ដោយៈ បាយ័ន / សៀមរាបៈ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីគម្រោងកែលម្អ ស្ទឹងសៀមរាប ជំហានទី២ (KHM-18) ក្រោមឥណទានសម្បទានរបស់ ធនគារអាហរ័ណ នីហរ័ណ​សាធារណរដ្ឋកូរ៉េ ដោយផ្តោតលើការស្តារស្ទឹងសៀមរាប ដើម្បីបញ្ចៀសទឹកលិច ក្រុងសៀមរាប នារដូវវស្សា។

មន្ត្រីសាលាខេត្តសៀមរាប​បាននិយាយឱ្យដឹង នៅព្រឹកថ្ងៃទី១៧ ខែឧសភា នេះថាៈ គម្រោងកែលម្អស្ទឹងសៀមរាប ជំហានទី២ (KHM-18) នេះ គឺចាប់ពីចំណុចស្ពាន វាងក្រុង ទៅដល់ភូមិអារញ្ញ ប្រវែង ៥ គីឡូម៉ែត្រ បន្តពីគម្រោងសាងសង់ប្រព័ន្ធលូ ចម្រោះទឹកកខ្វក់ និងស្តារស្ទឹងសៀមរាប ជំហានទី១ (KHM-7)។

ការដឹកនាំប្រជុំនេះដែរ មានលោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមានចូលរូមពីភាគីកូរ៉េ គណៈអភិបាលខេត្ត រដ្ឋបាលក្រុង តំណាងអាជ្ញាធរជាតិអប្សរា និងមន្ទីរអង្គភាពពាក់ព័ន្ធនានាជុំវិញខេត្ត ៕/V-PC