ដោយៈ វ៉ៃកូ / ស្វាយរៀងៈ លោក លឹម សៀងហេង អភិបាលក្រុងបាវិត នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ បានជំរុញនិងស្នើឲ្យប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន របស់ខ្លួន ចូលរួមថែទាំផ្លូវថ្នល់ ដែលបានធ្វើរួចហើយ ទុកជាសម្បត្តិរួម ដើម្បីប្រើប្រាស់បាន យូរអង្វែង ទៅថ្ងៃក្រោយ។

លោកអភិបាលក្រុង បានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសដែលលោក និងលោកចៅ សង្កាត់បាវិត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះពិនិត្យមើល ការឈូសឆាយ និងចាក់ក្រាលថ្មមិច ពង្រីកធ្វើផ្លូវលំ ប្រវែង ១.២០០ ម៉ែត្រ នៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

លោក លឹម សៀងហេង បានមានប្រសាសន៍បន្តថាៈ ដោយមើលឃើញនូវ ការលំបាក របស់បងប្អូន ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ក្នុងការធ្វើដំណើរ ដឹកកសិផល ប្រកបមុខរបរ ប្រចាំថ្ងៃនោះ និងការស្នើសុំជួសជុលពង្រីកផ្លូវ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង រូបលោក បានគៀងគរ សប្បុរសជននានា ក៏ដូចជា ក្រុមការងារចុះជួយមូលដ្ឋាន បានចាក់ក្រាលថ្មមុិច លើផ្លូវដែលមានបណ្តោយ ប្រវែង ១.២០០ម៉ែត្រ ទទឹង ប្រវែង ៨ ម៉ែត្រ ព្រមទាំងការដាក់ ប្រព័ន្ធលូ បង្ហូរទឹកថែមទៀតផង ហើយថវិកា ដែលត្រូវចំណាយ ក្នុងការជួសជុលផ្លូវ នាពេលនេះ គឺបានមកពីការចូលរួម ពីសំណាក់សប្បុរសជន ជិតឆ្ងាយនានា ជាពិសេសគឺ ក្រុមការងារចុះជួយភូមិបាវិតលើ សង្កាត់បាវិត នេះតែម្តង ។

លោក លឹម សៀងហេង បានបន្តឲ្យដឹងទៀតថាៈ ផ្លូវមួយខ្សែនេះ ពីមុនជាផ្លូវដី មានសភាព តូចចង្អៀត ពិបាកក្នុងការធ្វើដំណើរខ្លាំងណាស់ ហើយនៅរដូវវស្សា គឺមានទឹកដក់លិចផ្លូវ ដោយពុំមានផ្លូវទឹកចេញនោះទេ ជាពិសេសនៅពេលសិស្សសាលា ដែលជាកូនចៅពលរដ្ឋ នៅរៀនសូត្រម្តងៗ តាមផ្លូវនេះ។

លោកបានបន្ថែមទៀតថាៈ សម្រាប់ការពង្រីក និងការជួសជុលស្ថាបនាផ្លូវ នាពេលនេះ លោកសុំការយោគយល់ ពីប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ សូមជួយសម្រួល ដល់អាជ្ញាធរ ក្នុងការជួសជុលស្ថាបនា ឡើងវិញផងដែរ ហើយលោក ក៏បានថ្លែងអំណរ គុណ ដល់សប្បរសជននានាទាំងអស់ ដែលបានជួយឧបត្ថម្ភ ទាំងថវិកា និងសំភារៈ ក្នុងការជួសជុលស្ថាបនាឡើងវិញ នូវផ្លូវមួយខ្សែនេះ ជាពិសេសការយោគយល់ពីពលរដ្ឋ នូវផលប៉ះរបងផ្ទះរបស់ពួកគាត់ ក្នុងការពង្រីកផ្លូវ។

លោកអភិបាលក្រុង ក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ នៅពេលបានផ្លូវល្អហើយ នោះ ត្រូវចេះថែរក្សាឱ្យបានគង់វង្ស យូអង្វែង សម្រាប់ប្រើប្រាស់ ហើយក៏សូមឲ្យបងប្អូន យើងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា​ ជាពិសេស គឺចូលរួមអនុវត្តគោល នយោបាយភូមិ ឃុំ​មានសុវត្ថិភាព ។

លោក សាញ់ សាខុន ចៅសង្កាត់បាវិត ក្រុងបាវិត បានមានប្រសាសន៍ថាៈ ដោយមានការ ចង្អុលបង្ហាញ ពីសំណាក់លោក លឹម សៀងហេង អភិបាលក្រុងបាវិតនោះ រូបលោក រួមនឹងក្រុមការងារ បានដឹកនាំធ្វើការងារជួសជុល ពង្រីកផ្លូវលំមួយខ្សែ ប្រវែង ១.២០០ ម៉ែត្រ ទទឹង ៨​ ម៉ែត្រ និងមានដាក់លូអមសងខាងផ្លូវ ដើម្បីរំដោះទឹកចេញ កុំឲ្យលិចលង់ លំនៅដ្ឋាន របស់ពលរដ្ឋ នារដូវវស្សា។

លោកចៅសង្កាត់ បានមានប្រសាសន៍ទៀតថាៈ ផ្លូវលំមួយខ្សែនេះ ពីមុន ជាផ្លូវលំមាន សភាពតូចចង្អៀត ពិបាកធ្វើដំណើរខ្លាំងណាស់ និងនៅរដូវវស្សា គឺមានទឹកដក់លិចផ្លូវ ដោយពុំមានផ្លូវទឹកចេញនោះទេ ជាពិសេសនៅពេលសិស្សសាលា ដែលជាកូនចៅពលរដ្ឋ ទៅរៀនសូត្រម្តងៗ តាមផ្លូវនេះ។

ប្រជាពលដែលរដ្ឋរស់នៅភូមិបាវិតលើ ក៏បានថ្លែងអំណរគុណ ចំពោះអាជ្ញាធរ ខេត្ត ក្រុង សង្កាត់ ដែលបានគិតគូរពី សុខទុក្ខរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ដែលមានសមិទ្ធផល ជាច្រើន នៅក្នុងក្រុងបាវិត ដូចយើងបានឃើញនាថ្ងៃនេះ គឺអាជ្ញាធរ បានស្ថាបនា ជួសជុលកែលម្អ រហេដ្ឋារចនាសម្ព័ន្ធ បន្ថែមទៀត ៕/V-PC