ដោយៈ សុផល/កំពង់ស្ពឺ: លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ នាព្រឹកថ្ងៃអង្គារ ទី១៧ ខែឧសភា នេះបានអញ្ជើញសម្ពោធឧបដ្ឋានសាលា នៅវត្តគិរីរុក្ខា ហៅវត្តសំពៅផុស ស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងព្រះសង្ឃ ពុទ្ធបរស័ទចំណុះជើងវត្ត និងប្រជាពលរដ្ឋជាច្រើននាក់ បានចូលរួម។
លោក វ៉ី សំណាង បានមានប្រសាសន៍លើកឡើងពីប្រវត្តិរបស់វត្តគិរីរុក្ខា ដែលមានអាយុកាលប្រមាណ ៦៧ ឆ្នាំ មកហើយ ដែលពីដំបូង ប្រជាជនហៅថាជា វត្តរលាក់កងជើង។ ការសាងសង់សមិទ្ធផលនានា ស្ថិតក្នុងវត្តគិរីរុក្ខា ដែលចាប់ផ្ដើមកសាង តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ និងរួចរាល់ជាស្ថាពរ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ដោយចំណាយថវិកាសរុបប្រមាណ ១២០.០០០ ដុល្លារអាមេរិកគត់។ សមិទ្ធផលទាំងអស់កើតចេញពីការខិតខំប្រឹងប្រែងរបស់ព្រះសង្ឃ គណៈ កម្មការ ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត ក្នុង និងក្រៅ ប្រទេស ហើយសមិទ្ធផលនេះ នឹងផ្ដល់ជាប្រយោជន៍ក្នុងន័យបម្រើឱ្យវិស័យពុទ្ធចក្រ និងអាណាចក្រ ក៏ដូចជាទុកសម្រាប់កូនចៅជំនាន់ក្រោយ ប្រើប្រាស់ និងគោរពបូជា។
លោកបានបន្ថែមថា: ស្ថិតក្នុងបរិបទ នៃការប្រយុទ្ធជាមួយការឆ្លងរាលដាល នៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តអនុវត្ត និងរិះរកគ្រប់វិធីសាស្ត្រ ក៏ដូចជាបន្តប្ដេជ្ញាជំរុញ និងពន្លឿនវឌ្ឍភាព នៃការអនុវត្តការដ្ឋានកំណែទម្រង់ ឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំ។
នៅខាងមុខ វេទិកាគណៈអធិបតី មានវត្តមានលោកយាយ លោកតា អ៊ុ ពូមីង កំពុងរង់ចាំត្រងត្រាប់ប្រសាសន៍លោក ហ៊ុន ម៉ានី។ មានលោកតា លោកយាយខ្លះ បានប្រាប់ថា គាត់មកពីទីឆ្ងាយ ដើម្បីបានជួប ព្រោះមិនធ្លាប់ដែលបានជួបសំណេះសំណាលដូចច្នេះទេ។
នៅចំពោះមុខលោកយាយ លោកតា អ៊ុ ពូមីង លោក ហ៊ុន ម៉ានី មានមតិស្វាគមន៍យ៉ាងកក់ក្ដៅ និងប្រកប ដោយភាពសប្បាយរីករាយ ជាមួយពុកម៉ែ បងប្អូន ដែលបានចូលរួមជាមួយព្រះតេជគុណ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងសម្ដែងនូវការចូលរួមអបអរសាទរ ជាមួយព្រះតេជគុណគ្រប់ព្រះអង្គ ដែលទទួលបាននូវសមិទ្ធ ផលថ្មីបន្ដែមទៀត ដើម្បីប្រើប្រាស់ជាប្រយោជន៍ និងជួយបំពេញនូវសេចក្ដីត្រូវការរបស់ទីវត្តអារាម។
ទន្ទឹមនឹងការចូលរួមអបអរសាទរ លោកបានមាន ប្រសាសន៍ រំលឹកអនុស្សាវរីយ៍នានា នៅក្នុងឃុំតាសាលជាពិសេស ក្នុងឆ្នាំ២០២០ ដោយលោកបានធ្វើដំណើរទៅកាន់ភ្នំខ្នងផ្សារ។
លោកបានមានប្រសាសន៍ថា: “លោកយាយ លោកតា អ៊ុ ពូ មីង បងប្អូន ពិតជាបានឃើញហើយថា គ្រប់វិស័យទាំងពុទ្ធិចក្រ និងអាណាចក្រ សុទ្ធតែមានការរីកចម្រើនយ៉ាងច្រើន ជាបន្តបន្ទាប់។ ទាំងអស់នេះ កើតឡើងដោយសារកត្តា នៃសុខសន្តិភាព ដែលបានអនុញ្ញាតឲ្យរាជរដ្ឋាភិបាល បានបន្តអភិវឌ្ឍន៍ជាបន្តបន្ទាប់ ទៅដល់គ្រប់ចុងកាត់មាត់ញក ឬតំបន់ដាច់ស្រយាលនានាទូទាំងប្រទេស។ ”
លោកបានគូសបញ្ជាក់ថា: ការធ្វើដំណើរមកកាន់ឃុំតាសាល គឺជាលើកទីបី សម្រាប់រូបលោក។ ការមកកាន់ទីនេះ បានធ្វើឱ្យលោក មើលឃើញពីការវិវត្តន៍នានានៅក្នុងឃុំតាសាល ហើយលើសពីនោះថែមទៀត។
លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ថា: “ពេលធ្វើ ដំណើរមកកម្មវិធីនេះ ខ្ញុំ និងក្រុមការងារ បានជួបប្រទះស្ពានឈឺចាស់មួយកន្លែង ដែលពិបាកឆ្លងកាត់ ហើយត្រូវពង្វាងផ្លូវ ចុះទៅខាងក្រោមស្ពាន ដើម្បីបានបន្តដំណើរ។ ឆ្លៀតឱកាសនេះ ខ្ញុំសូមផ្តល់ជូនស្ពានចំនួនមួយឲ្យរឹងមាំ ជំនួសឲ្យស្ពានឈើ ដែលកំពុងចាស់ទ្រុឌទ្រោម ជាអនុស្សាវរីយ៍ ជូនដល់ប្រជាពលរដ្ឋឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បន្ថែមលើការចូលរួមជាធម្មទានមួយចំនួន ជូនវត្តរុក្ខគិរី ហៅវត្តសំពៅផុស។ស្ពានថ្មីនេះ នឹងជួយសម្រួលដល់ការរស់នៅ ក៏ដូចជាបម្រើប្រយោជន៍ ជូនប្រជាជនក្នុងស្រុកឱរ៉ាល់ជាបន្តបន្ទាប់ទៀត”៕/V