ដោយ​៖ ផេង ពង្ស​រ៉ាស៊ី នាយក​កម្មវិធី​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា/ភ្នំពេញ៖​​ឈឹម ឡុ​ក អាយុ​៧២​ឆ្នាំ សព្វថ្ងៃ​រស់នៅ​ជ្រៃ ឃុំ​ជ្រៃ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។ ឈឹម ឡុ​ក កើត​នៅ​ឆ្នាំ​១៩៥០ ក្នុង​គ្រួសារ​ដែលមាន​ជីវភាព​ក្រីក្រ​នៅ​ភូមិ​ត្រោក ឃុំ​ជ្រៃ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។ ឈឹម ឡុ​ក មិនបាន​រៀនសូត្រ​ជ្រៅជ្រះ​ទេ គឺ​គាត់​បាន​ឈប់រៀន​នៅ​ឆ្នាំ​១៩៦៧ ដើម្បី​ជួយ​ឪពុកម្តាយ​ធ្វើស្រែ និង​ធ្វើ​ការងារ​ក្នុងផ្ទះ​រហូតដល់ លន់ នល់ ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ស​ម្តេច​ព្រះ នរោត្តម សីហនុ នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០​។ ក្រោយ​រដ្ឋប្រហារ​ភ្លាមមាន​ហេតុការណ៍​ដាក់ពង្រាយ​ទាហាន​ធី​វ​គី​នៅលើ​ទឹកដី​ភូមិ​ត្រោក​។ អ្នកភូមិ​ទាំងអស់​បាន​ចាក​ចេញពី​ភូមិកំណើត​របស់ខ្លួន​។


ឈឹម ឡុក អាយុ៧២ឆ្នាំ សព្វថ្ងៃរស់នៅជ្រៃ ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

កាលនោះ​ទីតាំង «​ត្រពាំង​ទ័ព​» ស្ថិតក្នុង​ភូមិ​ត្រោក បាន​ក្លាយជា​សមរភូមិ​ប្រយុទ្ធ​រវាង​កងកម្លាំង​វៀត​កុង និង​ធី​វ​គី ហើយក៏​ជាទី​កន្លែង​មកដល់​ដំបូង​នៃ​កងទ័ព​ធី​វ​គី​រាប់រយ​នាក់​ដែរ​។ ឈឹម ឡុ​ក បានឃើញ​ហេតុការណ៍​នេះ​ផ្ទាល់​ភ្នែក និង​បាន​រំឭក​ឡើងវិញ​ថា​៖
​ខ្ញុំ​រន្ធត់​ខ្លាំងណាស់​នៅ​នៅពេលដែល​ខ្ញុំ​កំពុង​នៅលើ​ចុង​ត្នោត ព្រោះ​បានឃើញ​ផ្ទាល់​ភ្នែក​នូវ​កន្ទុំរុយ (​ឧទ្ធម្ភាគចក្រ​) ចំនួន​១០​គ្រឿង​ផ្ទុក​ទាហាន​ធី​វ​គី​ពេញៗ បន្ទាបខ្លួន​ចុះចត​នៅលើ​ដី ដើម្បី​ឲ្យ​ទាហាន​ទាំងនោះ​ចេញពី​ឧទ្ធម្ភាគចក្រ​។ ក្នុង​មួយ​ឧទ្ធម្ភាគចក្រ មាន​ទាហាន​១២​នាក់​។ នៅពេលដែល​ទាហាន​ទាំងនោះ​ចុះ​អស់ ឧទ្ធម្ភាគចក្រ​ទាំងនេះ​បាន​ហោះ​ត្រឡប់​ទៅវិញ​។ មួយសន្ទុះ​ក្រោយមក ខ្ញុំ​បានឃើញ​ឧទ្ធម្ភាគចក្រ​ត្រឡប់មកវិញ ដោយ​ដឹក​ទាហាន​ធី​វ​គី​មក​បន្ថែមទៀត​។ ខ្ញុំ​មិន​ហ៊ាន​ចុះ​ពីលើ​ចុង​ត្នោត​ឡើយ ព្រោះ​ទាហាន​ធី​វ​គី​នៅ​ជុំគ្នា​ពេញទី​វាល​ចត​ឧទ្ធម្ភាគចក្រ​។ ខ្ញុំ​នៅលើ​ចុង​ត្នោត​រហូត​ទាល់តែ​ឧទ្ធម្ភាគចក្រ​ទាំងនោះ​ត្រឡប់​ទៅវិញ ហើយ​ទាហាន​ធី​វ​គី​ទាំងអស់​បាន​ចាក​ចេញពី​ទីនោះ​។ ខ្ញុំ​បានឃើញ​ឧទ្ធម្ភាគចក្រ​១០​គ្រឿង ចុះចត​ចំនួន​៥​លើក​ក្នុង​ថ្ងៃ​តែមួយ ដើម្បី​ដាក់​ទាហាន​ធី​វ​គី​ចុះ​។ ខ្ញុំ​ភ័យ​ខ្លាំងណាស់ ព្រោះ​ខ្លាច​ទាហាន​ធី​វ​គី​ឃើញ​ខ្ញុំ ហើយ​បាញ់​ខ្ញុំ​ទម្លាក់​ពីលើ​ចុង​ត្នោត​។

​នៅ​ឆ្នាំ​១៩៧១ ខ្ញុំ​បាន​រៀបការ​ជាមួយ​ស្ត្រី​ដែលជា​អ្នកភូមិ​ជាមួយគ្នា ក្នុងពេលដែល​ស្ថានភាព​រស់នៅ​របស់​ប្រជាជន​ទូទៅ​ក្នុង​ឃុំ​ជ្រៃ​កំពុង​ទទួលរង​នូវ​ការទម្លាក់​គ្រាប់បែក និង​ការប្រយុទ្ធ​គ្នា​។ នៅពេលនោះ​ក្រុម​ពួក​រដ្ឋការ (​អ្នក​បម្រើការ​ខាង​របប​សាធារណរដ្ឋ​ខ្មែរ​) មួយ​កង​មាន​គ្នា​ជាង​ដប់​នាក់ បាននាំគ្នា​ចូល​ហូប​អាហារ​ដែល​រៀបចំ​ទុក​សម្រាប់​ទទួលភ្ញៀវ​ក្នុង​ពិធី​រៀបការ​របស់​អ្នកភូមិ ដោយ​មិនបាន​ប្រាប់​ដំណឹង​មុន​ឡើយ​។

ខ្ញុំ និង​ក្រុមគ្រួសារ ក៏ដូចជា​អ្នកភូមិ​ឯទៀត​ដែល​បាន​ចូលរួម​នៅក្នុង​ពិធីមង្គលការមានការ​ភ័យ​ស្លន់ស្លោ​ចំពោះ​វត្តមាន​អ្នក​ទាំងនោះ ព្រោះ​ទាហាន​ម្នាក់ៗ​សុទ្ធ​តែមាន​ស្ពាយ​កាំភ្លើង និង​បង្ហាញ​អាកប្បកិរិយា​ច្រងេងច្រងាង និង​ឫកពារ​មិន​សមរម្យ​។ ក្រោយពេល​រៀបការ ខ្ញុំ​និង​ប្រពន្ធ មិនដែល​បាន​សម្រាក​នៅក្នុង​ផ្ទះ​ជាប់លាប់​ទេ និង​មិនបាន​ប្រកប​របរ​ធ្វើស្រែ​ដូច​រាល់ដង​ដែរ ព្រោះតែ​សង្គ្រាម និង​ការចូល​លុកលុយ​របស់​ទាហាន​ធី​វ​គី និង​ក្រុម​រដ្ឋការ​។ សមរភូមិ​តូចធំ​បានកើត​ឡើងជា​ហូរហែ​នៅក្នុង​ភូមិ​ត្រោក​។ អ្នកភូមិ​ទាំងអស់ បាន​បោះបង់ចោល​ផ្ទះសម្បែង​រប​ស់​ខ្លួន រួច​បាននាំគ្នា​ស្វែងរក​ទីជម្រក​បណ្តោះអាសន្ន​នៅក្បែរ​ផ្លូវជាតិ​លេខ​១​។

​នៅ​ឆ្នាំ​១៩៧២ ខ្ញុំ​និង​ប្រពន្ធ ព្រមទាំង​អ្នកភូមិ​ឯទៀត បាន​វិលត្រឡប​មកកាន់​ភូមិកំណើត​វិញ បន្ទាប់ពី​បានដឹងថា កងកម្លាំង​ធី​វ​គី​និង​ពួក​រដ្ឋការ បានដាក់​មូលដ្ឋានទ័ព​របស់ខ្លួន​នៅក្នុង​បរិវេណ​វត្ត​ព្រៃ​ពោន​។ មកដល់​ផ្ទះ​វិញ អ្នកភូមិ​ភាគច្រើន​បាន​ចូល​បម្រើ​ក្នុង​ជួរ​បដិវត្តន៍​តាម​ការ​អូសទាញ​តៗ​គ្នា​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​។ កងកម្លាំង​វៀត​កុង (​វៀតណាម​ខាងជើង​) គឺជា​អ្នក​ជួយ​បង្ហាត់បង្រៀន​ក្បួន​យុទ្ធសាស្ត្រ​ដល់​អ្នកភូមិ​ដែល​បាន​ស្ម័គ្រចិត្ត​ចូល​បម្រើ​ក្នុង​កងកម្លាំង​រំដោះ ឬ​ចលនា​រួបរួម​ជាតិ​កម្ពុជា​។ មូលដ្ឋាន​មួយកន្លែង​ស្ថិតនៅ​ក្បែរ​វត្ត​បេង ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​មូលដ្ឋាន​យោធា​របស់ លន់ នល់ នៅ​វត្ត​ព្រៃ​ពោន គឺជា​កន្លែង​ប្រមូលផ្តុំ និង​បង្ហាត់បង្រៀន​ក្បួន​យុទ្ធសាស្ត្រ​ដល់​កងកម្លាំង​ខ្មែរ​រំដោះ​។ ខ្ញុំ​មិនបាន​ស្ម័គ្រចិត្ត​ចូល​បម្រើ​ក្នុង​ជួរ​បដិវត្តន៍​ឡើយ​។ ប្រធានភូមិ និង​អ្នក​ស្គាល់គ្នា​ជាច្រើន​នាក់​បានមក​អូសទាញខ្ញុំ​ឲ្យ​ចូល​បម្រើ​ជាតិ ប៉ុន្តែ​ខ្ញុំ​ប្រកែក​ដោយ​លើក​ហេតុផល​ថា នៅ​មើល​ប្រពន្ធ​កូនខ្ចី និង​រកស៊ី​ចិញ្ចឹម​គ្រួសារ​។

​ក្រោយ​ថ្ងៃជ័យ​ជម្នះ​របស់​ខ្មែរក្រហមនៅ​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ខ្ញុំ​ត្រូវបាន​រើសអើង និង​ចាត់​ចូល​ជា​ប្រជាជន​ថ្មី​ដូច​ប្រជាជន​ជម្លៀស​ឯទៀត​ដែរ​។ ខ្ញុំ​ត្រូវបាន​កម្មាភិបាល​ខ្មែរក្រហម​ថ្នាក់មូលដ្ឋាន ចាត់តាំង​ឲ្យ​ធ្វើការ​ងារ​រែក​ដី លើក​ទំនប់ ជីក​ប្រឡាយ ភ្ជួរស្រែ និង​ដឹកជញ្ជូន​ស្រូវ​។ ខ្ញុំ​បាន​ហូបបាយ​នៅត្រឹមតែ​ដើមឆ្នាំ​១៩៧៦​ប៉ុណ្ណោះ ក្រោយមក​ត្រូវ​ប្តូរ​មក​ហូប​បបរ​រហូតដល់​ថ្ងៃ​រំដោះ​ទី​៧ ខែមករា ឆ្នាំ​១៩៧៩​។ ខ្ញុំ​មិនមាន​បាត់បង់​សមាជិកគ្រួសារ​ណា​ម្នាក់​ក្នុង​របប​ខ្មែរក្រហម​ឡើយ​។ អ្វីដែល​ពិបាក​បំផុត​សម្រាប់​ខ្ញុំ​នៅ​សម័យ​នោះ គឺ​ការហូបចុក​មិន​គ្រប់គ្រាន់ ហើយ​ហេតុការណ៍​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​រន្ធត់​បំផុត​នោះ គឺ​ឃើញ​សាកសព​មនុស្ស​នៅក្នុង​រណ្តៅ និង​ស្លាកស្នាម​នៃ​ការធ្វើ​ទារុណកម្ម​របស់​កម្មាភិបាល​ខ្មែរក្រហម​ខាង​ភូមិភាគ​និរតី​មកលើ​ប្រជាជន​និង​អតីត​កម្មាភិបាល​ខ្មែរក្រហម​ខាង​ភូមិភាគ​បូព៌ា​។

​ខ្ញុំ​នៅចាំ​ថា «​ថ្ងៃមួយ​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​ក្នុង​ឆ្នាំ​១៩៧៨ ខ្ញុំ​បាន​បណ្តើរ​គោ​ឲ្យ​ស៊ី​ស្មៅ​រហូតដល់​ប្រទះឃើញ​រណ្តៅ​ធំៗ​ចំនួន​បី និង​បង្គោល​ឫស្សី​បញ្ឈរ​ខ្ពស់ៗ​ចំនួន​ពីរ ដែល​នៅ​ខាងចុង​មាន​ចងភ្ជាប់​មេក្រូ​ពីរ​សម្រាប់​ចាក់​បន្លឺសំឡេង​ឡើង​។ រណ្តៅ​ទាំងនោះ​មាន​ទំហំ​ប្រហែល​៦​ម៉ែត្រ​កា​រ៉ែ​។ ខ្ញុំ​មិនដឹង​ពី​ជម្រៅ​រណ្តៅ​ទេ ព្រោះ​សាកសព​មនុស្ស​នៅ​ពេញ​រណ្តៅ​ទាំងបី​នោះ​។ ខ្ញុំ​រន្ធត់​ខ្លាំងណាស់​។ ខ្ញុំ​ឃើញ​សាកសព​ដែល​ស្លាប់​ទៅហើយ និង​ឃើញ​មនុស្ស កំពុង​ប្រកាច់ ព្រមទាំង​ឃើញ​មនុស្ស​ដែល​ខំប្រឹង​វារ​តោង​សាកសព​ដទៃទៀត​ដើម្បី​ឡើងមក​ខាងលើ​មាត់​រណ្តៅ​។ ខ្ញុំ​ឃើញ​ឈាម​ប្រឡាក់​សាកសព អ្នករងរបួស និង​ឃើញ​ឧបករណ៍​ធ្វើ​ទារុណកម្ម និង​វាយ​សម្លាប់​។ ខ្ញុំ​ហូប​បបរ​មិន​ចូល បន្ទាប់ពី​ឃើញ​ហេតុការណ៍​នោះ​។ ក្រោយមក ខ្មែរក្រហម​មកពី​ខាង​ភូមិភាគ​និរតី​បាន​បង្ខំ​ខ្ញុំ និង​ប្រជាជន​ឯទៀត​ឲ្យ​ចាកចេញ​ទៅកាន់​ស្រុក​ព្រះស្តេច និង​បន្តទៅ​អ្នក​លឿង​។ ខ្ញុំ​មិនបាន​ទៅ​អ្នក​លឿង​ទេ ព្រោះ​កងកម្លាំង​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​មកជួយ​សង្គ្រោះ​។ ខ្ញុំ​បាន​ត្រឡប់មក​ស្រុកកំណើត​វិញ និង​បានរស់នៅ​ជុំ​គ្រួសារ​រហូតមក​។

​សព្វថ្ងៃ​ខ្ញុំ​មានមុខរ​បរជា​ចុងភៅនិង​ជា​អ្នក​បណ្តុះ​សណ្តែក​លក់​។ ប្រពន្ធ​របស់ខ្ញុំ​បាន​ជួយ​ធ្វើ​កិច្ចការ​នេះ​។ បន្ទាប់ពី​ជំងឺ​កូ​វីដ​-១៩ បាន​ថមថយ ខ្ញុំ​ពុំ​សូវ​មាន​ពេលទំនេរ​ឡើយ ព្រោះ​ខ្ញុំ​ត្រូវ​ទៅធ្វើ​ចុងភៅ​នៅតាម​ពិធីបុណ្យ និង​មង្គលការ​នៅក្នុង​ឃុំ​ជ្រៃ និង​ឃុំ​ផ្សេងៗ​ទៀត​។ ក្រៅពី​កិច្ចការ​ចុងភៅ ខ្ញុំ​មាន​តួនាទី​មួយទៀត​គឺ ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ឃុំ​ជ្រៃ​។ ខ្ញុំ​សូម​ផ្តាំផ្ញើ​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ ខិតខំ​រៀនសូត្រ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ឲ្យ​បានច្បាស់លាស់​ដើម្បី​ជាការ​ចូលរួម​ទប់ស្កាត់​ការវិលត្រឡប់​នៃ​របប ប៉ុល ពត ជា​លើក​ទី​ពីរ​៕សរន