយ​ដែល​ស្មាន​មិន​ដល់​ដើម្បី​យើង​សិក្សា​ពី​វា​ដើម្បី​អាចឱ្យ​គាត់​រត់​បាន​ច្រើន​នឹង​ការឡើង​ជាង​មុន ៕​