ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ នាល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២នេះ នៅវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានរៀបចំពិធីបិទវគ្គ បណ្តុះបណ្តាលមូលដ្ឋាន ដែលបានដំណេីរការ អស់រយៈពេល ១ថ្ងៃ ជូនដល់ទីប្រឹក្សា យុវជន យុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្ស ចំនួន១០០នាក់ (ស្រី ៦៥ នាក់) ក្រោមអធិបតីភាព លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិ សាខាកាកបាទក្រហម កម្ពុជា រាជធានីភ្នំពេញ ។

នាឱកាសបិទវគ្គនោះ ក្នុងនាមលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន បានពាំនាំមកនូវ ការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកគ្រូ អ្នកគ្រូទីប្រឹក្សា ក្មួយៗយុវជន និងសិស្សានុសិស្សទាំងអស់ ដែលបានចំណាយពេលវេលា ពេញ១ថ្ងៃ ខិតខំត្រង់ត្រាប់ ស្តាប់ការបង្ហាត់បង្ហាញ ពីគ្រូឧទ្ទេសនាម រហូតទទួលបានលទ្ធផល គួរជាទីមោទនៈ ។
លោកបានលើកឡើងថាៈ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន ការជ្រើសរើសយុវជនកាកបាទក្រហម គឺមិនត្រូវគិតពីបរិមាណប៉ុណ្ណោះទេ គឺត្រូវគិតពីគុណភាពផងដែរ ហើយការជ្រើសរើសទៀតសោត ត្រូវជ្រើសរើសយុវជន ដែលមានអាយុ ចាប់ពី១៥ឆ្នាំឡើង ចេះស្តាប់ដំបូន្មានឪពុកម្តាយ លោកគ្រូអ្នកគ្រូ ដោយប្រកាន់ខ្ជាប់ជានិច្ច នូវវិន័យ ក្រមសីលធម៌ គុណធម៌ ចេះជួយធុរៈមិត្តភក្តិ ជនទីទ័លក្រ ចាស់ជរា ក៏ដូចជា ចូលរួមក្នុងសកម្មភាពសង្គម មានដូចជា ការដាំដើមឈើ ផ្សព្វផ្សាយវិជ្ជាសង្គ្រោះបឋម ការអប់រំច្បាប់ចរាចរណ៍ និងអប់រំពីគ្រោះថ្នាក់ នៃគ្រឿងញៀន ជាដើម។

មុននឹងប្រកាសបិទវគ្គ លោកនាយកប្រតិបត្តិសាខា សង្ឃឹមនិងជឿជាក់ថាៈ បន្ទាប់ពីឆ្លងកាត់ វគ្គបណ្តុះបណ្តាលនេះហេីយ ក្មួយៗ នឹងក្លាយជាយុវជនកាកបាទក្រហម កម្ពុជា ពេញលក្ខណៈ ក្នុងការដេីរតួជាយុវជនគំរូ ឈានមុខ ទាំងការងារជួយសង្គ្រោះ ការងារផ្សព្វផ្សាយបន្ត និងការងារមិត្តអប់រំមិត្ត សំដៅរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិយើង ឱ្យកាន់តែរីកចម្រើនថែមទៀត ។

សម្រាប់មេរៀន ដែលបានលេីកយកមកបង្ហាត់បង្ហាញ រួមមានៈ ១.ប្រវត្តិចលនាបដិរូប គោលការណ៍គ្រឹះទាំង៧ និងកាកបាទ ក្រហមកម្ពុជា។ ២.គ្រោះមហន្តរាយនិងការគ្រប់គ្រង គ្រោះមហន្ត រាយ។ ៣.សុវត្ថិភាពចរាចរណ៍ផ្លូវគោក ។ ៤.តួនាទី និងភារកិច្ចទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា។ ៥.វិជ្ជាសង្គ្រោះបឋម៕/V-PC