ដោយៈ សរិទ្ធ /​ ភ្នំពេញៈ រថយន្តផលិតនៅប្រទេសកូរ៉េ ចំណុះ១តោន បានវ៉ាជែងរថយន្ត មួយគ្រឿង ជ្រុលបុកម៉ូតូ ពេញទំហឹង បណ្ដាលឱ្យមនុស្ស ចំនួនបីនាក់ រងរបួសធ្ងន់ស្រាល កាលពីល្ងាច ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានបញ្ជាក់ថាៈ មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើកបររថយន្ត ផលិតនៅប្រទេសកូរ៉េ ចំណុះ១តោន ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AC-9572 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីខាងកើត ទៅខាងលិច ក្នុងល្បឿនលឿន ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏បានវ៉ារថយន្តមួយគ្រឿងទៀត ហើយបានជ្រុល​ ទៅបុក ម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីម ពាក់ផ្លាកលេខ ភ្នំពេញ 1B-5514 ដែលជិះឌុបគ្នាពីរនាក់ កំពុងតែធ្វើដំណើរ តាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅបញ្ច្រាសគ្នា យ៉ាងពេញទំហឹង រួចរថយន្តមិនទាន់អស់ល្បឿន ជ្រុលទៅបុកសួនផ្កា និងឃឿននៅមុខផ្ទះប្រជាពលរដ្ឋ បន្ថែមទៀត បណ្តាលឱ្យរងការខូចខាតរថយន្ត និងម៉ូតូ រួមទាំងសួនផ្កា និងឃឿននៅមុខផ្ទះ ប្រជាពលរដ្ឋ យ៉ាងដំណំ និងបានបង្កឱ្យម្ចាស់ម៉ូតូ រងរបួសធ្ងន់ ចំនួន ពីរនាក់ ។

ចំណែកឯ បុរសម្នាក់ ដែលជាតៃកុងរថយន្តបង្ក ក៏បានរងរបួសស្រាល ហើយបានរត់គេចខ្លួន បាត់ស្រមោលតែម្តង ដោយបន្សល់ទុករថយន្តដែលក្រឡាប់ នៅកន្លែងកើតហេតុនោះ។

សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក បានចុះមកដល់ទីតាំង កន្លែងកើតហេតុ ខាងលើ រួចបានវាស់វែង យករថយន្តបង្ក រួមទាំងម៉ូតូរងគ្រោះ ទៅរក្សាទុកបណ្ដោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នា នៅពេលក្រោយ៕/V-PC