​ដោយ​: ដេប៉ូ / ភ្នំពេញ​: សំដៅ​ពង្រឹងគុណភាព និង​ការអនុវត្ត​ច្បាប់ កាន់តែ​ប្រសិទ្ធភាព ហើយ​ពិសេស​ផ្តល់​ទំនុកចិត្ត ដល់​អ្នកប្រើប្រាស់​នោះ ប្រធាន​សមាគម​សហព័ន្ធ​វិនិយោគ​គិ​ន​កម្ពុជា និង​ជា​ប្រធាន​សមាគម សហព័ន្ធ​ធុរកិច្ច​ទីផ្សារ​បណ្ដាញ​កម្ពុជា បាន​អំពាវនាវ​ដល់​សមាជិក និង​ក្រុមហ៊ុន ដែល​ធ្វើ​អាជីវកម្ម ផ្នែក​ទីផ្សារ​បណ្ដាញ ត្រូវតែ​គោរព​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត របស់​កម្ពុជា ឱ្យបាន​ត្រឹមត្រូវ​។

​ការលើកឡើង​បែបនេះ ធ្វើឡើង​ដោយ លោក ឡី សុ ភាព ប្រធាន​សមាគម​សហព័ន្ធ​វិនិយោគ​គិ​ន​កម្ពុជា និង​ជា​ប្រធាន​សមាគម សហព័ន្ធ​ធុរកិច្ច​ទីផ្សារ​បណ្ដាញ​កម្ពុជា ក្នុង​ពិធី​លើកទឹកចិត្ត និង​ពិធី​ប្រគល់​ពានរង្វាន់​បុគ្គល ដែលមាន​ស្នាដៃ​ឆ្នើម នៃ​សមាគម​សហព័ន្ធ​ធុរកិច្ច​ទីផ្សារ​បណ្ដាញ​កម្ពុជា នា​ថ្មីៗ​មកនេះ នៅ​ភោជនីយដ្ឋាន Grand Terrace ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

ក្នុង​ពិធី​នេះ លោក ឡី សុភាព បានលើកឡើង អំពី​ការយកចិត្តទុកដាក់រ​បស់ រាជរដ្ឋាភិបាល មកដល់​អ្នកធ្វើអាជីវកម្ម​ទីផ្សារ​បណ្ដាញ តាមរយៈ​ការអនុម័ត​ច្បាប់ ស្ដីពី​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេ​ឡិច​ត្រ​និក និង​ច្បាប់​ស្ដីពី​កិច្ចការពារ​អ្នកប្រើប្រាស់ សម្រាប់​គាំទ្រ​ដល់​ធុរកិច្ច​ទីផ្សារ​បណ្ដាញ​នៅ​កម្ពុជា លើកស្ទួយ និង​ការពារ​អ្នក​ប្រកប​អាជីវកម្ម​ស្របច្បាប់ ទប់ស្កាត់​អ្នកធ្វើអាជីវកម្ម​ល្មើស ច្បាប់ ជាដើម​។

​ជាមួយគ្នា​នោះ លោក ឡី សុភាព បានដាក់​ទិសដៅ និង​អំពាវនាវ​ដល់​ក្រុមហ៊ុន ដែល​ធ្វើ​អាជីវកម្ម ផ្នែក​ទីផ្សារ​បណ្ដាញ ត្រូវតែ​គោរព​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​រប​ស់​កម្ពុជា​។ ប្រសិនបើ​គ្មាន​ការគោរព​ច្បាប់ ឬ​មាន​ផលិតផល​ចរាចរ ដោយ​មិន​ស្របច្បាប់ សមាគម​សហព័ន្ធ​ធុរកិច្ច​ទីផ្សារ​បណ្ដាញ​កម្ពុជា នឹង​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី កម្លាំង​មាន​សមត្ថកិច្ច ចុះបង្ក្រាប​ក្រុមហ៊ុន​ណា ដែល​ល្មើ​សនឹង​ច្បាប់​ទាំងនោះ ដោយ​លោក​អះអាងថា ប្រសិនបើ​មាន​ក្រុមហ៊ុន​ល្មើស​ច្បាស់​ទាំងនោះ អាច​នឹង​ប៉ះពាល់​ដល់​ក្រុមហ៊ុន ដែល​ប្រកប​អាជីវកម្ម​ស្របច្បាប់​ត្រឹមត្រូវ ដូចជា ការប្រកួតប្រជែង តម្លៃ​ខុសគ្នា និង​អាច​ប៉ះពាល់ ដល់​សុខមាលភាព​ប្រជាជន ផងដែរ​។

​ទន្ទឹម​ជាមួយគ្នានេះ លោក​បានធ្វើ​ការណែនាំ ដល់​អ្នក​ប្រកប​អាជីវកម្ម​ទីផ្សារ​បណ្ដាញ ត្រូវតែ​យល់ដឹង​ស៊ីជម្រៅ​អំពី​អាជីវកម្ម ដែលមាន​ការទទួលស្គាល់ ច្បាស់លាស់ ដើម្បី​ប្រកបការងារ​-​មុខរបរ បាន​ស្របច្បាប់ និង​ដើម្បី​ទាក់ទាញ​ឱ្យ​ប្រជាជន ចូលរួម​ប្រកបមុខរបរ ជាមួយ​ខ្លួន​ប្រកបដោយ​ទំនុកចិត្ត និង​ស្មើមុខស្មើមាត់ នៅ​គ្រប់​មូលដ្ឋាន​ទាំងអស់​។

​លោក​ប្រធាន ឡី សុភាព បាន​ផ្តាំផ្ញើ​ដល់​ក្រុមហ៊ុន​នីមួយៗ ត្រូវដាក់​គោលនយោបាយ លក់​ចេញ​-​ទិញ​ចូល ឱ្យបាន​ច្បាស់លាស់ ដើម្បី​តាមដាន​ពី​វឌ្ឍនភាព​ការងារ មុខរបរ អាជីវកម្ម​របស់ខ្លួន​។ ការ​ធ្វើបាន​ដូច្នេះ នឹង​ធ្វើឱ្យ​អតិថិជន មានការ​គាំទ្រ​កាន់តែច្រើន និង​កាន់តែ​រឹងមាំ​បន្ថែមទៀត​៕/V