​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១៧​ឧសភា​ថា ការចរចា​សន្តិភាពរ​វាង​រុស្ស៊ី​និង​អ៊ុយ​ក្រែន​បាន​ជាប់គាំង ដោយ​ភាគី​ទាំង​សងខាង​បាន​បន្ត​ស្តីបន្ទោស​គ្នា ហើយ​ទីក្រុង​មូ​ស្គូ​លើកឡើងថា ការវិល​ត្រឡប់​ទៅ​កាន់​កិច្ចចរចា​វិញ​អាច​នឹង​ពិបាក​។​

​រុស្ស៊ី​បាន​ចោទប្រកាន់​អ៊ុយ​ក្រែនថា​បាន​ពង្រឹង​ជំហ​ររបស់​ខ្លួន​កាន់តែ​តឹង​និង​បន្ទោស​លោកខាងលិច​សម្រាប់​ការពង្រឹង​ជំហរ​រឹងទទឹង​ដល់​រដ្ឋាភិបាល​ក្នុង​ទីក្រុង​គៀវ ដោយ​រដ្ឋមន្ត្រី​ការបរទេស សឺ​ហ្គេ ​ឡាវ​រ៉ូវ និយាយថា ទីក្រុង​វ៉ាស៊ីនតោន ទីក្រុង​ឡុង​ដ៍ និង​ទីក្រុង​ព្រុច​សែល​ចង់​ប្រើប្រាស់​អ៊ុ​យ​ក្រែន​ដើម្បី​ទទួលបាន​ផលប្រយោ​ជន៍​ជា​យុទ្ធសាស្ត្រ​របស់​ពួកគេ​។​

​លោក​ឡាវ​រ៉ូវ​និយាយថា លោក​ជឿថា​គ្មាន​កិច្ចព្រមព្រៀង​ណាមួយ​អាច​ធ្វើឡើង​បានទេ ប្រសិនបើ​អ្នក​ចរចា​ព្យាយាម “​ផ្ទេរ​ការសន្ទនា​”​ដើម្បី​ផ្តោតលើ​អ្វី​ដែល​លោក​ខាងលិច​និយាយ​ជំនួស​ឱ្យ​ស្ថានការណ៍​​បន្ទាន់​នៅ​អ៊ុ​យក្រែន​។ លោក​បាន​បន្ថែមថា ការណ៍​នោះបាន​ទាត់ចោល​ឱកាស​សម្រាប់​វឌ្ឍនភាព​ក្នុង​ការចរចា​។​

​លោក​ឡាវ​រ៉ូវ​និយាយថា “​យើង​តែងតែ​និយាយថា​យើង​ត្រៀម​ខ្លួន​រួច​ជាស្រេច​សម្រាប់​ការចរចា​…​ប៉ុន្តែ​យើង​មិន​ត្រូវបាន​ផ្តល់​ជម្រើស​ផ្សេង​នោះទេ​”​។​

​អ៊ុយ​ក្រែ​ន​និង​រុស្ស៊ី​បានបើក​កិច្ចចរចា​សន្តិភាព​ឥតឈប់ឈរ​ចាប់តាំងពី​ចុងខែ​កុម្ភៈ​ឆ្នាំ ២០២២ ពោល​តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​រុស្ស៊ី​បាន​ឈ្លានពាន​ប្រទេសជិតខាង​ប៉ុន្តែ​មាន​ទំនាក់ទំនង​តិចតួច​រវាង​ពួក​​គេ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​។​

​កាលពី​ថ្ងៃ​អង្គារ​ផងដែរ អនុ​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក អេន​ឌ្រី រូ​ដេន​កូ (Andrey Rudenko) បាន​និយាយថា តាម​ជាក់ស្តែង​អ៊ុ​យក្រែន​”​បាន​ដកខ្លួន​ចេញពី​ដំណើរការ​ចរចា​ទៅហើយ​”​ខណៈ​អ្នក​​ចរចា​រុស្ស៊ី​លោក លី​អូ​នី​ត ស្លុត​ស្គី (Leonid Slutsky) និយាយថា កិច្ចពិភាក្សា​មិន​ត្រូវបាន​ធ្វើឡើង​ក្នុង​ទម្រង់​ណាមួយ​នោះ​ឡើយ​។​

​លោក​ស្លុត​ស្គី​និយាយថា “​ក្រសួងការបរទេស​អាម៉េរិក​មិនគួរ​ព្យាយាម​បង្កើត​លក្ខខណ្ឌ​តាម​រយៈ​ជំនួយ​យោធា​ដល់​ទីក្រុង​គៀវ​នោះទេ​។ ឥត​ប្រយោជន៍​ទេ​”​។​

​សហរដ្ឋ​អាម៉េរិក​ត្រូវ​គេ​រំពឹងថា​នឹង​អនុម័ត​កញ្ចប់​ជំនួយ​ផ្នែក​យោធា​និង​សេដ្ឋកិច្ច​ចំនួន ៤០ ពាន់​លាន​ដុល្លារ​សម្រាប់​អ៊ុយ​ក្រែន​ក្នុង​សប្តាហ៍​នេះ ដោយ​ការផ្គត់ផ្គង់​អាវុធ​និង​ជំនួយ​សរុប​ពី​លោក​ខាងលិច​បាន​កើនឡើង​យ៉ាងខ្លាំង​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​៕

រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក សឺ​ហ្គេ ឡាវ​រ៉ូវ