​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ តម្លៃ​ស្រូវ​សាលី​បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់​ថ្មី​មួយ​នៅក្នុង​ការជួញដូរ​នៅ​អឺរ៉ុប​កាលពី​ថ្ងៃ​ចន្ទ​ទី​១៦​ឧសភា​បន្ទាប់​ពី​ឥណ្ឌា​បាន​សម្រេចចិត្ត​ហាមឃាត់​​ការនាំ​ចេញ​ទំនិញ​មួយ​នេះ​ដោយសារ​តែ​រលក​កម្តៅ​បាន​វាយប្រហារ​លើ​ផលិតកម្ម​។​

​តម្លៃ​បាន​កើនឡើង​ដល់ ៤៣៨,២៥ អឺរ៉ូ (៤៥៦,៦៨ ដុល្លារ​) ក្នុង​មួយ​តោន​នៅពេលដែល​ទីផ្សារ Euronext បាន​បិទ​ការជួញដូរ ដោយ​បំបែក​កំណត់ត្រា​បិទ​ការជួញដូរ​ពីមុន ៤២២,៤០ អឺរ៉ូ​កាលពី​ថ្ងៃទី ៧ ខែ​មីនា នេះ​បើ​យោង​តាម​ពាណិជ្ជករ​ឈ្មោះ ដា​មៀន វើ​ខាំ​ប្រេ (Damien Vercambre) នៅ​ក្រុមហ៊ុន​ឈ្មួញកណ្តាល​គ្រាប់​ធញ្ញជាតិ Inter-Courtage ។​

​មុន​នេះ​វា​បាន​បង្កើត​ឯតទគ្គ​កម្ម​តម្លៃ​បើក​ការជួញដូរ​ថ្លៃ​បំផុត​គឺ ៤៣៥ អឺរ៉ូ​។​

​នៅ​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ទីក្រុង​ឈី​កា​ហ្គោ ស្រូវ​សាលី​ត្រូវបាន​ជួញដូរ​ជិត​ប្រាំមួយ​ភាគរយ​ខ្ពស់​ជាង​មុន​នៅក្នុង​ការជួញដូរ​ពេល​ថ្ងៃត្រង់​នៅ​តម្លៃ ១២,៤៨ ដុល្លារ ក្នុង​មួយ​តៅ​។​

​តម្លៃ​ស្រូវ​សាលី​ពិភពលោក​បាន​កើនឡើង​៤០​ភាគរយ​ដោយសារ​ការព្រួយបារម្ភ​អំពី​ការផ្គត់ផ្គង់​ចាប់តាំងពី​ការឈ្លានពាន​កាលពី​ខែ​កុម្ភៈ​របស់​រុស្ស៊ី​ទៅលើ​មហាអំណាច​កសិកម្ម​អ៊ុ​យក្រែន ដែល​កាលពីមុន​រ៉ាប់រង​ចំនួន​១២​ភាគរយ​នៃ​ការនាំចេញ​ផលិតផល​កសិកម្ម​របស់​ពិភពលោក​។​

​ការកើនឡើង​តម្លៃ ដែល​ជំរុញ​ដោយ​កង្វះ​ជីរ​និង​ការប្រមូល​ផល​មិន​ល្អ បាន​ជំរុញ​ឱ្យមាន​អតិផរណា​នៅ​ទូទាំង​ពិភពលោក​និង​បង្កើន​ការព្រួយបារម្ភ​អំពី​ទុរ្ភិក្ស​និង​ចលាចល​សង្គម​នៅក្នុង​បណ្តា​ប្រ​​ទេស​ក្រីក្រ​។​

​ឥណ្ឌា ដែល​ជា​ប្រទេស​ផលិត​ស្រូវ​សាលី​ធំជាងគេ​ទី​ពីរ​របស់​ពិភពលោក បាន​និយាយ​កាលពី​ថ្ងៃ​សៅ​រ៍ថា ខ្លួន​កំពុង​ហាមឃាត់​ការនាំចេញ​បន្ទាប់​ពី​ខែ​មីនា​ដ៏​ក្តៅ​បំផុត​របស់​ខ្លួន​ក្នុង​កំណត់ត្រា​ដោយពាណិ​​ជ្ជ​ករនានា​ត្រូវការការ​យល់ព្រម​ពី​រដ្ឋាភិបាល​ភ្លាមៗ​ដើម្បី​ធ្វើ​កិច្ចព្រមព្រៀង​ថ្មី​។​

​រដ្ឋាភិបាល​ទីក្រុង​ញូវដែលី​បាន​និយាយថា ចំណាត់ការ​ហាមឃាត់​ការនាំ​ចេញ​នេះ​គឺ​ចាំបាច់​ដើម្បី​ការពារ​សន្តិសុខ​ស្បៀង​របស់​មនុស្ស ១,៤​ពាន់​លាន​នាក់​របស់​ខ្លួន​ក្នុងពេល​ប្រឈម​មុខ​នឹង​ការផលិត​​ទាប​និង​តម្លៃ​គ្រាប់​ធញ្ញជាតិ​សកល​កើនឡើង​កាន់តែ​ខ្ពស់​៕

​អាកាសធាតុ​ក្តៅ ៤៥ អង្សា​សេ​វាយប្រហារ​ផលិតកម្ម​ស្រូវ​សាលី​របស់​ឥណ្ឌា