ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ គណ:កម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់ គណបក្សនយោបាយ បេក្ខជន អ្នកគាំទ្រនៃ គណបក្សនយោបាយទាំងអស់ ត្រូវតែគោរពតាមគោលការណ៍នានា ដែលបានកំណត់ដោយ គ.ជ.ប ដើម្បីឱ្យការឃោសនា បោះឆ្នោត របស់គណបក្សនយោបាយ ប្រព្រឹត្តទៅដោយសន្តិវិធី អហិង្សា សន្តិសុខ និង សុវត្ថិភាព។

ការអំពាវនាវនេះ បានធ្វើឡើង ខណៈពេលការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នឹងចាប់ផ្ដើម ពីថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ពោលគឺ មានរយៈពេល ១៤ថ្ងៃ ។

បើយោងតាមសេចក្តីអំពាវនាវរបស់គណ:កម្មា ធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី១៧ ខែឧសភា បានឲ្យដឹងថា: អនុលោមតាមច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ ការឃោសនាបោះឆ្នោត មានបំណងឱ្យគណបក្ស នយោបាយ ដែលបានចុះបញ្ជីបេក្ខជន ឈរឈ្មោះបោះឆ្នោត និងបេក្ខជន ធ្វើការផ្សព្វផ្សាយ អំពីគោលនយោបាយ និង កម្មវិធីនយោបាយរបស់ខ្លួន ក្នុងការអភិវឌ្ឍឃុំ សង្កាត់ ដល់អ្នកបោះឆ្នោត ។ ការឃោសនាបោះឆ្នោត គឺជាសកម្មភាព មួយចំនួន ដែលត្រូវធ្វើជាសាធារណៈ ដើម្បីបញ្ចុះបញ្ចូលអ្នកបោះឆ្នោត ឱ្យបោះឆ្នោត គាំទ្របេក្ខជន ឬគណបក្សនយោបាយ ណាមួយ។

ប្រភពដដែល បានបញ្ជាក់ថា: នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលមានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត សូមអំពាវនាវដល់ គណបក្សនយោបាយ បេក្ខជន អ្នកគាំទ្រនៃ គណបក្សនយោបាយ ទាំងអស់ ត្រូវតែគោរពតាមវិធាន បទប្បញ្ញត្តិ និងគោលការណ៍ ដែលចែង ក្នុងច្បាប់ស្តីពី ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ គោរពតាមបទបញ្ជា និងនីតិវិធី ក្រមសីលធម៌ និងគោលការណ៍នានា ដែលបានកំណត់ ដោយ គ.ជ.ប ដើម្បីឱ្យការឃោសនាបោះឆ្នោត របស់គណបក្សនយោបាយ ប្រព្រឹត្តទៅ ដោយសន្តិវិធី អហិង្សា សន្តិសុខ និងសុវត្ថិភាព។

ជាមួយគ្នានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏បានអំពាវនាវដល់ អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ត្រូវប្រកាន់ ជំហរអព្យាក្រឹត ឥតលម្អៀង ក្នុងសកម្មភាពការងាររបស់ខ្លួន និងត្រូវសម្របសម្រួល ទីកន្លែង ផ្លូវ ពេលវេលា ដើម្បីឱ្យគណបក្សនយោបាយនីមួយៗ អាចអនុវត្តកម្មវិធីឃោសនាបោះឆ្នោត និងការហែក្បួន ឃោសនាបោះឆ្នោតរបស់ខ្លួន ប្រព្រឹត្តទៅដោយស្មើភាពគ្នា។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សង្ឃឹមយ៉ាងមុតមាំថា បណ្តាគណបក្សនយោបាយ អាជ្ញាធរគ្រប់លំ ដាប់ថ្នាក់ និងភាគីពាក់ព័ន្ធ នឹងចូលរួមសហការ តាមការអំពាវនាវ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដោយគោរព ច្បាប់ ជាធរមាន ដើម្បីឱ្យ ការឃោសនាបោះឆ្នោតនេះ ប្រព្រឹត្តទៅ ដោយរលូន និងធានាបាននូវសិទ្ធិ គណបក្ស នយោបាយ និងសិទ្ធិជាមូលដ្ឋានរបស់ ប្រជាពលរដ្ឋ៕/V

(រូបថត:ឯកសារ) ការឃោសនាបោះឆ្នោត កាលពីអាណត្តិទី៤