​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កងវរសេនាធំ ដែល​បាន​ការពារ​រោងចក្រ​ដែក​ក្នុងនាម​ជា​បន្ទាយ​ចុងក្រោយ​របស់​អ៊ុយ​ក្រែន​នៅ​ទីក្រុង​កំពង់ផែ​ម៉ា​រី​វ​ប៉ូល បានប្រកាសថា​បេសកកម្ម​របស់​ខ្លួន​បាន​​បំពេញ​រួចរាល់​កាលពី​ថ្ងៃ​ចន្ទ​ទី​១៦​ឧសភា បន្ទាប់​ពី​អ្នក​ប្រយុទ្ធ​ជាង ២៦០ នាក់​រួមទាំង​អ្នក​រងរបួស​ធ្ងន់ធ្ងរ​ត្រូវបាន​ជម្លៀស និង​នាំ​ទៅកាន់​តំបន់​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រុស្ស៊ី​។​

​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​និយាយថា​ការជម្លៀស​ទៅកាន់​ទឹកដី​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ផ្តាច់ខ្លួន​ត្រូវបាន​ធ្វើឡើង​ដើម្បី​ជួយសង្គ្រោះ​ជីវិត​របស់​យុទ្ធជន​ដែល​បាន​ស៊ូទ្រាំ​នឹង​​ការវាយលុក​របស់​រុស្ស៊ី​ជាច្រើន​សប្តាហ៍​នៅ​ក្នុង​ផ្លូវ​ក្រោម​ដី​នៅ​ក្រោម​រោងចក្រ​ដែក​អា​ហ្សូ​វស្តា​ល់​( Azovstal) “​។ លោក​បាន​និយាយថា “​អ្នករងរបួស​ធ្ងន់​” កំពុង​ទទួលបាន​ជំនួយ​ផ្នែក​វេជ្ជសាស្ដ្រ​។​

​ទាហាន​អ៊ុយ​ក្រែន​ដែល​ត្រូវបាន​ជម្លៀសចេញ​ក្រោម​ការសម្របសម្រួល​របស់​សហប្រជាជាតិ​និ​ង​ការអនុញ្ញាត​ពី​រុស្ស៊ី ត្រូវបាន​សែង​ចូល​រថយន្តក្រុង​

​លោក​បាន​និយាយថា “​អ៊ុយ​ក្រែន​ត្រូវការ​វីរបុរ​សអ៊ុយ​ក្រែ​ន​នៅ​រស់រាន​មានជីវិត​។ វា​ជា​គោលការណ៍​របស់​យើង​”​។ អ្នក​ប្រយុទ្ធ​មិនដឹង​ចំនួន​ពិតប្រាកដ​បាន​បន្ត​នៅ​ពីក្រោយ​ដើម្បី​រង់ចាំ​កិច្ចប្រឹងប្រែង​ជួយសង្គ្រោះ​ផ្សេងទៀត​។​

​អ្នកការពារ​រោងចក្រ​ដែក​បាន​ចេញ​មក​ខាងក្រៅ​ខណៈ​ទីក្រុង​មូ​ស្គូ​បាន​ទទួលរង​នូវ​ឧបសគ្គ​ការទូត​មួយ​ផ្សេង​ទៀត​នៅក្នុង​សង្គ្រាម​របស់ខ្លួន​ជាមួយ​អ៊ុយ​ក្រែន​ដោយ​ស៊ុយអែត​បាន​ចូលរួម​ជាមួយ​ហ្វាំង​ឡ​ង់​​ក្នុង​ការសម្រេចចិត្ត​ស្វែងរក​សមាជិកភាព​ណា​តូ​។ ហើយ​អ៊ុយ​ក្រែន​បាន​មាន​ប្រៀប​ឈ្នះ​ជា​និមិត្តរូប​នៅពេល​ដែល​កងកម្លាំងរ​បស់​ខ្លួន​បាន​រុញច្រាន​កងទ័ព​រុស្ស៊ី​ត្រឡប់​ទៅ​ព្រំដែន​រុស្ស៊ី​វិញ​ក្នុង​តំបន់​ខា​គី​វ​។​

​ទោះយ៉ាងណា កងកម្លាំង​រុស្ស៊ី​បាន​បាញ់​ផ្លោង​លើ​គោលដៅ​ជា​ច្រើន​នៅ​តំបន់​បេះដូង​ឧស្សាហកម្ម​នៅ​ភាគ​ខាងកើត​អ៊ុ​យក្រែន ដែល​គេ​ស្គាល់​ថា​ដុន​បាស​ហើយ​ចំនួន​អ្នកស្លាប់​ដែលមាន​ច្រើន​ពាន់​នាក់​​រួច​ហើយ​នោះ​កំពុង​បន្ត​កើនឡើង ខណៈ​សង្គ្រាម​នឹង​ឈាន​ចូល​ដល់​សប្តាហ៍​ទី ១២ នៅ​ថ្ងៃ​ពុធ​ទី​១៨​ឧសភា​។​

​អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អ៊ុយ​ក្រែន​លោកស្រី ហាន​ណា ម៉ាលី​យ៉ា (Hanna Maliar) បាន​និយាយថា អ្នក​ប្រយុទ្ធ​ដែល​រងរបួស​ធ្ងន់ធ្ងរ​ចំនួន ៥៣ នាក់​ត្រូវបាន​បញ្ជូន​ពី​រោងចក្រ Azovstal ទៅកាន់​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​ណូវ៉ូ​អា​ហ្សូ​វ​ស៍ (Novoazovsk) ភាគ​ខាងកើត​នៃ​ទីក្រុង​ម៉ា​រី​វ​ប៉ូល​។ អ្នក​ប្រយុទ្ធ ២១១ នាក់​ថែមទៀត​ត្រូវបាន​ជម្លៀស​ទៅ​កាន់​ទីក្រុង​អូ​ឡេ​នីវ​កា (Olenivka) តាមរយៈ​ច្រករបៀង​មនុស្សធម៌​។​

​លោក​ស្រី​និយាយថា ការដោះដូរ​ឈ្លើយសឹក​នឹង​ត្រូវ​ធ្វើឡើង​សម្រាប់​ការវិលត្រឡប់​របស់​ពួកគេ​ទៅ​ផ្ទះ​វិញ​។ ក្រុម​មន្ត្រី​ក៏​មាន​គម្រោង​បន្ត​ព្យាយាម​ជួយសង្គ្រោះ​យុទ្ធជន​ដែល​នៅ​ជាប់​ក្នុង​រោងចក្រ​ដែក​ផងដែរ​។

​លោក​ហ្សេ​លេន​ស្គី​បាន​និយាយថា “​ការងារ​ដើម្បី​នាំ​ទាហាន​ទៅផ្ទះ​វិញ​នៅតែ​បន្ត ហើយ​វា​ទាមទារ​ភាព​ហ្មត់ចត់​និង​ពេលវេលា​”៕

​ទាហាន​អ៊ុយ​ក្រែន​សែង​ក្តារម​ឈូស​ទាហាន​ឈ្មោះ វ៉ូ​ឡូ​ឌី​មៀ ឡូ​សេវ អាយុ​៣៨​ឆ្នាំ​នៅ​ទីក្រុង​ហ្សូ​យ៉ា​ទ្រូ​ដា​កាលពី​ថ្ងៃទី​១៦​ឧសភា​ឆ្នាំ​២០២២