​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ នៅលើ​កោះ​យោធា​ដែល​មាន​ខ្យល់​បក់​ខ្លាំង​មួយ​នៅ​ក្បែរ​ទីក្រុង​ហែល​ស៊ីន​គី (Helsinki)​ប្រជាជន​មកពី​គ្រប់​មជ្ឈដ្ឋាន​កំពុង​ចំណាយ​ពេល​ចុង​សប្តាហ៍​​របស់​ពួកគេ​ដើម្បី​ហ្វឹកហាត់​យោធា ខណៈ​ចំនួន​អ្នកស្ម័គ្រចិត្ត​កើនឡើង ហើយ​ហ្វាំង​ឡ​ង់​ត្រៀមខ្លួន​ចូលរួម​ជាមួយ​អង្គការ​ណា​តូ​ដើម្បី​ការពារ​ខ្លួន​ពី​រុស្ស៊ី​។​

​កងកម្លាំង​ការពារ​របស់​ហ្វាំង​ឡ​ង់​មាន​ទាហាន​សកម្ម​ត្រឹមតែ​១៣.០០០ នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ប្រទេស​ដែល​មាន​ចំនួន ៥,៥ លាន​នាក់​នេះ​មាន​ទាហាន​បម្រុង ៩០០.០០០ នាក់​ដែល​នាំ​ឱ្យ​កម្លាំង​ទាហាន​​សរុប​មាន ២៨០.០០០ នាក់​ក្នុងពេល​មាន​សង្គ្រាម​។​

​ហ្វាំង​ឡង់​មាន​ព្រំប្រទល់ ១.៣០០ គីឡូម៉ែត្រ​ជាមួយ​រុស្ស៊ី​។​

​សម្រាប់​អ្នកចូលរួម​ថ្មីថ្មោង​ក្នុង​វគ្គ​ហ្វឹកហាត់​យោធា​នា​ចុង​សប្តាហ៍​នៅ​លើ​កោះ​សាន​តា​ហា​មីណា (Santahamina) ការ​លុកលុយ​ថ្ងៃទី ២៤​ខែ​កុម្ភៈ​របស់​ទីក្រុង​មូ​ស្គូ​ទៅលើ​ប្រទេស​ជិតខាង​អ៊ុ​យក្រែន​​គឺជា​កត្តា​សម្រេចចិត្ត​ដែល​ធ្វើឱ្យ​ពួកគេ​ចុះឈ្មោះ​ហាត់​យោធា​។​

​វិស្វក​រវ័យ ៣០ ឆ្នាំ​ឈ្មោះ វី​ល មូក​កា (Ville Mukka) បាន​និយាយ​បន្ទាប់​ពី​រៀន​ពី​របៀប​ទប់ទល់​ការវាយប្រហារ​ដោយ​កាំបិត ថា​”​ព្រឹត្តិការណ៍​ថ្មីៗ​នៅ​អ៊ុយ​ក្រែន​ទាំងនេះ​គឺជា​សញ្ញា​ចុងក្រោយ​ដែល​ថា​​វា​ចាំបាច់​ត្រូវតែ​ត្រៀមលក្ខណៈ​ឱ្យ​រួចរាល់​នៅក្នុង​ជីវិត​ផ្ទាល់ខ្លួន ដូច្នេះ​ប្រសិនបើ​មាន​អ្វី​មួយ​កើតឡើង មនុស្ស​ត្រូវតែ​បាន​បំពាក់បំប៉ន​ឱ្យ​បាន​ប្រសើរ​សម្រាប់​វិបត្តិ​”​។​

​គាត់​និង​អ្នកស្ម័គ្រចិត្ត​ផ្សេងទៀត​បាន​ស្លៀកពាក់​ឯកសណ្ឋាន​ក្លែងបន្លំ ដោយ​ខ្លះ​ពាក់មួក​សុវត្ថិភាព​ដោយ​មាន​មែកឈើ​ជាប់​ខ្លួន ខណៈ​ពួកគេ​ហ្វឹកហាត់​របៀប​ប្រយុទ្ធ​គ្នា​ដោយ​កណ្តាប់ដៃ រាវរក​គ្រាប់មីន និង របៀប​ចល័ត​ទី​ជា​ក្រុម​ក្នុងព្រៃ​៕

ប្រជាជន​ហ្វាំង​ឡ​ង់​ច្រើន​ឡើង​នាំគ្នា​ហ្វឹកហាត់​យោធា​រាល់​ចុង​សប្តាហ៍​ដើម្បី​ត្រៀម​ខ្លួន​ក្នុងករណី​រុស្ស៊ី​វាយប្រហារ