​ដោយ: ភ្នំ​ស្វាយ / ឧ​ត្ត​រ​មានជ័យ​: ទឹ​ក​ធ្លាក់​ថ្មដារ​អូរ​ទឹក​ខៀវ ជួរ​ភ្នំ​ដងរ៉ែក​នៅ​ភូមិ​ភូមិ​ច្រោក ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ខណៈ​នេះ​បាន​ក្លាយជា​តំបន់​ទេសចរណ៍ធម្មជាតិ​ដ៏​ទាក់ទាញ​មួយ ។​ប្រសិនបើ​ទីនោះ​ត្រូវបាន​បន្ថែម​ការយកចិត្ត​ទុកដាក់​កែច្នៃ​បន្ថែមទៀត នឹង​ក្លាយជា​ដែក​ឆក់​ទេសចរ​នាពេល​អនាគត​ជាក់​ជាពុំខាន​។​

​នៅ​ទីនោះ​មាន​ទឹកធ្លាក់​មកពី​ជួរ​ភ្នំ​ដងរែក​ទាំង​រដូវប្រាំង​និង​រដូវវស្សា​។​អម​ទឹកធ្លាក់​ត្រជាក់ស្រេង​ក៏​នៅមាន​ទេសភាព​ដ៏​ស្រស់ត្រកាល ជាមួយនឹង​ជំនោរ​ខ្យល់​បរិសុទ្ធ បានធ្វើឱ្យ​ភ្ញៀវទេសចរ​ជិត​ឆ្ងាយ​ទាំងឡាយ​ដែល​បាន​ទៅដល់​ទីនោះ តែងតែ​ដក់​ជាប់​នូវ​ទស្សនីយភាព ប្រកបដោយ​ភាព​ក្សេមក្សាន្ត​នេះ​ជានិច្ច​។​

​អ្នកស្រី ធិ​ន នី​មន្នី​រស្មី ប្រធាន​ទេសចរ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​ឲ្យ​ដឹង​ថ្ងៃទី​១៧​ខែឧសភា​ថា តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ថ្មដា​អូរ​ទឹក​ខៀវ គ្រប់គ្រង​ដោយ​ប្រជា​សហគមន៍ ។​​កន្លងមក​ពុំ​សូវ​មាន​អ្នកណា​បាន​ស្គាល់​នឹង​ទៅដល់​ដើម្បី​ណាស់​។​ត្បិត​តំបន់​នេះ​បាំងបិទ​ដោយ​ព្រៃឈើ​ដុះ​ក្រាស់ៗ ហើយ​ស្ថិត​កប់​ក្នុង​ជ្រលង​ជ្រោះ​ជ្រៅ​នៃ​ជួរ​ភ្នំ​ដងរែក ខ័​ណ្ឌ​សីមា​កម្ពុជា -​ថៃ​។​

​អ្នកស្រី​បន្តថា​នៅ​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​នេះ​ភាគច្រើន​ជា​ក្រុម​យុវវ័យ​។​ពួកគេ​បានមក​លេង​ទឹក​និង​ក្រុម​បោះជំរំ​តង់​ស្នាក់នៅ​ដើម្បី​លំហែរ​កាយ មើល​ទេសភាព​តាម​ជួរ​ភ្នំ​ព្រៃព្រឹក្សា ។​ក្នុង​ផែនការ​ខាងមុខ មន្ទីរ​ទេសចរ​នឹង​ប្រជា​សហគមន៍​នឹង​រួមគ្នា​រៀបចំ​តំបន់​នេះ​ឲ្យ​កាន់តែ​ល្អប្រសើរ​បន្ថែម ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ក្នុង​ខេត្ត​និង​ពី​ក្រៅ​ខេត្ត​៕​សរន​