ដោយ: ប.ជ័យ / បន្ទាយមានជ័យៈ ករណីមន្ត្រីប៉ូលិសការិយាល័យកិច្ចការផ្ទៃក្នុង ក្រសួងមហាផ្ទៃម្នាក់ បាញ់អ្នកឃ្វាលក្របី ដែលចូលស៊ីស្មៅក្នុងដីវាលរបស់ខ្លួន នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កន្លងមក ឥឡូវនេះ ភាគីបង្កបានទៅចរចា ២លើកហើយ ជាមួយភាគីរងគ្រោះ ដើម្បីជួយសំណង រដ្ឋប្បវេណី ក្នុងនោះ ជនបង្កបានសុខចិត្តសងជំងឺចិត្ត ចំនួន ៥ ពាន់ដុល្លារអាម៉េរិក នៅពេលខាងជនរងគ្រោះ ទាមទារសំណង ដល់ទៅ ៥ ម៉ឺនដុល្លារ អាម៉េរិក ឯណោះ។ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺជនដៃដល់ បន្តនៅក្រៅដៃសមត្ថកិច្ច ដដែលទេ។
ចំពោះជនរងគ្រោះ ដែលរងរបួសបាក់ឆ្អឹងតួច និងដាច់សរសៃធំ កំភួនជើងឆ្វេង នោះវិញ មកទល់ពេលនេះ បន្តស្ថិតនៅក្នុងការព្យាបាល ក្នុងមន្ទីរពេទ្យមិត្តភាព កម្ពុជា ជប៉ុននៅឡើយ ហើយគ្រូពេទ្យ បាននិយាយថាៈ ស្ថានភាពជំងឺ នៅមិនទាន់ធូរស្រាលនៅឡើយ ។
នេះបើតាមអ្នកស្រី រស់ រដ្ឋ ត្រូវជាភរិយារបស់ជនរងគ្រោះ ដែលជាអ្នកឃ្វាល ក្របី មានឈ្មោះ ឃាង វណ្ណា អាយុ ៥៥ ឆ្នាំ រស់នៅភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានប្រាប់កាសែតរស្មីកម្ពុជា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។
អ្នកស្រី បានបន្តថា: តាំងពីកើតហេតុមក ភាគីខាងជនបង្ក បានមកចរចានឹងខាង ភាគីអ្នកស្រី ចំនួន ២ លើកហើយ នៅអធិការដ្ឋាននគរបាល ស្រុកអូរជ្រៅ ដោយស្នើជួយសំណងរដ្ឋប្បវេណី ទៅខាងជនរងគ្រោះរបស់អ្នកស្រី ។ ក្នុងនោះ ជំនួបលើកទី២ បានធ្វើកាលពីថ្ងៃទី១៦ ខែឧសភា កន្លងទៅនេះ។ អ្នកស្រី បានបន្តថាៈ ខាងភាគីរងគ្រោះរបស់អ្នកស្រី ទាមទារចំនួន ៥ ម៉ឺនដុល្លារអាម៉េរិក ។ ប៉ុន្តែភាគីខាងជនបង្ក ហ៊ានឱ្យតែ ៥ពាន់ដុល្លារប៉ុណ្ណោះ ។
អ្នកស្រី បានបន្តទៀតថាៈ នៅលើកទី៣ ខាងមុខ ភាគីខាងគ្រួសារអ្នកស្រី អាចទាមទារចំនួន ៣៥.០០០ ដុល្លារ ដើម្បីជួយព្យាបាល និងចិញ្ចឹមជីវីតរបស់ប្តី អ្នកស្រី ព្រោះស្ថានភាពប្តីអ្នកស្រី នឹងត្រូវរស់នៅ ក្នុងលក្ខណ:ជាជនពិការ មួយជីវិត។ ពោលគឺ បើគាត់នៅជាធម្មតា គាត់អាចធ្វើការ ឬស៊ីឈ្នួលគេ បានកម្រៃពី ៣០០ ទៅ ៦០០ ដុល្លារ ក្នុង១ខែឯណោះ។
លោកវរសេនីយ៍ អ៊ឹម សុភារ: អធិការនគរបាលស្រុកអូរជ្រៅ បានប្រាប់កាសែត រស្មីកម្ពុជា នៅថ្ងៃដដែលថាៈ តាមដឹង ការចរចានោះ គឺធ្វើឡើងរវាងភាគីបង្ក និងភាគីរងគ្រោះប៉ុណ្ណោះ ។
សូមរំលឹកថា គ្រាន់តែក្របីចូលស៊ីស្មៅក្នុងដីខ្លួន លោកស័ក្តិ ៤កន្លះ នគរបាល ការិយាល័យ កិច្ចការផ្ទៃក្នុង ក្រសួងមហាផ្ទៃម្នាក់ បាញ់អ្នកស៊ីឈ្នួលឃ្វាលសត្វ ឱ្យរបួសធ្ងន់ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ នៅវេលាម៉ោង ១និង៣៥នាទី នៅចំណុចដីចាក់ ស្ថិតនៅភូមិ-ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរបីជាន់ និងអធិការដ្ឋានស្រុកអូរជ្រៅ បានឱ្យ ដឹងកាលពីថ្ងៃទី៨ ខែឧសភាថា សមត្ថកិច្ចជំនាញ បានអង្កេត ស្រាវជ្រាវ និងកំណត់ ក្នុងសំណុំរឿងថា ជាករណី ប៉ុនប៉ងមនុស្សឃាត។
ជនរងគ្រោះ មានឈ្មោះ ឃាង វណ្ណា អាយុ៥៥ឆ្នាំ ភេទប្រុស រស់នៅភូមិថ្នលបត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មុខរបរ ស៊ីឈ្នួលឃ្វាលក្របី។ រីឯជនសង្ស័យ បង្កឡើង មានឈ្មោះ រ៉ា ទឹមច័ន្ទពិសី អាយុ៤២ឆ្នាំ ភេទប្រុស ឋានន្តរស័ក្ត វរ:សេនីយ៍ទោ តួនាទី នាយរងការិយាល័យកិច្ចការផ្ទៃ ក្នុងក្រសួង មហាផ្ទៃ ដែលមកស្នាក់នៅបណ្តាះអាសន្ន នៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
មុនកើតហេតុ សត្វក្របីដែលជនរងគ្រោះស៊ីឈ្នួលឃ្វាល បានចូលស៊ីស្មៅដុះឯង ក្នុងដីវាល អត់របងរបស់ជនសង្ស័យ។ មិនដឹងជាខឹងច្រឡោត ឬទឹកចិត្តឃោរ ឃៅយ៉ាងណា ពេលនោះ ជនសង្ស័យ បានប្រើកាំភ្លើងម៉ាក់វាំងឡុង (ប្រភេទ កាំភ្លើងបាញ់សត្វ) បាញ់ច្រើនគ្រាប់ ក្នុងនោះ ត្រូវមួយគ្រាប់ចំកំភួនជើង ខាងឆ្វេងរបស់ជនរងគ្រោះ ចំនួន១គ្រាប់ បណ្តាលរងរបួសធ្ងន់ ។
ជនសង្ស័យដៃដល់ បាញ់រួច ឃើញជនរងគ្រោះ រងរបួសដួលដេកលើដី ក៏បានបានរត់គេចខ្លួន បាត់ទៅ។ ហើយមកទល់ថ្ងៃទិ១៨ ខែឧសភា ឆ្នាំ២០២២ នេះ សមត្ថកិច្ច មិនទាន់ចាប់បាន ជនដៃដល់ នោះនៅឡើយ ៕/V-PC