ដោយ : ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ កាលពី​ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២២ នៅ​សាលាខេត្ត​បន្ទាយមានជ័យ អគ្គលេខាធិការដ្ឋាន​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បានធ្វើ​ពិធី​ប្រគល់ ទទួល​កុំព្យូទ័រ​ដល់ រដ្ឋបាលខេត្ត រដ្ឋបាល​ក្រុង​ស្រុក និង​ពិភាក្សា​ពី​ទិដ្ឋភាព​សង្គម​សេដ្ឋកិច្ច​ស្ដីពី​ការវិភាគ​SWOT​។​

​លោក​បឹង គឹម​សឹង្ហ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្តបន្ទាយមានជ័យ​មានប្រសាសន៍ថា ពិធី​នេះ ក៏មាន​វេទិកា​នៃ​ការធ្វើ​បទ​បង្ហាញ​ស្ដីពី​ទិដ្ឋភាព​សង្គម​សេដ្ឋកិច្ច​និង​ការវិភាគ​SWOT ដើម្បី​កំណត់​អំពី​សក្ដានុពល​និង​បញ្ហា​ប្រឈម ក្នុង​កិច្ច​អភិវឌ្ឍ​របស់​ខេត្តបន្ទាយមានជ័យ ។​
​ក្នុង​នោះបាន​ផ្ដោតទៅលើ​ចំណុច​សំខាន់​រួមមាន​: ព័ត៌មាន​ទូទៅ​វិស័យ​កសិកម្ម កម្សាន្ត និង​សកម្មភាព ក្នុង​វិស័យ​សេវាកម្ម​វិស័យ​ទេសចរណ៍ វិស័យ​ហិរញ្ញវត្ថុ វិស័យ​សុខាភិបាល និង​វិស័យ​អប់រំ​។​

លោកស្រី រស់ សុ​ផានី អភិបាលរង​ខេត្ត បន្ទាយមានជ័យ បាន​មានប្រសាសន៍ថា ទោះជា​ក្នុងស្ថានភាព​ដែល​កម្ពុជា​កំពុង​ទទួលរង​នូវ​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក្នុង​រយៈកាល​ជាង​ពីរ​ឆ្នាំ​មកនេះ ក៏​កម្មវិធី​កំណែទម្រង់​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ចូលរួមចំណែក ទ្រទ្រង់​ស្ថានភាព​សេដ្ឋកិច្ច​នៅលើ​មាគ៌ា​និង​ទិសដៅ​ដ៏​ត្រឹមត្រូវ​ដែល​យើង​អាច​រក្សាបាន​នូវ​ភាព ជា​ម្ចាស់​ទាំងស្រុង​។​

​លោក យ៉េន វី​ណែ​ល អនុប្រធាន​គណ​:​ក​ម្មា​ធិ​ការដឹកនាំ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណ​: និង​អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​មានប្រសាសន៍ថា ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​នៅ​កម្ពុជា​អាច​រក្សាបាន​នូវ​ភាពល្អប្រសើរ​។​
ពោលគឺ​ឆ្លុះបញ្ចាំង​តាមរយៈ​ការធានាបាន​នូវ​សេរីភាព នៃ​ការប្រមូល​ចំណូល​ជារួម​មិន​ឲ្យ​ធ្លាក់ចុះ​ខ្លាំង​និង​ការវិភាគ​លើកឡើង​វិញ​នូវ​ចំណូល​ចំណាយ​ប្រចាំឆ្នាំ រាជរដ្ឋាភិបាល​មាន​សមត្ថភាព អាច​គ្រប់គ្រង​សភាពការណ៍ វិ​វត្ត​នៃ​ជំងឺ​កូ​វីដ​១៩ បាន ។​

​លោក​យ៉េន វី​ណែ​ល បាន​បន្តថា ដោយ​ផ្អែកលើ មូលដ្ឋានគ្រឹះ​រឹងមាំ​នៃ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​សាធារណៈ​ដែល​យើង​ខិតខំ​កសាង​ក្នុង​រយៈកាល​ជាង​២ ទសវត្សរ៍ រួមជាមួយ​នឹង​ការចូលរួម​យ៉ាងសកម្ម​របស់​ពី​គ្រប់​តួអង្គ រួមទាំង​ដៃគូ​អភិវឌ្ឍន៍​ផ្សេងៗ ស្ថានភាព​ទូទៅ​នៅ​កម្ពុជា​គឺ​នៅតែ​ប្រសើរ​៕​