​ប្រែ​សម្រួលៈ​បំណង​(ST)៖ កសិករ​ឥណ្ឌូនេស៊ី​ខ្នាត​តូច​រាប់រ​យ​នាក់​កាលពី​ថ្ងៃ​អង្គារ​ទី​១៧​ឧសភា​បាននាំគ្នា​ធ្វើ​ការជួបជុំ​នៅក្នុង​ទីក្រុង​ហ្សា​ការតានិង​ផ្នែក​ផ្សេង​ទៀត​នៃ​ប្រទេស​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​បំរាម​​នាំចេញ​ប្រេង​ផលិត​ពី​ដូង​ប្រេង ដែល​នាំអោយ​ប៉ះពាល់​ចំណូល​របស់​ពួកគេ​។​

​ឥណ្ឌូនេស៊ី ដែល​ជា​ប្រទេស​នាំចេញ​ប្រេង​របស់​ដូងប្រេង​ទីមួយ​លើ​លោក បាន​បញ្ឈប់​ការនាំចេញ​ប្រេង​ប្រភេទ​នេះ​និង​ផលិតផល​ដូងប្រេង​ខ្លះ​ចាប់តាំងពី​ថ្ងៃ​២៨​មេសា ក្នុង​បំណង​គ្រប់គ្រង​ថ្លៃ​ប្រេង​ឆា​​ក្នុងស្រុក តែ​ធ្វើ​អោយ​ទីផ្សារ​ប្រេងឆា​សកល​លោកជួបចលាចល​។​

​ដើរ​ដង្ហែ​ជាមួយនឹង​រថយន្ត​ធំ​មួយ​ដាក់​ផ្លែ​ដូងប្រេង​ពេញ ពួក​កសិករ​បាន​ជួបជុំ​នៅក្រៅ​ការិយាល័យ​ក្រសួង​សម្របសម្រួល​កិច្ចការ​សេដ្ឋកិច្ច ដែលជា​អ្នកដឹកនាំ​គោលនយោបាយ​រដ្ឋាភិបាល​។​

​បដា​មួយ​សរសេរថា «​កសិករ​ម៉ាឡេស៊ី​ញញឹម កសិករ​ឥណ្ឌូនេស៊ី​កើតទុក្ខ​»​។​

​សូមបញ្ជាក់​ថា ម៉ាឡេស៊ី​ជា​ប្រទេស​ផលិត​និង​នាំចេញ​ប្រេង​ដូងប្រេង​ធំ​បំផុត​ទី​ពីរ​នៅក្នុង​លោក​និង​បាន​និយាយថា ខ្លួន​ចង់​បំពេញ​ចន្លោះ​ទីផ្សារ​បន្សល់​ទុក​ដោយ​ឥណ្ឌូនេស៊ី​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ក្រុមហ៊ុន​មួយ​បាន​និយាយថា ចាប់តាំងពី​ពេល​ហាមឃាត់​ការនាំចេញ ថ្លៃ​ដូងប្រេង​បាន​ធ្លាក់ចុះ​៧០​ភាគរយ​ក្រោយ​ថ្លៃ​បាតកំណត់​ដោយ​អាជ្ញាធរ​តំបន់​។​ក្រុមហ៊ុន​បាន​​ប៉ាន់ស្មាន​ថា រោងចក្រ​ផលិត​ប្រេងដូង​យ៉ាងតិច​២៥​ភាគរយ​បាន​ឈប់​ទិញ​ផ្លែ​ដូងប្រេង​ពី​កសិករ​ឯករាជ្យ​។​

​ពួក​អ្នក​ប្រឆាំង​តវ៉ា​ក៏មាន​ផែន​ការដើរ​ដង្ហែ​ទៅកាន់​វិមាន​ប្រធានាធិបតី នៅពេលការតវ៉ា​ប្រឆាំង​ដូច​គ្នា​ក៏​កើតមាន​នៅក្នុង​ខេត្ត​ចំនួន​២២​ផ្សេងទៀត​។​

​ប្រធានាធិបតី ចូកូ វី​ដូ​ដូ បាន​ដាក់​បំរាម​លើ​ការនាំ​ចេញ​ប្រេង​ផលិត​ពី​ដូង​ប្រេង​និង​ផលិតផល​ប្រើ​សំរាប់​ផលិត​ប្រេងឆា​ក្រោយ​បរាជ័យ​ក្នុង​ការគ្រប់គ្រង​តំលៃ​ជា​បន្តបន្ទាប់​លើ​ទំនិញ​ប្រើប្រាស់​ក្នុង​គ្រួសារ​។​​ការស្ទង់មតិ​មួយ​នៅ​សប្តាហ៍​នេះ​បង្ហាញថា អត្រា​គាំទ្រ​លោក​វី​ដូ​ដូ ធ្លាក់​ចុះ​ដល់​កំរិត​ទាប​បំផុត​ចាប់តាំងពី​ខែ​ធ្នូ​ឆ្នាំ​២០១៥ ដោយសារ​តែ​ទំនិញ​ឡើងថ្លៃ​៕

​កសិករ​ដូងប្រេង​ចូលរួម​ក្នុង​បាតុកម្ម​ទាមទារ​អោយ​រដ្ឋាភិបាល​លុបចោល​បំរាម​នាំចេញ​ប្រេងដូង​នៅក្រៅ​ក្រសួង​សម្របសម្រួល​កិច្ចការ​សេដ្ឋកិច្ច​នៅ​ក្រុង​ហ្សា​ការតា​កាលពី​ថ្ងៃ​១៧​ឧសភា​