ដោយៈ​ប​.​ខុន​/ភ្នំពេញ​:បរិមាណ​ទឹកភ្លៀង​ដែល​បាន​ធ្លាក់​រយៈពេល​២៤​ម៉ោង​លើ​ខេត្ត​ជាច្រើន​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៧​ខែឧសភា​មាន​កម្រិត​ពី​មធ្យម​ដល់​ច្រើន​។​នៅ​ខេត្តក្រចេះ​មាន​បរិមាណ​ដល់​កម្រិត​១០២​មី​លី​ម៉ែត្រ​និង​នៅ​ខេត្ត​ត្បូងឃ្មុំ​មាន​បរិមាណ​ដល់​ត្រឹម​៧០​មី​លី​ម៉ែត្រ ដែល​បង្កឱ្យមាន​ជំនន់​ទឹកភ្លៀង​កើតឡើង​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ពញាក្រែក​ស្រុក​ពញាក្រែក​ខេត្ត ត្បូងឃ្មុំ​។​

​ប្រភព​ក្រសួង​ធនធានទឹក​បានបង្ហាញ​ថា របាយ​ទឹកភ្លៀង​ដែល​បាន​ធ្លាក់​រយៈពេល​២៤​ម៉ោង​ត្រឹម​ព្រឹក​ថ្ងៃទី​១៧​ខែឧសភា នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​មាន​កម្រិត​ពី​៤​ដល់​៣០​មី​លី​ម៉ែត្រ​,​ខេត្តបន្ទាយមានជ័យ​មាន​ភ្លៀង​កម្រិត​ពី​តិច​ដល់​៥១​មី​លី​ម៉ែត្រ​,​ខេត្តកំពង់ចាម​មា​នក​ម្រិ​ត​ពី​១៨​ដល់​៤៦​មី​លី​ម៉ែត្រ​,​ខេត្តតាកែវ​មាន​កម្រិត​ពី​១១​ដល់​៣១​មី​លី​ម៉ែត្រ​,​ខេត្តកំពត​មាន​ភ្លៀង​កម្រិត​ពី​តិច​ដល់​២១​មី​លី​ម៉ែត្រ​,​ខេត្តកំពង់ស្ពឺ​មាន​ភ្លៀង​កម្រិត​ពី​តិច​ដល់​២៥​មី​លី​ម៉ែត្រ​,​ខេត្ត​ត្បូងឃ្មុំ​មាន​ភ្លៀង​កម្រិត​ពី​១៦​ដល់​៧០​មី​លី​ម៉ែត្រ​,​ខេត្តព្រៃវែង​មាន​ភ្លៀង​កម្រិត​ពី​៣​ដល់​៥៧​មី​លី​ម៉ែត្រ​,​ខេត្តពោធិសាត់​មាន​ភ្លៀង​កម្រិត​ពី​៣​ដល់​៣៣​មី​លី​ម៉ែត្រ​,​ខេត្តកណ្តាល​មាន​ភ្លៀង​កម្រិត​ពី​២​ដល់​២៤​មី​លី​ម៉ែត្រ​,​ខេត្តកោះកុង​មាន​ភ្លៀង​កម្រិត​ពី​៥​ដល់​៧៥​មី​លី​ម៉ែត្រ​,​ខេត្ត​ព្រះសីហនុ​មាន​ភ្លៀង​កម្រិត​ពី​តិច​ដល់​៤៦​មី​លី​ម៉ែត្រ​,​ខេត្តស្វាយរៀង​មាន​ភ្លៀង​កម្រិត​ពី​តិច​ដល់​១៤​មី​លី​ម៉ែត្រ​,​ខេត្តស្ទឹងត្រែង​មាន​ភ្លៀង​កម្រិត​ពី​៣​ដល់​៦៣​មី​លី​ម៉ែត្រ​,​ខេត្តរតនគិរី​មាន​ភ្លៀង​កម្រិត​ពី​៦​ដល់​៥៩​មី​លី​ម៉ែត្រ​,​ខេត្តកំពង់ធំ​មាន ភ្លៀង​កម្រិត​ពី​១៩​ដល់​៧៥​មី​លី​ម៉ែត្រ​,​ខេត្តមណ្ឌលគិរី​មាន​ភ្លៀង​កម្រិត​ពី​១៧​ដល់​៩៣​មី​លី​ម៉ែត្រ​,​ខេត្តសៀមរាប​មាន​ភ្លៀង កម្រិត​ពី​៤​ដល់​៨៩​មី​លី​ម៉ែត្រ​,​ខេត្តក្រចេះ​មាន​ភ្លៀង​កម្រិត​ពី​៣៩​ដល់​១០២​មី​លី​ម៉ែត្រ​,​ខេត្តកំពង់ឆ្នាំង​មាន​ភ្លៀង​កម្រិត​ពី​២​ដល់​៨៧​មី​លី​ម៉ែត្រ​,​ខេត្តបាត់ដំបង​មាន​ភ្លៀង​កម្រិត​ពី​១២​ដល់​៧៥​មី​លី​ម៉ែត្រ​និង​ខេត្ត​ត្បូងឃ្មុំ​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​១៦​ដល់​៧០​មី​លី​ម៉ែត្រ​។​

នៅ​ស្រុក​ពញាក្រែក​ខេត្ត​ត្បូងឃ្មុំ​មាន​ភ្លៀង​ក្នុង​កម្រិត​៦៦​មី​លី​ម៉ែត្រ​បង្កឱ្យមាន​ទឹកជំនន់​ហូរ​កាត់​លើ​ខ្នង​ភ្លឺ​ប្រឡាយ​នៃ​ប្រព័ន្ធធារាសាស្ត្រ​ជី​តុ​ក តែ​មិន​បណ្តាលឱ្យមាន​ការខូចខាត​ទេ​។​

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​នៅ​ថ្ងៃទី​១៧​ខែឧសភា​បាន​ជូនដំណឹង​ស្តីពី​ស្ថានភាព​អាកាសធាតុ​សម្រាប់​ពីថ្ងៃ​ទី​១៨​ដល់​ថ្ងៃទី​២៤​ខែឧសភា​ថា​ព្រះរាជា​ណា​កម្ពុជា​នៅក្នុង​សប្តាហ៍​នេះ​នឹង​ទទួល​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា​ក្នុង​កម្រិត​មធ្យម​និង​ខ្យល់មូសុង​នីរ​តី​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ខ្លាំង​អាច​បង្កឱ្យមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ខ្លាំង លាយឡំ​ដោយ​ផ្គរ រន្ទះ​និង​ខ្យល់​កន្ត្រាក់​។​
ក្នុង​សេចក្តីជូនដំណឹង​បានសរសេរថា​ស្ថានភាព​បែប​ខាងលើនេះ​ធ្វើ​ឲ្យ​តំបន់​ទំនាប​កណ្តាល​មាន​ស៊ីត​ណ្ហ​ភាព​អប្ប​បរិ​មា​ពី​២៤​ទៅ​២៦​អង្សា​សេ​ស៊ីត​ណ្ហ​ភាព​អតិបរិមា​មាន​ពី​៣៣​ទៅ​៣៥​អង្សា​សេ​។​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ត​ពី​មធ្យម​ទៅ​ខ្លាំង​លាយឡំ​ដោយ​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​។​នៅ​អំឡុង​ពីថ្ងៃ​២២​ដល់​២៤​ខែឧសភា​បរិមាណ​ទឹក​ភ្លៀង​នឹង​ចុះថមថយ​បន្តិច​ទៅវិញ​។

​សម្រាប់​បណ្តា​ខេត្ត​នៅជាប់​ជួរ​ភ្នំ​ដងរែក​និង​ខ្ពង់រាប​ភាគ​ឦសាន​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៣​ទៅ​២៥​អង្សា​សេ​និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣៣​ទៅ​៣៥​អង្សា​សេ​។​អាច​នឹងមាន​ភ្លៀង​នៅក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន​លាយឡំ​ទៅដោយ​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​។​

​នៅ​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៤​ទៅ​២៦​អង្សា​សេ​និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣២​ទៅ​៣៤​អង្សា​សេ​។​អាច​នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន លាយឡំ​ទៅដោយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​។ ទន្ទឹម​នោះ​នៅលើ​ផ្ទៃសមុទ្រ​ក៏​អាចមាន​ភ្លៀង​ផ្គរ រន្ទះ ខ្យល់​ខ្លាំង​និង​រលក​សមុទ្រ​ខ្ពស់​ផងដែរ​៕​សរន​