​ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ មជ្ឈមណ្ឌល​អង្គរ សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ នៅ​ដើម​ឆ្នាំនេះ បាន​ជួយសង្គ្រោះ​សត្វ​ទាព្រៃ ស្លាប ស មួយ​ក្បាល ដែលជា​ប្រភេទ​រងគ្រោះ ជិត​ផុត​ពូជ ដែល​ត្រូវបាន​គេ​ប្រទះឃើញ ជាប់​មង​។​

​ក្រោយ​ការជាប់​មង ទាព្រៃ​មួយ​ក្បាល​នេះ ស្គម និង​ខ្វះ​ទម្ងន់ ធៀប​នឹង​កម្ពស់ និង​ស្លាប ទាំងសងខាង មាន​ស្នាម​រងរបួស រលាត់ស្បែក ដែល​តម្រូវឱ្យ​មានការ​ព្យាបាល ជា​ចាំបាច់​។​

​មជ្ឈមណ្ឌល​អង្គរ សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ បានឱ្យដឹងថាៈ ខ្លួន​ពិតជា​ត្រេកអរ និង​អរគុណ ជា​អនេកប្បការ ដល់​មេភូមិ ដែល​បាន​យល់ដឹង អំពី​សារសំខាន់ នៃ​ការការពារ ប្រភេទ​សត្វ​នេះ ហើយ​បាន​ទាក់ទង ទៅ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) ហើយ​អង្គការ WCS ក៏បាន​ជួយ ជូនដំណឹង មកកាន់​មជ្ឈមណ្ឌល​អង្គរ សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ (ACCB) អំពី​ទាព្រៃ​ស្លាប ស នេះ​។​

​ប្រភព​ដដែល​នេះ បានបញ្ជាក់​ថាៈ ចំនួន​ទាព្រៃ​ស្លាប ស នៅក្នុង​ប្រទេស​កម្ពុជា ត្រូវបាន​គេ​ប៉ាន់ ប្រមាណ​ថា មាន​ចន្លោះ​ពី ៣០ ទៅ ១០០ ក្បាល តែប៉ុណ្ណោះ​។ ដើម្បី​ជួយសង្គ្រោះ ប្រភេទ​សត្វ នេះ ពី​ការវិនាស​ផុត​ពូជ នៅក្នុង​ប្រទេស​កម្ពុជា ត្រូវតែមាន​បេសកកម្ម ជួយសង្គ្រោះ​បែបនេះ ដែលជា​បេសកកម្ម ដ៏​មាន​សារៈសំខាន់​ខ្លាំងណាស់ និង​តម្រូវឱ្យមាន​កិច្ចខិតខំ​ប្រឹងប្រែង បន្ថែមទៀត ពី​ក្រុមការងារ​។ ទាព្រៃ​ស្លាប ស នេះ ក៏បាន​ជាសះស្បើយ ទាំងស្រុង ពី​របួសស្នាម ហើយ​ពួកយើង កំពុង​រៀបចំ​ផែនការ​លែង​វា ឱ្យ​ត្រឡប់​ចូលទៅ​រស់នៅ ក្នុង​ជម្រក​ធម្មជាតិ វិញ​៕/V​