ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្រុមមន្ត្រីសុខាភិបាលអាម៉េរិកបាននិយាយកាលពីថ្ងៃអង្គារ ទី១៧ ឧសភាថា ការកើនឡើងករណីកូវីដ១៩កំពុងជំរុញឱ្យមានការព្យាបាលដោយប្រើថ្នាំប្រឆាំងវីរុសលេបតាមមាត់ Paxlovid របស់ក្រុមហ៊ុន Pfizer Incកើនឡើង ៣១៥ ភាគរយក្នុងរយៈពេលបួនសប្តាហ៍កន្លងមកនេះ។
ការកើនឡើងនៃករណីឆ្លងនិងការសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅសហរដ្ឋអាម៉េរិកកំពុងចាប់ផ្តើមប៉ះពាល់ដល់ការណែនាំអំពីអាកប្បកិរិយា ដោយទីក្រុងញូវយ៉កដែលជាទីក្រុងមានប្រជាជនច្រើនជាងគេរបស់ប្រទេសនេះ បានផ្តល់ដំបូន្មានដល់ការប្រើប្រាស់ម៉ាស់យ៉ាងតឹងរ៉ឹង ប៉ុន្តែមិនមានវិធានការចាំបាច់ថ្មីទេ។ ក្រុមហ៊ុន Apple បានលុបចោលផែនការវិលត្រឡប់ទៅកាន់ការិយាល័យវិញ។
លោកវេជ្ជបណ្ឌិត វីលលៀម សាហ្វន័រ (William Schaffner) អ្នកជំនាញជំងឺឆ្លងនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រសាកលវិទ្យាល័យវ៉ាន់ដឺប៊ីល (Vanderbilt) នៅទីក្រុងណាស់វីល (Nashville) បាននិយាយថា “យើងនឹងឃើញមេរោគនេះវាយប្រហារកាន់តែខ្លាំងឡើងលើមនុស្សដែលមានវ័យចំណាស់ ទន់ខ្សោយ មានជំងឺប្រចាំកាយ ឬមានភាពស៊ាំខ្សោយ។ប៉ុន្តែឥឡូវនេះយើងមានការព្យាបាលប្រសើរជាងមុន ហើយមនុស្សទាំងនោះភាគច្រើននឹងចាកចេញពីមន្ទីរពេទ្យទាំងនៅរស់ជាជាងស្លាប់”។
សហរដ្ឋអាម៉េរិកកំពុងមានករណីថ្មីជាមធ្យមជិត៩៧.០០០នាក់ក្នុងមួយថ្ងៃ ដោយកើនឡើងពីករណីប្រមាណ៧៣.០០០នាក់កាលពីមួយសប្តាហ៍មុន នេះបើយោងតាមតួលេខរបស់រ៉យទ័រ។ករណីឆ្លងបានកើនឡើងជាបណ្តើរៗ ចាប់តាំងពីឈានដល់កម្រិតទាបបំផុតនៃការឆ្លងថ្មីចំនួន ៣០.០០០ នាក់ក្នុងមួយថ្ងៃនៅចុងខែមីនា។
មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់សហរដ្ឋអាម៉េរិកកាលពីថ្ងៃអង្គារបានប៉ាន់ប្រមាណថាប្រហែលពាក់កណ្តាលនៃការឆ្លងកាលពីសប្តាហ៍មុនគឺមកពីមេរោគបំប្លែង BA.2.12.1ដែលជាបងប្អូនរបស់អូមីក្រុង ដែលបានកើនឡើងតាំងពីពាក់កណ្តាលខែមេសា ហើយក្លាយជាមេរោគលេចធ្លោរួចទៅហើយនៅឆ្នេរខាងកើត៕
សហរដ្ឋអាម៉េរិកកំពុងមានករណីថ្មីជាមធ្យមជិត៩៧.០០០នាក់ក្នុងមួយថ្ងៃ