ដោយ​:​បាយ័ន​/​សៀមរាប​: ដោយ​ក្តី​នឹករលឹក​ចំពោះ​ជាតិ​មាតុភូមិ​កម្ពុជា បានធ្វើ​លោកយាយ​ជនជាតិខ្មែរ​-​អាមេរិកាំង​មួយរូប មាន​វ័យ ៨៤​ឆ្នាំ បាន​ផ្ញើ​ថវិកា ២​ពាន់​ដុល្លារ និង​ចាក់​ម៉ាស់​ផ្ទាល់ដៃ ៥៦​ម៉ាស់ តាម​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី យកទៅ​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា ដើម្បី​ជាការ​រួមចំណែក​ក្នុង​បុព្វហេតុ​ជួយ​ដល់​កុមារ​កម្ពុជា​។ នេះ​បើតាម​ការផ្សាយ​របស់​នូ​ល​និ​ធិ​គ​ន្ធា​បុប្ផា​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២២​នេះ​។​

​ថវិកា ២​ពាន់​ដុល្លារ និង​ម៉ាស់​ចាក់​ដោយ​ដៃ របស់​លោកយាយ ដោ ព្រឿង ត្រូវបាន​មន្ត្រី​ខុទ្ទកាល័យ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នាំយកទៅ​ប្រគល់ជូន​ដល់​មន្ទីរ​កុមារ​ពេទ្យ​គន្ធបុប្ផា ក្នុង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២២​។​

​លោកយាយ ដោ ព្រឿង អាយុ ៨៤​ឆ្នាំ សព្វថ្ងៃ​រស់នៅ​ទីក្រុង​ឡូ​វែ​ល រដ្ឋ​ម៉ាសាឈូសេត ជាមួយ​កូនស្រី​។ លោកយាយ​មានកូន ៦​នាក់ ប្រុស ០៣​នាក់ ស្រី ០៣​នាក់​។ លោកយាយ​បាន​មកដល់​សហរដ្ឋអាមេរិក ខែកញ្ញា ឆ្នាំ​១៩៨០ ជា​ជនភៀសខ្លួន ឆ្លងកាត់​ការរស់នៅ​ក្នុង​ជំរំខៅអ៊ីដាង ប្រទេស​ថៃ​។​

​ពេលទៅដល់​សហរដ្ឋអាមេរិក លោកយាយ រស់នៅ​រដ្ឋ​វី​ជី​ញ៉ា (Virginia) រួច​ផ្លាស់​ទី​មក​រស់នៅ​ទីក្រុង​ឡូ​វែ​ល ក្នុង​ឆ្នាំ​១៩៨៩​។

​លោកយាយ​ជា​អ្នក​ជួយ​មើលថែទាំ​កូនចៅ​រហូតមកដល់​ប​ច្ចុ​ប្បន្ន​។ លោកយាយ​ស្រលាញ់​សម្តេច​តេ​ជោ​ខ្លាំងណាស់ បើទោះបីជា​ជិះ​លើ​រទេះរុញ​ក៏ពិតមែន ប៉ុន្តែ​លោកយាយ​បាន​ព្យាយាម​ស្កាត់​ជួប​សម្តេច​តេ​ជោ និង​បាន​ប្រគល់ជូន​នូវ​អំណោយ​ដ៏​សប្បុរសធម៌​នេះ ជូន​សម្តេច​តេ​ជោ ដើម្បី​សម្តេច​ប្រគល់ជូន​ដល់​សកម្មភាព​មនុស្សធម៌ របស់​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា ក្នុងពេល​សម្តេច​អញ្ជើញ​ទៅ​អាមេរិក​កាលពីពេល​ថ្មីៗ​នេះ​។​

​លោកយាយ ដោ ព្រឿង ធ្លាប់បាន​និយាយប្រាប់​កូនចៅ​ជាច្រើនលើក​ថា បំណងប្រាថ្នា​ចុងក្រោយ​របស់លោក​យាយ គឺ​ចង់​ជួប​សម្តេច​តេ​ជោ​ដោយផ្ទាល់ ដើម្បី​អរគុណ​សម្តេច​តេ​ជោ ដែល​បាន​ជួយ​ជីវិត​លោកយាយ និង​ក្រុមគ្រួសារ​ពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដែល​ក្រុមគ្រួសារ​លោកយាយ​ទាំងមូល ស្ទើរតែ​ត្រូវបាន​សម្លាប់​ផុត​ពូជ​។ ជា​ភ័ព្វសំណាង បន្ទាប់ពី​ធ្វើដំណើរ​ជាង ១០​ម៉ោង​តាម​រថយន្ត លោកយាយ​បាន​ជួប​សម្តេច​តេ​ជោ​ដោយផ្ទាល់​កាលពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២២ នៅក្រៅ​សណ្ឋាគារ Wallard Inter Continental ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ធ្វើអោយ​បំណងប្រាថ្នា​លោកយាយ ក្នុងដំណាក់កាល​ចុងក្រោយ នៃ​ជីវិត​ដូច​បំណងប្រាថ្នា​។​

​លើសពីនេះទៅទៀត លោកយាយ​ពុំបាន​ឱ្យ​កូនចៅ​ទាំងអស់​ដឹងថា លោកយាយ​បាន​សន្សំ​ប្រាក់​ផ្ទាល់ខ្លួន លាក់​ក្នុង​ស្រោមសំបុត្រ​ចំនួន ២​ពាន់​ដុល្លារ ជូន​សម្តេច​តេ​ជោ​ដោយផ្ទាល់ ដើម្បី​ឧបត្ថម្ភ​ដល់​មន្ទីរ​កុមារ​ពេទ្យ​គន្ធបុប្ផា​នោះឡើយ​។ លោកយាយ​ក៏បាន​ចំណាយពេល​ដេរ​ម៉ាស់ ពី​ក្រណាត់​សូត្រ និង​ហូល​ផាមួង​ខ្មែរ ដោយផ្ទាល់​ដៃ​បាន​ចំនួន ៥៦​ម៉ាស់ ជូន​សម្តេច​តេ​ជោ ដើម្បី​រួមចំណែក​ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីត​-១៩ នៅ​កម្ពុជា​។​

​លោកយាយ ដោ ព្រឿង និយាយថា លោកយាយ​មិនបាន​ជួយ​ដល់​ប្រទេសជាតិ​នោះទេ តែ​ពេលនេះ​លោកយាយ​បាន​ជួយ​តាមរយៈ​សម្តេច​តេ​ជោ ជូន​ដល់​ប្រទេស​កំណើត​របស់​លោកយាយ គឺ​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា ពិសេស​ជួយ​ដល់​កុមារ​ងាយ​រងគ្រោះ​។​

​ថ្នាក់ដឹកនាំ​នៃ​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា បាន​ថ្លែង​នូវ​អំណរគុណ​ចំពោះ​សណ្តាន​ចិត្ត​ប្រកបដោយ​ព្រហ្មវិហា​ធម៌​របស់​សម្តេច​ជោ និង​លោកយាយ ដោ ព្រឿង ចំពោះ​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា និង​សូម​ប្រសិទ្ធពរ​សម្តេច​តេ​ជោ និង​លោកយាយ មាន​សុខ​ភាពល្អ​បរិបូរណ៍ និង​មាន​អាយុ​យ៉ឺ​ន​យូរ​៕​