ដោយ:វ៉ៃកូ/ស្វាយរៀង​: លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត​តំណាង​លោក ម៉ែន វិបុល​អភិបាលខេត្ត​ស្វាយរៀង​នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២២​នេះ​បាន​អញ្ជើញ​បើក​កិច្ចប្រជុំ​អនុគណៈកម្មាធិការ​ត្រួត​ពិនិត្យ​ថ្នាំជក់​ខេត្តស្វាយរៀង ដែល​រៀបចំឡើង​នៅ​សាលាខេត្ត​ស្វាយរៀង។ពិធី​នេះ​ក៏មាន​ការចូលរួម​ពី​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ជុំវិញ​ខេត្ត​និង​អង្គការ​ក្រៅ​រាជរដ្ឋាភិបាល​ផងដែរ​។​

លោក​ តូច វ៉ាលី មានប្រសាសន៍ថា​ ​​កន្លងមកនេះ យុវជន​មានការ​ភាន់ច្រឡំ​យ៉ាងច្រើន​ទៅលើ​ផលិតផលបារី​អេឡិចត្រូនិក និង​ផលិតផល​អេ​ច​ ធី ភី (HTPs)​​ដ៏​គ្រោះថ្នាក់​ទាំងនេះដោយសារតែ​ក្រុម​អ្នក​ចែកចាយ​លក់​កុហក​បំភាន់​ថា​ជា​ម៉ាស៊ីន​ផ្ដាច់​បារី ឬថា មិនមាន​គ្រោះថ្នាក់​ដល់​សុខភាព។ប៉ុន្តែ​ជាក់ស្ដែង វា​មាន​គ្រោះថ្នាក់​យ៉ាងខ្លាំង​ទៅដល់​សុខភាព ថែមទាំង​ប៉ះពាល់​ដល់​យុវជន​ជាខ្លាំង​ផង​។

លោកបន្តថា តាមរយៈ​ការសង្កេតមាន​យុវជន ក្នុងនោះ​ជាសិស្សានុសិស្ស មួយចំនួន​ផងដែរ ប្រើប្រាស់បារី​អេឡិចត្រូនិក និង​ផលិតផលអេ​ច​ឈ៍ ធី ភី និង​ជាពិសេស​ត្រូវបាន​បង្ហាញ​យ៉ាង​ផុសផុល​នៅលើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​។ គ្រោះថ្នាក់​មួយផ្នែក​ទៀត​ដែល​មិនគួរ​មើលរំលង​នោះ​គឺ​ការប្រើប្រាស់​ផលិតផល​ទាំងនេះ​គឺ​ត្រូវបាន​ប្រើប្រាស់​ជា​ក្រុមៗ​ក្នុងចំណោម​យុវជនដែល​វា​កាន់តែ​បង្កលក្ខណៈ​ងាយស្រួល​ក្នុងការ​ឆ្លង​ជំងឺ​កូ​វីដ​១៩​ផងដែរ​។​

លោកបន្ថែមថា កន្លងមក​កម្ពុជា​យើង​បាន​ហាមឃាត់​ការប្រើប្រាស់ ការនាំ​ចូល និង​ការធ្វើ​អាជីវកម្ម​បារី​អេឡិចត្រូនិក​តាំងពី​ឆ្នាំ​២០១៤​មកម្ល៉េះ ហើយ​មកដល់​ឆ្នាំ​២០២១​កន្លងទៅនេះ កម្ពុជា​យើង​ក៏បាន​ហាមឃាត់​បន្ថែមទៀត​ទៅលើ​ផលិតផល​អេ​ច​ធី ភី (HTPs)​។​

លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត​និង​អនុគណៈកម្មាធិការ​ត្រួត​ពិនិត្យ​ផលិតផល​ថ្នាំជក់ ខេត្តស្វាយរៀង បាន​ប្ដេជ្ញា​ពង្រឹង​ការហាមឃាត់ ការប្រើប្រាស់ ការនាំ​ចូល និង​ការធ្វើ​អាជីវកម្ម​បារី​អេឡិចត្រូនិក និង​ផលិតផល​អេ​ច​ ធី ភី (HTPs)​។

គួរបញ្ជាក់ថា ​យោងតាម​ការស្រាវជ្រាវ​ប្រមូល​ទិន្នន័យ​របស់​មជ្ឈមណ្ឌល CDC នៃ​សហរដ្ឋអាម៉េរិកបានបញ្ជាក់ថា ផលិតផលនេះមានគ្រោះថ្នាក់ដល់សុខភាព៕