​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ របាយការណ៍​របស់​អង្គការសហប្រជាជាតិ​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​ទី​១១ ខែ​ឧសភា បាន​លើកឡើង​ថា​មនុស្សជាតិ​ប្រឈម​នឹង​គ្រោះរាំងស្ងួត​កាន់តែ​ធ្ងន់ធ្ងរ​​និង​ដ៏​បំផ្លិចបំផ្លាញ​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​និង​ការ​រេ​ចរិល​ដី ហើយ​ប្រទេស​នានា​ត្រូវ​ចាត់វិធានការ​ជាបន្ទាន់​ដើម្បី​កាត់បន្ថយ​ការគំរាមកំហែង​នេះ​នៅពេល​ដែល​តម្រូវការ​ស្បៀងអាហារ​​ពិភពលោក​កើនឡើង​។​

​របាយការណ៍​ឈ្មោះថា Drought In Numbers, 2022 ពី​អនុសញ្ញា​អង្គការសហប្រជាជាតិ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​គ្រោះរាំងស្ងួត (UNCCD) និយាយ​ថា​ចំនួន​និង​រយៈពេល​នៃ​គ្រោះរាំងស្ងួត​​បាន​កើនឡើង ២៩ ភាគរយ​ចាប់តាំងពី​ឆ្នាំ ២០០០ ហើយ​ថា​មនុស្ស​ប្រមាណ ៧០០ លាន​នាក់​នឹង​ប្រឈមមុខ​នឹង​ការផ្លាស់​ទីលំនៅ​ដោយ​គ្រោះរាំងស្ងួត​នៅ​ឆ្នាំ ២០៣០​លុះត្រាតែ​វិធានការ​ទប់ស្កាត់​​ត្រូវបាន​បង្កើន​។​

​លោក អ៊ីប្រាហ៊ីម ជែវ (Ibrahim Thiaw) លេខាធិការ​ប្រតិបត្តិ​នៃ UNCCD បាន​និយាយ​នៅក្នុង​របាយការណ៍​ថា “​នៅពេលដែល​មនុស្ស​ជាង ២,៣ ពាន់​លាន​នាក់​ប្រឈម​នឹង​កង្វះ​ទឹក​វា​នឹង​​ក្លាយជា​បញ្ហា​ដ៏​ធំ​។ ពួក​យើង​កាន់តែ​ច្រើនឡើងៗ​នឹង​រស់​នៅក្នុង​តំបន់​ដែល​មាន​ការខ្វះខាត​ទឹក​ខ្លាំង រួម​ទាំង​ការប៉ាន់ស្មាន​កុមារ​ម្នាក់​ក្នុងចំណោម​កុមារ​បួន​នាក់​នឹង​រស់នៅ​តំបន់​ខ្វះ​ទឹក​នៅ​ត្រឹម​ឆ្នាំ ២០៤០​។ គ្មាន​ប្រទេស​ណា​រួចខ្លួន​ពី​គ្រោះរាំងស្ងួត​នោះទេ​”​។​

​គ្រោះរាំងស្ងួត​ត្រូវគេ​រំពឹងថា​នឹង​កាន់តែ​អាក្រក់​ទៅៗ នៅពេល​ដែល​ភពផែនដី​ឡើង​កម្ដៅ ដែល​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​គំរូ​ទឹកភ្លៀង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បណ្តាលឱ្យ​ទឹក​ហួត​លឿន​ជាង​មុន ដែល​មាន​ន័យ​ថា​ដី​ស្ងួត​កាន់តែ​លឿន​។​

​ក្រៅ​ពី​ការ​រេ​ចរិល​ដី​ខ្លាំង​ឡើង​ដោយសារ​តែ​ការអនុវត្ត​កសិកម្ម​មិនល្អ ក៏​មាន​ការកាប់​ព្រៃឈើ ការជីក​យក​រ៉ែ និង​ការបំពុល​បរិស្ថាន​កើន​ឡើង​ផងដែរ​។ UNCCD​បាន​និយាយ​នៅក្នុង​របាយការណ៍​​ដាច់ដោយឡែក​មួយ​នា​ពេល​ថ្មីៗ​នេះ​ថា​រហូត​ដល់​ទៅ ៤០ ភាគរយ​នៃ​ផ្ទៃផែនដី​បាន​ខូច​ទ្រង់ទ្រាយ ហើយ​ត្រូវការ​ការស្ដារ​ឡើង​វិញ​ជាបន្ទាន់​។​

​គ្រោះរាំងស្ងួត​យូរ​ជាង​នេះ​និង​ធ្ងន់ធ្ងរ​ជាង​នេះ​កំពុង​នាំ​ឱ្យ​ថយ​ចុះ​ទិន្នផល​ដំណាំ សម្លាប់​សត្វពាហនៈ កាត់បន្ថយ​ការផ្គត់ផ្គង់​ទឹក និង​ប្រែក្លាយ​ព្រៃឈើ និង​វាលស្មៅ​ទៅ​ជា​វាល​បោះបង់ចោល​ជាហេតុ​​ធ្វើឱ្យ​ព្រៃ​ងាយ​ឆាបឆេះ​ដូច​ភ្លើងព្រៃ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​នៅ​ប្រទេស​អូស្ត្រាលី ប្រេ​ស៊ីល កាលីហ្វ័​រញ៉ា ឥណ្ឌូនេស៊ី និង​តំបន់​ស៊ី​បេរី​។​

​របាយការណ៍​និយាយថា មនុស្ស​ជាង ១,៤ ពាន់​លាន​នាក់​បាន​រង​ផល​ប៉ះពាល់​ដោយ​គ្រោះរាំងស្ងួត​នៅ​ចន្លោះ​ឆ្នាំ ២០០០ និង ២០១៩ ដែល​ភាគច្រើន​នៃ​ពួក​គេ​គឺ​រស់​នៅក្នុង​ប្រទេស​ក្រីក្រ ប៉ុន្តែ​ក៏​កើន​ឡើង​នៅក្នុង​ប្រទេស​អ្នក​មាន​ផង​ដែរ​។ មានតែ​ទឹកជំនន់​ប៉ុណ្ណោះ​ដែល​ប៉ះពាល់​ដល់​មនុស្ស​ច្រើនជាងគេ​ក្នុង​អំឡុងពេល​នោះ​។​

​នាពេល​បច្ចុប្បន្ន​នេះ គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ​កំពុង​ប៉ះពាល់​តំបន់​ស្នែង​អាហ្វ្រិក​ក៏ដូចជា​ភាគ​ខាងលិច​នៃ​សហរដ្ឋ​អាម៉េរិក​ផងដែរ​៕

​អ្នកស្រុក​ឈរ​ក្បែរ​គោ​ងាប់​ដោយ​ការរាំងស្ងួត​ហួត​ទឹក​នៅ​ភូមិ​ហា​ហ្គូ​ឌូ​ដូ​ប្រទេស​អេត្យូ​ពីកាល​ពី​ថ្ងៃទី​៧​មេសា​ឆ្នាំ​២០២២ ខណៈ​គ្រោះរាំងស្ងួត​១៨​ខែ​ជាប់​គ្នា​វាយប្រហារ​អាហ្វ្រិក