​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាងកក​ប៉ុស្តិ៍​) ៖ ព្យុះ​ខ្សាច់​មួយទៀត​ដែល​បាន​វាយប្រហារ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៦​ឧសភា​នៅ​អ៊ីរ៉ាក់​បាន​បញ្ជូន​មនុស្ស​យ៉ាងហោចណាស់ ២.០០០​នាក់​ទៅ​មន្ទីរពេទ្យ​ជា​មួយ​បញ្ហា​​ដកដង្ហើម ហើយ​បាន​នាំឱ្យ​មាន​ការបិទ​អាកាសយានដ្ឋាន សាលារៀន និង​ការិយាល័យ​សាធារណៈ​នៅ​ទូទាំង​ប្រទេស​។​

​វា​គឺជា​ព្យុះ​ធូលី​ទី​ប្រាំបី​ចាប់តាំងពី​ពាក់កណ្តាល​ខែ​មេសា ដែល​បាន​វាយប្រហារ​ប្រទេស​អ៊ីរ៉ាក់ ដែល​ត្រូវបាន​បំផ្លាញ​ដោយ​ការ​រេ​ចរិល​ដី គ្រោះរាំងស្ងួត​ខ្លាំង​និង​ភ្លៀង​ធ្លាក់​ទាប​ទាក់ទង​នឹង​ការប្រែប្រួល​​អាកាសធាតុ​។​

​ករណី​ចុងក្រោយ​នៅ​ដើមខែ​នេះ​បាន​បណ្តាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់ ខណៈ​មនុស្ស ៥.០០០ នាក់​ផ្សេង​ទៀត​ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ដោយសារ​បញ្ហា​ផ្លូវដង្ហើម​។​

​អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP​បាន​និយាយថា កាលពី​ថ្ងៃ​ចន្ទ​ពពក​ធូលី​ដ៏​ក្រាស់​បាន​ហ៊ុម​ព័ទ្ធ​រដ្ឋធានី​បា​កដាដ​ក្រោម​ពន្លឺ​ពណ៌​ទឹកក្រូច​ហើយ​បាន​គ្របដណ្ដប់​ទីក្រុង​ជាច្រើន​​ផ្សេងទៀត រួម​ទាំង​ទីក្រុង​ទី​សក្ការបូជា​និកាយ​ស៊ី​អ៊ី​ត ណា​ចា​ហ្វ (Najaf)​នៅ​ភាគខាងត្បូង និង​ទីក្រុង​ស៊ូ​ឡាយ​ម៉ា​នីយ៉ា (Sulaimaniyah) ក្នុង​តំបន់​ស្វយ័ត​ឃឺ​ដ​ភាគ​ខាងជើង​។​

​ខ្សាច់​ពណ៌​លឿង​និង​ពណ៌​ទឹកក្រូច​គ្របដណ្តប់​លើដំបូល​អគារ រថយន្ត និង​សូម្បី​ចូល​ទៅក្នុង​ផ្ទះ​ទៀត​ផង​។​

​អាជ្ញាធរ​នៅក្នុង​ខេត្ត​ចំនួន​ប្រាំពីរ​នៃ​ខេត្ត​ចំនួន ១៨ របស់​អ៊ីរ៉ាក់ រួម​ទាំង​ទីក្រុង​បា​កដាដ​បាន​បញ្ជា​ឱ្យ​បិទ​ការិយាល័យ​រដ្ឋាភិបាល​។​ប៉ុន្តែ​គ្រឹះស្ថាន​សុខាភិបាល​នៅ​តែ​បើកទ្វារ​ដើម្បី​ជួយ​ដល់​អ្នក​ដែល​មាន​​ហានិភ័យ​បំផុត រួម​ទាំង​មនុស្ស​ចាស់ និង​អ្នក​ដែល​មាន​ជំងឺ​ផ្លូវដង្ហើម​រ៉ាំរ៉ៃ និង​ជំងឺ​បេះដូង​។​

​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​លោក សេ​ហ្វ អា​ល់បាដ (Seif al-Badr) បាន​និយាយថា គិត​ត្រឹម​ពាក់កណ្តាល​ថ្ងៃ មនុស្ស​យ៉ាង​ហោច​ណាស់ ២.០០០​នាក់​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅ​ទូទាំង​​ប្រទេស​អ៊ីរ៉ាក់ ដែល​ត្រូវការ​អុកស៊ីសែន​៕

​ពពក​ធូលី​គ្របដណ្តប់​ពេញ​ទីក្រុង​បា​កដាដ​