​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​អង្គារ​ទី​១៧​ឧសភា បាន​រាយការណ៍​កំណើន​ដ៏​ធំ​នៃ​ការ​កើត​ជំងឺ​ក្តៅខ្លួន​ដែល​គេ​ជឿ​ថាកូ​វីដ​១៩ ចំ​ពេល​មាន​ការឆ្លង​រាលដាល​ដ៏​ធំ​ក្នុងចំណោម​​ប្រជាជន​កូរ៉េ​ខាងជើង​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​ការពារ​។​

​សារព័ត៌មាន​រដ្ឋ​បាន​និយាយថា ទីបញ្ជាការ​ប្រឆាំង​វីរុស​របស់​កូរ៉េ​ខាងជើង​បាន​រាយការណ៍​មនុស្ស​២៦៩.៥១០​នាក់​ទៀត​បាន​កើត​ជំងឺ​ក្តៅខ្លួន​និង​ប្រាំមួយ​នាក់​បាន​ស្លាប់​។​ចំនួន​នេះ​នាំ​អោយ​ចំនួន​អ្នក​​ស្លាប់​ពី​រោគសញ្ញា​កូវី​ដ​១៩​កើន​ដល់​៥៦​នាក់ និង​ជាង​១,៤៨​លាន​នាក់​បាន​កើត​ជំងឺ​ក្តៅខ្លួន​ចាប់តាំងពី​ចុង​ខែ​មេសា​មក​។​

​សូមបញ្ជាក់​ថា កូរ៉េខាងជើង​ខ្វះ​គ្រឿង​បរិក្ខា​សំរាប់ធ្វើ​តេ​ស្តិ៍​រក​កូ​វីដ​១៩​ជា​ទ្រង់ទ្រាយ​ធំៗ ដូច្នេះហើយ​បានជា​កន្លងមក​មិន​បាន​បញ្ជាក់​ថា​តើ​មនុស្ស​ប៉ុន្មាន​នាក់​បាន​ឆ្លងកូវី​ដ​១៩​។​ចម្លើយ​តប​របស់​កូរ៉េ​ខាង​​ជើង​ភាគច្រើន​ដាក់​អ្នកជំងឺ​នៅ​ជំរំ​ចត្តា​ឡី​ស័ក និង​គិត​ត្រឹម​ថ្ងៃ​អង្គារ​មនុស្ស​យ៉ាង​តិច​៦៦៣.៩១០​នាក់​កំពុង​ស្ថិតនៅ​កន្លែង​ចត្តា​ឡី​ស័ក​។​

​បន្ថែម​លើ​ការ​ខ្វះវ៉ាក់សាំង​សំរាប់​ប្រជាពលរដ្ឋ​២៦​លាន​នាក់​របស់​ខ្លួន កូរ៉េ​ខាងជើង​ក៏​កំពុង​តស៊ូ​នឹង​ការ​ខ្វះ​ស្បៀង​និង​ស្ថានភាព​ក្រីក្រ​ដទៃទៀត រួម​ទាំង​ខ្វះ​គ្រឿង​បរិក្ខា​សុខាភិបាល ថ្នាំនិង​បន្ទប់​មើលថែ​​អ្នកជំងឺ​ធ្ងន់ធ្ងរ ។​

​អ្នកជំនាញការ​ខ្លះ​សង្ស័យថា កូរ៉េខាងជើង​រាយការណ៍​ទាប​អំពី​ការស្លាប់​ដោយ​ជំងឺ​សង្ស័យ​ជា​កូវីដ​១៩ ដើម្បី​កុំអោយ​ដាក់​សម្ពាធ​លើ​មេដឹកនាំ​គីម ជុង​អ៊ុន​ខ្លាំងពេក ក្រោយ​ដឹកនាំ​វ័យក្មេងរូបនេះ​ឆ្លងកាត់​គ្រា​​លំបាក​បំផុត​ក្នុងអំឡុងពេល​កាន់​អំណាច​មួយ​ទសវត្សរ៍​កន្លងមក​។​

​ចំនួន​មនុស្ស​ស្លាប់​ដោយ​ជំងឺ​ក្តៅខ្លួន​នៅ​កូរ៉េ​ខាងជើង​អាច​នឹង​កើនឡើង​នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខ ។​

​និយោជិត​ឳ​សថ​ស្ថាន​មួយ​នៅ​ក្រុង​ព្យុងយ៉ាង​ផ្តល់​ថ្នាំ​ដល់​អតិថិជន​កាលពី​ថ្ងៃ​ចន្ទ​

ទីក្រុងព្យុងយ៉ាងស្ងាត់ក្រោយការរឹតបន្តឹងការធ្វើដំណើរ

​កូរ៉េ​ខាងជើង​បាន​ទទួល​ស្គាល់​ការកើតមាន​ជំងឺ​កូវី​ដ​១៩​ជា​លើកដំបូង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ដោយ​បញ្ចប់​ការអះអាង​ថា​គ្មាន​ការកើត​ជំងឺឆ្លង​នេះ​អស់​ពេល​ពីរ​ឆ្នាំ​។​ដោយ​ពណ៌នា​ការផ្ទុះ​ជំងឺ​នេះ​​ថា​ជា​«​មហា​ចលាចល​»​មួយ មេដឹកនាំ​គីម ជុង​អ៊ុន បាន​ដាក់ចេញ​វិធានការ​បង្ការ រួម​មាន​ការ​រឹតត្បិត​ការធ្វើដំណើរ និង​ចត្តា​ឡី​ស័ក​។​ទោះជា​យ៉ាងណា​លោក​ក៏​សង្កត់ធ្ងន់​លើ​ការសំរេច​គោលដៅ​សេដ្ឋកិច្ច​​ដែល​វា​បញ្ជាក់​ថា មនុស្ស​ក្នុង​ចំនួន​ច្រើនៗ​នៅ​ផ្តុំគ្នា​ធ្វើការ​តាម​សហករណ៍ ការដ្ឋាន​សំណង់​និង​រោងចក្រ​នៅឡើយ​។​

​ទីភ្នាក់ងារ​កណ្តាល​កូរ៉េ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា យោធា​បាន​បញ្ជូន​ក្រុម​វេជ្ជសាស្ត្រ​របស់ខ្លួន​ទៅ​ជួយ​ដឹកជញ្ជូន​ថ្នាំពេទ្យ​នៅ​ក្រុង​ព្យុង​យ៉ាង ដើម្បី​ជួយ​ដោះស្រាយ​វិបត្តិ​ផ្ទុះ​វីរុស តែគេមិនដឹងថាតើ​ថ្នាំ​ប្រភេទ​ណា​ដែល​ត្រូវ​​ផ្តល់​អោយ​អ្នកជំងឺ៕

​យោធា​កូរ៉េខាងជើង​បញ្ជូន​ក្រុម​វេជ្ជសាស្ត្រ​ទៅ​ជួយ​បញ្ជូន​ថ្នាំពេទ្យ​ទៅ​កាន់​អ្នកជំងឺ​នៅ​ក្រុង​ព្យុងយ៉ាង​

​ន​យោ​ជិត​ក្រុមហ៊ុន​ផ្គត់ផ្គង់​មួយ​លើកដាក់​បន្លែ​ទៅអោយ​ក្រុមគ្រួសារ​ដែល​ជាប់​ធ្វើ​ចត្តា​ឡី​ស័ក​