ដោយៈសៅវ៉ាន់ឌី/ព្រះវិហារៈបន្ទាប់ពីទទួលបានដំណឹងអកុសលចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យឪពុកម្តាយរបស់តារាចម្រៀង សុវត្ថិឌី ធារិកា បាត់បង់ជីវិតទាំងពីរនាក់ គេសង្កេតឃើញតារាចម្រៀង តារាសម្តែង.អ្នកសិល្បៈដែលធ្លាប់ស្គាល់តារាចម្រៀង សុវត្ថិឌី ធារិកា និងមហាជនទូទៅ បានសម្តែងក្តីតក់ស្លុត រន្ធត់ចិត្ត និងបានចូលរួមរំលែកទុក្ខ។

សូមជម្រាបថា រថយន្ដរបស់តារាចម្រៀង សុវត្ថិឌី ធារិកា បានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ដោយខ្លួនឯង បណ្ដាលឲ្យស្លាប់ឪពុក និងម្ដាយ នៅរសៀលថ្ងៃទី១៧ ខែឧសភានៅ ស្រុកឆែប ខេត្តព្រះវិហារ ក្រោយត្រឡប់មកពីចូលរួមកម្មវិធីនៅស្រុកឆែប ខេត្តព្រះវិហារ ។

បើតាមលោកឧត្តមសេនីយ៍ស្នងការក្រោយកើតហេតុភ្លាមៗកម្លាំងនគរបាលមូលដ្ឋាន បានចុះទៅជួយអន្តរាគមន៍ប៉ុន្តែជាអកុសលជួយមិនទាន់ដោយសារជនរងគ្រោះ ក្រឡាប់ចូលប្រឡាយទឹកនៅជាប់ផ្លូវបណ្តាល ឲ្យឈ្លក់ស្លាប់តែម្តង។

លោកវរសេនីយ៍ឯក ឈួរ ម៉ាឌី អធិការនគរបាលស្រុកឆែប បានបញ្ជាក់ថាហេតុការណ៍នេះ គឺរថយន្ដក្រឡាប់ធ្លាក់ទឹកដោយខ្លួនឯង ហើយជនរងគ្រោះដែលស្លាប់ទំនងជាឈ្លក់ទឹក ដែលមិនអាចសង្គ្រោះបានទាន់ពេលវេលា។

តាមរយៈ Facebook របស់តារាចម្រៀង សុវត្ថិឌី ធារិកា បានឲ្យដឹងថាកាលពីព្រឹកមិញនេះ រូបនាងបានទៅចូលរួមកម្មវិធីសម្ពោធ និងសំណង់សិល្បការផ្សេងៗ ស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ លុះត្រឡប់មកវិញ ក៏បានជួបនូវហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះតែម្ដងទៅ៕សរន