ដោយ៖ ដេប៉ូ / ភ្នំពេញ៖ បន្ទាប់ពីការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ និងពិសេស ក៏ដូចជា អាចទប់ស្កាត់នូវជំងឺកូវីដ១៩ ទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់ ដូចនាពេលនេះ ប្រធានសមាគម សហព័ន្ធវេជ្ជសាស្ត្រឱសថសាស្ត្រ និងទន្តសាស្ត្រកម្ពុជា និងជាប្រធាន សមាគមអ្នកលក់ឱសថកម្ពុជា បង្ហាញការគាំទ្រដល់ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលកម្ពុជា។

គួរបញ្ជាក់ថា ការបង្ហាញការគាំទ្រ និងការកោតសរសើរ ពីភាពជោគជ័យ ដែលប្រទេស ជាច្រើន មិនទាន់អាចធ្វើបាននៅឡើយនេះ ធ្វើឡើងដោយលោកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវេជ្ជសាស្ត្រឱសថសាស្ត្រ និងទន្តសាស្ត្រកម្ពុជា និងជាប្រធានសមាគមអ្នកលក់ឱសថកម្ពុជា ក្នុងពិធីប្រគល់វិញ្ញាបនបត្រមូលដ្ឋាន សម្រាប់អ្នកលក់ឱសថ នៅតាមឱសថស្ថាន ដែលជាសមាជិក-សមាជិកា សមាគមអ្នកលក់ឱសថកម្ពុជា ប្រមាណ ៥០០ នាក់ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២។

លោក ឡី សុភាព បានថ្លែងបញ្ជាក់បន្ថែមថាៈ ” គោលនយោបាយរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខ និងក្រសួងសុខាភិបាល ដែលមានលោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ជាអ្នកដឹកនាំ បានធ្វើឱ្យវិស័យសុខាភិបាល នៅកម្ពុជា មានការីកចំរើន ជាលំដាប់។ ការរីកចំរើន នៃវិស័យសុខាភិបាលនេះ ត្រូវបានបង្ហាញយ៉ាងច្បាស់ នៅពេលប្រទេសកម្ពុជាទាំងមូល ទទួលរងនូវរលកបោកបក់ នៃជំងឺសាកលកូវីដ១៩ ជាង ២ ឆ្នាំមកនេះ។ ប៉ុន្តែកម្ពុជា អាចទប់ទល់បាន តាមរយៈភាពច្បាស់លាស់ និងសុភវិនិច្ឆ័យត្រឹមត្រូវ ដែលដាក់ចេញដោយ ប្រមុខរាជរដ្ឋាភិបាល គឺនយោបាយចាក់ ស្រោចវ៉ាកសាំង ជូនដល់ប្រជាពលរដ្ឋ ទូទាំងប្រទេស ដែលមកដល់ពេលនេះ អត្រានៃការឆ្លងថ្មី ត្រូវបានរកឃើញ សូន្យករណី ជាង ១ សប្តាហ៍ជាប់គ្នា ខណៈអ្នកជំងឺសំរាក នៅមន្ទីរពេទ្យ នៅសល់តែជាង ១០ នាក់ប៉ុណ្ណោះ”។

ពាក់ព័ន្ធនឹងវិញ្ញាបនបត្រ ដែលសមាជិក សមាជិកា សមាគម ទទួលបាននេះដែរ លោក ឡី សុភាព បានប្រកាសថាៈ វិញ្ញាបនបត្រនេះ គឺសាមីខ្លួនអាចយកទៅ ប្រើប្រាស់បាន ទាំង សំរាប់ថ្នាក់ជាតិ និងអន្តរជាតិ ចាប់ពីពេលនេះតទៅ។ ដោយវិញ្ញាបនបត្រ ១ សន្លឹកនេះ ជាវិញ្ញាបនបត្រ បញ្ជាក់ពីការឆ្លងកាត់ ការបណ្តុះបណ្តាល និងជំនាញវិជ្ជាជីវៈត្រឹមត្រូវ ពាក់ព័ន្ធទៅនឹងការថែទាំ ការទុកដាក់ និងការគ្របគ្រងឱសថបានត្រឹមត្រូវ ហើយត្រូវបាន ទទួលស្គាល់ និងគាំទ្រ ដោយរាជរដ្ឋាភិបាល ដែលមានក្រសួងសុខាភិបាល គណអភិបាលរាជធានីខេត្ត និងមន្ទីរសុខាភិបាល រាជធានី ខេត្ត ជាសេនាធិការ៕/V-PC