ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ ដើម្បីឱ្យដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ និងបរិយាកាសស្ងប់ស្ងាត់ល្អ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីណែនាំដល់ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ប្រធានគណៈកម្មការឃុំ សង្កាត់រៀបចំ ការបោះឆ្នោត (គឃ.សប) និងប្រធានគណៈកម្មការ ការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត (គ.ក.ប/គ.ក.រ) ។ នេះបើយោងតាម សេចក្តីណែនាំរបស់ គ.ជ.ប ចុះថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ដែលត្រូវបានផ្សព្វផ្សាយ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នេះ។
សេចក្តីណែនាំស្តីពី ការពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងការិយាល័យបោះឆ្នោត និងការិយាល័យ រាប់សន្លឹកឆ្នោត ក្នុងដំណើរការជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ មានខ្លឹមសារដូចខាងក្រោម៖
១- អ្នកដែលមានសិទ្ធិចូល ក្នុងការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ក. អ្នកដែលមានសិទ្ធិចូលក្នុងការិយាល័យបោះឆ្នោត ត្រូវបានអនុញ្ញាតឱ្យចូលក្នុងការិយាល័យបោះឆ្នោត និងបរិវេណខាងក្នុង នូវជនទំាងឡាយដូចខាងក្រោម៖
– មន្រ្តីបោះឆ្នោត ដែលបានទទួលការតែងតំាងពី គ.ជ.ប
– ភ្នាក់ងារគណបក្សនយោបាយ ដែលមានបញ្ជីបេក្ខជនឈរឈ្មោះ និងដែលបានអនុញ្ញាត និងអ្នកសង្កេតការណ៍ ដែលមានប័ណ្ណសម្គាល់ផ្តល់ឱ្យដោយ គ.ជ.ប
– អ្នកសារព័ត៌មានដែលមានប័ណ្ណសម្គាល់ ផ្តល់ឱ្យដោយ គ.ជ.ប ។ ក្នុងករណីគ្មានប័ណ្ណសម្គាល់អនុញ្ញាត អ្នកសារព័ត៌មាន អាចចូលក្នុងការិយាល័យបោះឆ្នោត ដើម្បីគោលបំណងបោះឆ្នោតតែប៉ុណ្ណោះ ប្រសិនបើគាត់មានឈ្មោះបោះឆ្នោត នៅការិយាល័យបោះឆ្នោតនោះ
– អ្នកដែលមានសិទ្ធិបោះឆ្នោត ហើយត្រូវបោះឆ្នោតនៅការិយាល័យបោះឆ្នោតនោះ
– ជនដែលអមដំណើរអ្នកបោះឆ្នោត ជាជនមានពិការភាព តាមលក្ខខណ្ឌដូចមានចែងក្នុងមាត្រា ១១៦ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
– ភ្នាក់ងារសន្តិសុខបោះឆ្នោត និងភ្នាក់ងារសង្គ្រោះ នៅពេលដែលប្រធាន គ.ក.ប ធ្វើសំណូមពរក្នុងករណីចាំបាច់។
ខ. អ្នកដែលមានសិទ្ធិចូលក្នុងការិយាល័យរាប់សន្លឹកឆ្នោត ត្រូវបានអនុញ្ញាតឱ្យចូលក្នុងការិយាល័យរាប់សន្លឹកឆ្នោត និងបរិវេណខាងក្នុងនូវជនទំាងឡាយដូចខាងក្រោម ៖
– មន្រ្តីរាប់សន្លឹកឆ្នោត ដែលបានទទួលការតែងតាំងពី គ.ជ.ប
– ភ្នាក់ងារគណបក្សនយោបាយ ដែលមានបញ្ជីបេក្ខជនឈរឈ្មោះ និងដែលបានអនុញ្ញាតអ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មាន ដែលមានប័ណ្ណសម្គាល់ផ្តល់ឱ្យដោយ គ.ជ.ប
– ភ្នាក់ងារសន្តិសុខបោះឆ្នោត និងភ្នាក់ងារសង្គ្រោះ នៅពេលដែលប្រធាន គ.ក.រ ធ្វើសំណូមពរ ក្នុងករណីចាំបាច់។
២- អ្នកដែលមិនមានសិទ្ធិចូលក្នុងការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត
មិនត្រូវបានអនុញ្ញាតឱ្យចូល ក្នុងការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត និងបរិវេណខាងក្នុងនូវជនទំាងឡាយ ដែលមិនស្ថិតក្នុងចំណុចទី១ ខាងលើ។ អ្នកដែលប្រព្រឹត្តអំពើល្មើស ដូចមានចែងក្នុងចំណុចខាងលើ ត្រូវទទួលពិន័យ តាមមាត្រា១៧១ នៃ ច.ប.ឃ.ស ដោយការផាកពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន) រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន) រៀល ដោយ គ.ជ.ប ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត។
៣- អំពីកិច្ចសហការ និងការអនុវត្ត: គធ.ខប គឃ.សប និង គ.ក.ប/គ.ក.រ ត្រូវសហការជាមួយកម្លាំងសន្តិសុខបោះឆ្នោត តាមមូលដ្ឋាន និងតាមការិយាល័យនីមួយៗ រៀងៗខ្លួន ដើម្បីធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ ក្នុងដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត។
គធ.ខប ត្រូវធ្វើការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយដល់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល និងប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោត។
ទទួលបានសេចក្តីណែនាំនេះ ប្រធាន គធ.ខប ប្រធាន គឃ.សប និងប្រធាន គ.ក.ប/គ.ក.រ ត្រូវយកចិត្តទុកដាក់សហការអនុវត្តឱ្យមានប្រសិទ្ធភាព និងក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ៕/V
រូបថត:ឯកសារ