ដោយៈ ជា សីហៈ/ភ្នំពេញៈ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: កាលពីថ្ងៃទី ១៧ ខែ ឧសភា បានអញ្ជើញចូលរួមជាវាគ្មិនក្នុងវេទិការជាតិស្តីពីស្រ្តីក្នុងភាពជាថ្នាក់ដឹកនាំ និងអភិបាលកិច្ច ដែលរៀបចំឡើងដោយក្រសួងកិច្ចការនារី សហការជាមួយ ក្រុមប្រឹក្សាវប្បធម៌អាស៊ី (Asia Cultural Council)។  

វេទិការជាតិនេះ រៀបចំធ្វើឡើងនៅសណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញ ដោយការចូលរួមពីស្រ្តីជាថ្នាក់ដឹកនាំមកពីស្ថាប័នជាតិ តំណាងរាស្ត្រ ក្រសួងស្ថាប័ន អង្គទូត អង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ រដ្ឋបាលរាជធានីខេត្ត គ្រឹះស្ថានសិក្សា តំណាងយុវជន ព្រមទាំងតំណាងគណបក្សនយោបាយ ចំនួន ១៧គណបក្ស ដែលចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹកឃុំសង្កាត់ឆ្នាំ២០២២ សរុបចំនួន ២០០នាក់ ចូលរួមដោយផ្ទាល់ និង២០០០នាក់ ចូលរួមតាមប្រព័ន្ធ Webinar ។  

គោលបំណងនៃការរៀបចំវេទិការជាតិនេះ គឺក្នុងគោលបំណងផ្តល់វេទិការជូនស្រ្តីជាថ្នាក់ដឹកនាំ  និងជាអ្នកតាក់តែងគោលនយោបាយ ដើម្បីចែលរំលែក មេរៀន បទពិសោធន៍ និងទស្សន:ក្នុងរួមចំណែកថែរក្សាសុខសន្តិភាពរបស់ជាតិ និងអន្តរជាតិ ព្រមទាំងការអភិវឌ្ឍលើគ្រប់វិស័យ ៕/PC