ដោយៈ​សុផល​/ភ្នំពេញ​: គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​សភាពាណិជ្ជកម្ម​អន្តរជាតិ​នៃ​កម្ពុជា (International Business Chamber of Cambodia-IBC) ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់ ស្តីពី​កិច្ចសហការ​លើ​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោកកាលពី​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២២​នៅ​ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​លោក Paul Dodd សមាជិកក្រុមប្រឹក្សាភិបាល​នៃ​សភាពាណិជ្ជកម្ម អន្តរជាតិ​នៃ​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ សុវត្ថិភាព​ចរាចរណ៍​នៃ​សភាពាណិជ្ជកម្ម អន្តរជាតិ នៃ​កម្ពុជា បាន​មានប្រសាសន៍ថា​៖​ក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍​របស់ សភាពាណិជ្ជកម្ម​អន្តរជាតិ​នៃ​កម្ពុ​ជាមាន សមាសភាព​មកពី ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា ក្រុមហ៊ុន Pernod Ricard ក្រុមហ៊ុន Total Energy ក្រុមហ៊ុន Mitsubishi និង​ក្រុមហ៊ុន​ធានារ៉ាប់រង Prudential Cambodia និង​បណ្តា​ក្រុមហ៊ុន​ឯកជន​ដទៃទៀត​។

​ក្រុមការងារបានបង្កើតយុទ្ធនាការ​សង្គម​ស្តីពី “​អំណាច​នៃ​ពាក្យ​ថា​ទេ​” ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ពិសា​គ្រឿង​ស្រវឹង កុំ​បើកបរដើម្បីផ្សព្វផ្សាយ​ដល់​សមាជិក និង​ក្រុមគ្រួសារ​របស់សមាជិក​ពី​យុទ្ធនាការ​នេះ​។ លើសពីនេះលោក​បាន លើកឡើងថា គ្រោះថ្នាក់​ចរាចរណ៍​អាច​នឹង​កើតមាន ដោយ​ជៀស​មិន​ផុត​។ ដូច្នេះហើយ ក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍​គ្រោង​នឹង​រៀបចំ​សិក្ខាសាលាស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​ត្រីមាស​ទី​៣ នៃ​ឆ្នាំ ២០២២​នេះ ដែលជា​ផ្នែក​មួយ​ចូលរួមចំណែក ក្នុងការ​ផ្លាស់ប្តូរ​ឥរិយាបថ​សង្គម ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។

​លោកបានប្តេជ្ញាចិត្ត ក្នុង​ការចួលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ផ្លាស់ប្តូរ​ឥរិយាបថ របស់​អ្នក ប្រើ ប្រាស់​ផ្លូវ តាម រយៈ​ការរៀបចំ​យុទ្ធនា​ការអប់រំ​សុវត្ថិភាព​នានា​។

​លោកស្រី មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោកបានថ្លែងអំណរគុណ​ដល់ IBC ដែលមាន​ក្រុមហ៊ុន​ឯកជន​ជា​សមាជិក បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ទប់ស្កាត់ កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​តាម​គ្រប់​រូបភាព​។ លោកស្រី​បាន​បន្ថែមថា ស្ថានភាព​ជំងឺ​កូ​វីដ​-១៩​នៅ​កម្ពុជា​រយៈពេល ១០​ថ្ងៃ​មកនេះ គឺ​មិនមាន​ចំនួន​ឆ្លង បាន​បាត់​បង់ជីវិត​ឡើយ ដោយឡែក ក្រឡេក​មក​មើល​ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​វិញ មាន​អ្នកស្លាប់​យ៉ាងហោចណាស់ ៥​នាក់​ក្នុង​មួយថ្ងៃ និង​របួសធ្ងន់​ស្រាល​ជាច្រើន​នាក់​ទៀត​។ លោកជំទាវ​បាន​អំពាវនាវ​ដល់​អ្នកប្រើប្រាស់​ផ្លូវ​គ្រប់រូប គួរ​ណាស់​តែ​ផ្លាស់ប្តូរ​ឥរិយាបថ និង​ត្រូវមាន​ស្មារតី​ប្រុងប្រយ័ត្ន និង​គោរព​ច្បាប់​ចរាចរណ៍​គ្រប់ពេលវេលា​៕​srn