ប្រែសម្រួលៈបំណង(ST)៖ក្រុមអ្នកស៊ើបអង្កេតអាម៉េរិកជឿថាមាននរណាម្នាក់នៅក្នុងយន្តហោះធ្វើអោយយន្តហោះ Boeing 737-800ក្នុងក្រុមហ៊ុនអាកាសចរណ៍China Easternធ្លាក់ដោយចេតនាកាលពីខែមីនា នេះបើតាមការផ្សាយរបស់កាសែតthe Wall Street Journalកាលពីថ្ងៃអង្គារទី១៧ឧសភា។
មនុស្សពីរនាក់ដែលធ្វើការលើរឿងនេះបាននិយាយថាពួកអ្នកស៊ើបអង្កេតការធ្លាក់យន្តហោះរបស់ក្រុមហ៊ុនចិននេះកំពុងពិនិត្យមើលថាតើវាបណ្តាលមកពីអំពើដោយចេតនានៅក្នុងបន្ទប់បើកបរឬយ៉ាងណា ដោយសារតាំងពីមុនមកមិនមានភស្តុតាងណាបង្ហាញថាយន្តហោះធ្លាក់ដោយសារបញ្ហាបច្ចេកទេស។
យន្តហោះBoeing 737-800ជើងហោះហើរ MU5375 បានកំពុងធ្វើដំណើរពីទីក្រុងគុនមិញទៅក្វាងចូវកាលពីថ្ងៃ២១មីនា នៅពេលវាធ្លាក់ចុះពីកំពស់៨.៨៣៩ម៉ែត្រចូលក្នុងព្រៃភ្នំ ដោយសម្លាប់មនុស្សទាំង១៣២នាក់នៅក្នុងយន្តហោះ។
អ្នកសង្គ្រោះនិងស្វែងរករួមទាំងទាហានចិនបានចូលរួមប្រតិបត្តិការស្វែងរក-សង្គ្រោះនិងរុករកប្រអប់ខ្មៅនៅកន្លែងធ្លាក់ក្នុងតំបន់ស្វ័យតហ្កាងស៊ី ហ្សួង កាលពីខែមីនា
វាជាការធ្លាក់យន្តហោះសម្លាប់មនុស្សច្រើនបំផុតនៅចិនក្នុងរយៈពេល២៨ឆ្នាំកន្លងមក។
អាជ្ញាធរបាននិយាយថា អ្នកបើកយន្តហោះមិនបានឆ្លើយតបនឹងការទាកទងពីអ្នកគ្រប់គ្រងការហោះហើរនិងពីអាកាសយានិកនៃយន្តហោះក្បែរៗវាទេក្នុងអំឡុងពេលធ្លាក់ចុះពីរយៈកំពស់ត្រូវហោះភ្លាមៗ។ប្រភពព័ត៌មានមួយបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ពួកអ្នកស៊ើបអង្កេតកំពុងពិនិត្យមើលលទ្ធភាពដែលយន្តហោះនេះធ្លាក់ដោយអំពើ«ស្ម័គ្រចិត្ត»។
បើតាមការសែតខាងលើ ប្រអប់ខ្មៅដែលរកឃើញនៅកន្លែងធ្លាក់ត្រូវបានបញ្ជូនទៅវិភាគនៅអាម៉េរិក។វាបង្ហាញថា នរណាម្នាក់ អាចអ្នកបើកយន្តហោះ ឬនរណាម្នាក់ដែលសំរុកចូលបន្ទប់អ្នកបើក បញ្ជាអោយយន្តហោះBoeing 737-800 ដាំក្បាលចុះក្រោម។
the Wall Street Journalបានស្រង់សម្តីអ្នកដឹងរឿងនេះម្នាក់ដែលបាននិយាយថា« យន្តហោះបានធ្វើអ្វីមួយដែលទំនងជាត្រូវគេប្រាប់អោយធ្វើនៅក្នុងបន្ទប់អ្នកបើកបរ» ហើយពួកមន្ត្រីអាម៉េរិកជឿលើការសន្និដ្ឋានរបស់គេគាំទ្រដោយការពិតដែលថា ពួកអ្នកស៊ើបអង្កេតចិនតាំងពីមុនមកមិនបានរកឃើញសញ្ញាណាមួយថាយន្តហោះមានបញ្ហា ឬក្រុមអ្នកគ្រប់ក្រងការហោះហើរអាចបង្កការធ្លាក់នោះទេ។
ទាំងក្រុមហ៊ុនBoeing Coដែលផលិតយន្តហោះនេះនិងគណៈកម្មាធិការសុវត្ថិភាពគមនាគមន៍ជាតិអាម៉េរិកបានបដិសេធមិនឆ្លើយបំភ្លឺចំពោះរបាយការណ៍ក្នុងសារព័ត៌មានអាម៉េរិកនេះ និបានបង្វែរអោយទៅសួរចិន។
ក្នុងការឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាមក្នុងអ៊ិនធឺណិតអំពីការធ្លាក់យន្តហោះដោយចេតនា អាជ្ញាធរអាកាសចរណ៍ស៊ីវិលចិនបាននិយាយកាលពីថ្ងៃ១១មេសាថា ពាក្យលេចឮនេះនាំអោយសាធារណជនយល់ខុសធ្ងន់ធ្ងរនិងវាជ្រៀតជ្រែកការងារស៊ើបអង្កេតថែមទៀត៕