ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្រុមហ៊ុនផលិតអាវុធនានារបស់សហរដ្ឋអាម៉េរិកបានផលិតកាំភ្លើងជាង ១៣៩ លានដើមសម្រាប់ទីផ្សារពាណិជ្ជកម្មក្នុងរយៈពេលពីរទសវត្សរ៍ចាប់ពីឆ្នាំ ២០០០ រួមទាំងកាំភ្លើង ១១,៣ លានដើមក្នុងឆ្នាំ ២០២០ តែឯង នេះបើយោងតាមរបាយការណ៍ថ្មីរបស់រដ្ឋាភិបាល។
អាវុធចំនួន ៧១ លានដើមផ្សេងទៀតត្រូវបាននាំចូលក្នុងរយៈពេលដូចគ្នានេះធៀបទៅនឹងការនាំចេញអាវុធត្រឹមតែ ៧,៥ លានដើមប៉ុណ្ណោះដោយគូសបញ្ជាក់ពីរបៀបដែលប្រទេសនេះកំពុងហែលក្នុងជំនន់អាវុធផ្ទាល់ខ្លួន ដែលបានបង្កឱ្យមានការកើនឡើងនៃអំពើហិង្សាដោយកាំភ្លើង ឃាតកម្ម និងការធ្វើអត្តឃាត នេះបើយោងតាមរបាយការណ៍របស់ក្រសួងយុត្តិធម៌។
របាយការណ៍បង្ហាញថា ខណៈជនជាតិអាម៉េរិកចូលចិត្តកាំភ្លើងវាយប្រហារពាក់កណ្តាលស្វ័យប្រវត្តិដែលគេឃើញនៅក្នុងការបាញ់ប្រហារទ្រង់ទ្រាយធំ ពួកគេក៏ទិញកាំភ្លើងខ្លីពាក់កណ្តាលស្វ័យប្រវត្តិ ៩ មិល្លីម៉ែត្រដែលមានតម្លៃថោក ងាយស្រួលប្រើ និងបាញ់ច្បាស់កាន់តែច្រើនឡើងៗដូចកាំភ្លើងខ្លី ៩ មិល្លីម៉ែត្រដែលប៉ូលិសភាគច្រើនកំពុងប្រើប្រាស់ផងដែរ។
ហើយរបាយការណ៍បង្ហាញថា អាជ្ញាធរប្រឈមមុខនឹងការកើនឡើងនៃ “កាំភ្លើងខ្មោច” ដែលមិនបានចុះបញ្ជីផលិតនៅតាមផ្ទះជាមួយនឹងគ្រឿងបន្លាស់អាចទិញបានតាមអ៊ីនធឺណិតនិងផលិតដោយម៉ាស៊ីនបោះពុម្ព 3-D ព្រមទាំងកាំភ្លើងខ្លីនិងកាំភ្លើងវែងដែលមានបង់ខ្លីនិងសាហាវដូចកាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិ ដែលប្រើក្នុងការបាញ់ប្រហារទ្រង់ទ្រាយធំ។
អគ្គរដ្ឋអាជ្ញារងលោកស្រី លីសា ម៉ូណាកូ (Lisa Monaco)បាននិយាយថា “យើងអាចដោះស្រាយការកើនឡើងនៃអំពើហិង្សានាពេលបច្ចុប្បន្នបានប្រសិនបើយើងមានព័ត៌មានល្អបំផុតនិងប្រើប្រាស់ឧបករណ៍និងការស្រាវជ្រាវដែលមានប្រសិទ្ធភាពបំផុតដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងរបស់យើង”។
“របាយការណ៍នេះគឺជាជំហានដ៏សំខាន់មួយក្នុងទិសដៅនោះ។ក្រសួងនឹងបន្តប្រមូលទិន្នន័យចាំបាច់ដើម្បីកែសម្រួលវិធីសាស្ត្ររបស់យើងចំពោះអ្នកជំរុញឱ្យមានអំពើហិង្សាដោយកាំភ្លើងនិងចាប់អ្នកបាញ់បោះចេញពីផ្លូវឱ្យអស់”៕
កាំភ្លើងដាក់លក់នៅហាងមួយនៅរដ្ឋផ្លរីដា