ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ប្រព័ន្ធទំនាក់ទំនងសង្គម មានច្រើន តែពេញនិយមជាងគេ គឺហ្វេសប៊ុក ដែលជាបណ្តាញប្រភពព័ត៌មានចម្រុះ ទោះបីយ៉ាងណា ការផ្សព្វផ្សាយលើ ហ្វេសប៊ុក មួយចំនួន មិនមែនជាការពិត ដែលវាអាចបង្កគ្រោះថ្នាក់ សម្រាប់អ្នកលេង ហ្វេកប៊ុក ក្នុងការយកព័ត៌មានទាំងនោះ ទៅប្រើប្រាស់ ក្នុងផ្លូវអាក្រក់ណាមួយ។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «ការការពារ និងទប់ស្កាត់ ការផ្សព្វផ្សាយ ព័ត៌មានមិនពិត Cyber Security» នាទីស្តីការក្រសួងបរិស្ថាន នាថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២ លោក ខ្វៃ អាទិត្យា បានឱ្យដឹងថាៈ ក្រសួងបរិស្ថាន បានបើកសិក្ខា សាលា ស្តីពីការការពារ និងទប់ស្កាត់ ការផ្សព្វផ្សាយព័ត៌មានមិនពិត នាពេលនេះ ក្នុងគោលបំណង កសាងសមត្ថភាពមន្ត្រីជំនាញ ដែលគ្រប់គ្រងប្រព័ន្ធ ផ្សព្វផ្សាយសង្គម ដើម្បីបង្កើនសុវត្ថិភាព លើការប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គម។

លោកបានមានប្រសាសន៍ថាៈ «ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែង ប្រកបដោយ ប្រសិទ្ធភាព យើងត្រូវផ្សព្វផ្សាយ ពីការពិតឱ្យបានច្រើន និងឱ្យបានលឿន ព្រោះការផ្តល់ ព័ត៌មានពិត គឺជាវិធានការដ៏មានប្រសិទ្ធភាព ប្រឆាំងនឹងព័ត៌មានក្លែងក្លាយផង និងជា ការបង្កើនការយល់ដឹង ដល់ប្រជាពលរដ្ឋ ហើយពេលប្រជាពលរដ្ឋយល់ដឹង នោះពួកគាត់ នឹងចូលរួមគាំទ្រ នូវបុព្វហេតុរបស់ស្ថាប័ន កាន់តែសកម្មថែមទៀត។ យើងមិនត្រូវជឿលើ ការផ្សព្វផ្សាយព័ត៌មាន ដែលគ្មានប្រភពច្បាស់លាស់នោះឡើយ ពោលគឺ ត្រូវពិនិត្យឱ្យបាន ច្បាស់លាស់​មុននឹងផ្សព្វផ្សាយ ឬស៊ែរសារនានាលើបណ្តាញទំនាក់ទំនងសង្គមនោះបន្ត។

សូមបញ្ចាក់ថា ការផ្សព្វផ្សាយ ស្តីពីការការពារ និងទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត Cyber Security បានរៀបចំឡើងដោយ នាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយ បរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ដោយមានបទបង្ហាញពី អ្នកជំនាញផ្នែកប្រព័ន្ធព័ត៌មានវិទ្យា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ តំណាងអគ្គនាយកដ្ឋាននានា និងមកពី មន្ទីរបរិស្ថានរាជធានី ខេត្ត ទាំង២៥។

សិក្ខាសាលានេះ បានផ្តោតសំខាន់ទៅលើ ចំណុចមួយចំនួន មានដូចជា ការគ្រប់គ្រង Facebook Page ការគ្រប់គ្រងសន្តិសុខ និងសុវត្ថិភាព ក្នុងការប្រើប្រាស់ បណ្តាញសង្គមហ្វេសប៊ុក ដំណោះស្រាយ នៅពេលមានគណនីហ្វេសប៊ុក ត្រូវបាន Hack ធ្វើយ៉ាងណា ដើម្បីឱ្យការប្រើប្រាស់ ប្រកបដោយសុវត្ថិភាព និងកាត់បន្ថយហានិភ័យ នៃការវាយប្រហារ ពីចោរបច្ចេកវិទ្យា និងដើម្បីយល់ដឹង អំពីបច្ចេកទេសថ្មីៗ ក្នុងការឆ្លើយតបទៅនឹងហានិភ័យនានា ដែលអាចកើតមានឡើង តារយៈប្រព័ន្ធអ៊ីនធឺណិត៕/V-PC