ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ អធិករណ៍ក្នុងសង្គមស៊ីវិលក្រៅប្រព័ន្ធ នៅវត្តសាមគ្គីមានជ័យ អូរល្ហុង ភូមិអូរល្ហុង ឃុំទួលពង្រ ស្រុកម៉ាឡៃ បានកើតឡើងរ៉ាំរ៉ៃ ស្រួចស្រាល ហើយមកទល់ពេលនេះ មានដំណោះស្រាយ ជាកញ្ចប់មួយ ដើម្បីបញ្ចប់ ។
យោងតាមប្រកាសលេខ ១៤៣/១៩ របស់ក្រសួងធម្មការ និងសាសនា ស្ដីពីការរៀបចំជ្រើសរើស និងការប្រព្រឹត្តទៅរបស់ គណៈកម្មការទូទាំងប្រទេស ឲ្យមានគោលដៅ ការគោរពប្រតិបត្តិ វិស័យព្រះពុទ្ធសាសនា ដើម្បីធានានូវសន្តិសុខ ជាតិសាសន៍ តាមពុទ្ធបញ្ញត្តិ ដោយផ្អែកលើព្រះវិន័យ។ ម្យ៉ាងទៀត សេចក្ដីប្រកាសនេះ មានគោលបំណង ដើម្បីគ្រប់គ្រងថែរក្សាទ្រព្យសម្បត្តិ ពាក់ព័ន្ធនឹងថវិកា មកឲ្យមាន គណនេយ្យភាព តម្លាភាព និងប្រសិទ្ធភាពខ្ពស់។
ដោយឡែក នៅថ្ងៃ១៥ កើត ខែពិសាខ ឆ្នាំខាល ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ វិសាខបូជា និងជាថ្ងៃបុណ្យដ៏ធំ នៃព្រះពុទ្ធសាសនា និងបន្ទាប់នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ មន្ទីរធម្មការ និងសាសនាខេត្តបានសហការជាមួយព្រះមន្ត្រីសង្ឃខេត្ត បានធ្វេីពិធីប្រកាសសមាសភាព អាចារ្យ គណៈកម្មការនិង ទីប្រឹក្សា នាវត្តអូរល្ហុង ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ នៃខេត្តបន្ទាយមានជ័យ។
ព្រះឃោសរ័ត្ត យី យ៉ុន ព្រះគ្រូចៅអធិការវត្តសាមគ្គីមានជ័យ បានមានសង្ឃដីកាថា: ពិធីប្រកាសសុពលភាព និងប្រគល់សេចក្ដីសម្រេចតែងតាំ ងឧបាសក ឧបាសិកា និងទីប្រឹក្សា ជំនួយការ ព្រះចៅអធិការវត្ត នាថ្ងៃនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ជួយរម្ងាប់អធិករណ៍ នឹងអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួន ឲ្យទទួលបានលទ្ធផល ល្អប្រសើរ។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ក៏ដូចព្រះឧត្តមសីលញ្ញាណ ធុល សុធា ព្រះមេគណខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ នឹងសង្ឃដីកាថា: ដើម្បីឲ្យវត្តនីមួយៗ មានសុខសន្តិភាព ស្រុះស្រួល ធ្វើការដោយរលូន មិនច្រណែន មើលបំណាំ ឬរកាំរកូស ឈ្លោះទាស់ទែងគ្នា គឺតម្រូវឲ្យមានការសាមគ្គីភាព ជាចម្បង។ព្រោះថា សាមគ្គីភាព ជាចលករដ៏សំខាន់ មនុស្សនៃសហវិជ្ជមាន ពោលគឺ សន្តិភាព ចូលរួមទាំងអស់គ្នា។ និយាយបានថា ជាឫសកែវដ៏រឹងមាំ ជ្រោមជ្រែង និងជន្ទល់នៃ អហិង្សា សាមគ្គីភាពល្អ ដើរលើគន្លងវិថីទូលំទូលាយ សង្គមនោះបានទទួល បានឮ សាមគ្គីផល គាប់ប្រសើរតាមហ្នឹងដែរ។
លោក បៀវ ថាន បានបន្តទៀតថាៈ ” តួនាទីភារកិច្ចរបស់អាចារ្យ គណៈកម្មការវត្ត គឺជាជំនួយការឲ្យគណៈសង្ឃវត្ត។ មិនមែនបានតួនាទីហើយ មកធ្វើការគ្រប់គ្រង ដឹកនាំចាត់ចែង លើព្រះចៅអធិការវត្ត និងព្រះសង្ឃនោះឡើយ ” ៕/V