​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ការស្រាវជ្រាវ​ថ្មី​បានបង្ហាញ​ថា សត្វ​ឆ្កែ​ហិត​ក្លិន ដែល​គេ​បង្ហាត់ អាច​កំណត់​អត្តសញ្ញាណ​យ៉ាង​ត្រឹមត្រូវ​នូវ​អ្នកដំណើរ​នៅ​អាកាសយានដ្ឋាន​ដែល​ឆ្លង​មេរោគ​កូរ៉ូណា​។​

​អ្នកវិទ្យាសាស្ត្រ​និយាយថា​វិធីសាស្ត្រ​នៃ​ការ​រក​មេរោគ​បែបនេះ​ទំនងជា​មាន​តម្លៃ​ជាពិសេស​មិន​ត្រឹម​តែ​នៅ​ដំណាក់កាល​ដំបូង​នៃ​ជំងឺ​រាតត្បាត​នៅពេល​ដែល​ធនធាន​ផ្សេង​ទៀត​ប្រហែលជា​មិនទាន់មាន​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជួយ​ទប់ស្កាត់​ជំងឺ​រាតត្បាត​ដែល​កំពុង​កើតមាន​ផងដែរ​។​

​ពួកគេ​បន្ថែម​ថា​ការ​រក​ឃើញ​របស់​ពួកគេ​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការបន្ត​ការហ្វឹកហាត់​ឆ្កែ​ឡើងវិញ នៅពេល​ដែល​មេរោគ​បំប្លែង​ថ្មី​លេចឡើង​។​

​ទិន្នន័យបឋម​បាន​លើកឡើង​ថា សត្វ​ឆ្កែ​អាច​ត្រូវ​បាន​បង្ហាត់​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ដើម្បី​រក​មើល​សំណាក​ពី​អ្នកជំងឺ​ដែល​ឆ្លងកូវី​ដ​១៩​ជាមួយនឹង​កម្រិត​នៃ​ភាពត្រឹមត្រូវ​អាច​ប្រៀបផ្ទឹម​បាន​ទៅ​នឹង​​ការ​ធ្វើតេស្តិ៍​ត្បារ​សំឡី​តាម​ច្រមុះ​និង​បំពង់ក​។​

​ប៉ុន្តែ​លទ្ធផល​ទាំងនេះ​ចាំបាច់​ត្រូវ​ធ្វើឡើង​ម្តងទៀត​នៅក្នុង​ស្ថានភាព​ជាក់ស្តែង ដូច្នេះ​អ្នក​ស្រាវជ្រាវ​បាន​បង្ហាត់​ឆ្កែ​ចំនួន​បួន​ក្បាល​ដើម្បី​ហិត​មេរោគ​កូរ៉ូ​ណា​នៅ​និទាឃ​រដូវ​ឆ្នាំ ២០២០ ដែល​កាលពីមុន​ពួក​​វា​ត្រូវ​បាន​បង្ហាត់​ឱ្យ​ហិត​រក​ថ្នាំញៀន​ឬ​ទំនិញ​គ្រោះថ្នាក់ ឬ​ជំងឺ​មហារីក​។​

​សុនខ​នីមួយៗ​បាន​ហិត​សំណាក​ស្បែក​ពី​មនុស្ស ១១៤ នាក់​ដែល​បាន​ធ្វើតេស្តិ៍​វិជ្ជមាន​វីរុស​កូរ៉ូណា និង​ពី​មនុស្ស ៣០៦ នាក់​ដែល​បាន​ធ្វើតេស្តិ៍​អវិជ្ជមាន​។​

​យោង​តាម​ការ​សិក្សា​ដែល​ដឹកនាំ​ដោយ​អ្នកជំនាញ​នៅ​សាកលវិទ្យាល័យ​ហែល​ស៊ីន​គី (Helsinki) ប្រទេស​ហ្វាំង​ឡ​ង់ ជាទូទៅ​សត្វ​ឆ្កែ​អាច​រកឃើញ​មេរោគ​កូរ៉ូណា​ជាមួយនឹង​ភាពត្រឹមត្រូវ ៩២ ភាគរយ​។​

​សត្វ​ឆ្កែ​ទាំង​បួន​ក្បាល​នេះ​ក៏​ត្រូវបាន​ដាក់​ឱ្យ​ហិតក្លិន​អ្នកដំណើរ​ដែល​ចូល​មក​ចំនួន ៣០៣ នាក់​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Helsinki-Vantaa នៅ​ចន្លោះ​ខែ​កញ្ញា ឆ្នាំ ២០២០ ដល់​ខែ​មេសា ឆ្នាំ ២០២១ ផងដែរ​។​

​សត្វ​ឆ្កែ​បាន​កំណត់​យ៉ាង​ត្រឹមត្រូវ​នូវ​សំណាក​អវិជ្ជមាន ២៩៦ ក្នុងចំណោម​សំណាក​អវិជ្ជមាន ៣០០ (៩៩%) ហើយ​បាន​កំណត់​ករណី​វិជ្ជមាន​ចំនួន​បី​ជា​ករណី​អវិជ្ជមាន​៕

​ឆ្កែ​អាច​ហិត​ដឹង​អ្នកដំណើរ​កើតកូ​វីដ​យ៉ាង​ត្រឹមត្រូវ​