ដោយ:សុផល/ភ្នំពេញ:ក្រសួងសាធារណការនិងដឹកជញ្ជូនកាលពីថ្ងៃទី១៦ខែឧសភាឆ្នាំ២០២២នៅទីស្តីការក្រសួងបានរៀបចំកិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយរបាយការណ៍ផែនការមេនៃប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃរបស់វិទ្យាស្ថាន KRIHS ដោយមានការចូលរួមពីក្រុមជំនាញការកូរ៉េ ថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក និងភាគីពាក់ព័ន្ធ។
លោក គង់ សុផល អគ្គនាយករងនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា៖កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងបង្ហាញពីវឌ្ឍនភាពគម្រោងផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ និងគម្រោងសាកល្បងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ (ITS Pilot Project) លើផ្លូវជាតិលេខ៤ ដោយមានការចូលរួមធ្វើបទបង្ហាញពីអ្នកជំនាញរបស់ប្រទេសកូរ៉េអំពីគ្រោងឆ្អឹងរបស់ផែនការមេនិងគម្រោងសាកល្បង។
លោកអគ្គនាយករង បានបន្តថា៖ ផែនការមេនេះនឹងក្លាយជាឯកសារគតិយុត្តមួយយ៉ាងសំខាន់សម្រាប់ជួយដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាពង្រឹងសុវត្ថិភាពចរាចរណ៍ឱ្យកាន់តែមានភាពប្រសើរឡើង ផ្តល់ជម្រើសសម្បូរបែបសម្រាប់ធ្វើចល័តភាព និងគាំទ្រដល់គោលនយោបាយដឹកជញ្ជូនរបស់កម្ពុជា។ ដើម្បីឱ្យផែនការមេនេះមានប្រសិទ្ធភាព គម្រោងសាកល្បង (ITS Pilot Project)មួយត្រូវបានស្នើឡើងដើម្បីអនុវត្ត។
ទន្ទឹមជាមួយគ្នានេះដែរ អ្នកជំនាញកូរ៉េបានបង្កើតកម្មវិធីទូរស័ព្ទ (Application) និងបំពាក់ CCTV Cameras និង Variable Message Signs (VMS) សម្រាប់ប្រមូល និងបង្ហាញព័ត៌មានកំពុងកើតមាន (Real-Time Information) នៅលើកំណាត់ផ្លូវជាតិលេខ៤ ដែលនឹងត្រូវអនុវត្តចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥។
សូមជម្រាបជូនថានេះជាកិច្ចប្រជុំលើកទី២ហើយ រវាងអ្នកជំនាញមកពីវិទ្យាស្ថាន KRIHS របស់ប្រទេសកូរ៉េ និងក្រសួងសាធារណការ និងដឹកជញ្ជូន។ តាមគម្រោងផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃនឹងត្រូវបញ្ចប់នៅក្នុងខែកក្កដាខាងមុខនេះ៕