ដោយៈសុផល/ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងសេចក្តីព្រាងច្បាប់ ស្តីពីសុវត្ថិភាពម្ហូបអាហារ បានត្រូវសម័យប្រជុំវិសាមញ្ញ នីតិកាលទី៤ ព្រឹទ្ធសភា ពិនិត្យនិងឱ្យយោបល់ឯកភាពទាំងស្រុង កាលពីព្រឹកថ្ងៃទី១៨ខែឧសភាឆ្នាំ២០២២។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំសម័យប្រជុំវិសាមញ្ញ នីតិកាលទី៤ នេះ ដោយមានសមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៥៩រូប។
សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨នេះ រៀបចំឡើងក្នុងគោលបំណងកែសម្រួលចំនួនគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីបង្កើនធនធានមនុស្សក្នុងជួរគណៈអភិបាល ដែលជាអង្គប្រតិបត្តិឱ្យមានចំនួនសមស្របតាមស្ថានភាពនៃកំណើនសេដ្ឋកិច្ច កំណើនប្រជាពលរដ្ឋ និងភូមិសាស្ត្រនៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ។
សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ០២មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ១០៦សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នាសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦។លោក អង្គ វង្ស វឌ្ឍានា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញនៃក្រសួងមហាផ្ទៃ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន ៥៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
ចំណែកសេចក្តីព្រាងច្បាប់ ស្តីពីសុវត្ថិភាពម្ហូបអាហារ នឹងបង្កើតឱ្យមានប្រព័ន្ធត្រួតពិនិត្យម្ហូបអាហារ ដោយផ្អែកតាមមូលដ្ឋានវិទ្យាសាស្ត្រ និងការវិភាគរកហានិភ័យ ព្រមទាំងកសាងបាននូវចំណុចអាទិភាព និងការត្រួតពិនិត្យបំពេញបន្ថែមឱ្យគ្នាប្រកបដោយប្រសិទ្ធភាព។ ការអនុវត្តដោយពេញលេញនូវច្បាប់នេះនឹងបង្កើតឱ្យមានរំហូរសេរីនៃទំនិញ សេវាកម្ម និងការវិនិយោគ ដើម្បីស្រូបយកអាជីវកម្ម អ្នកជំនាញ ទេពកោសល្យ និងរំហូរនៃដើមទុនដោយសេរី។
សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់សារសំខាន់ក្នុងការកំណត់គោលការណ៍ជាមូលដ្ឋាន ដើម្បីជំរុញឱ្យផលិតផលម្ហូបអាហារមានសុវត្ថិភាព និងអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានជាតិជាធរមាន សំដៅលើកកម្ពស់សុខុមាលភាព និងប្រសិទ្ធភាព នៃការការពារផលប្រយោជន៍អ្នកប្រើប្រាស់ រួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ១១ជំពូក និង ៤៣មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ១០២សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូលកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នាសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦។
ក្រោយពីសមាជិកព្រឹទ្ធសភាចំនួន០៥រូប បានឡើងមានយោបល់ និងលើកជាសំណួរសុំការបំភ្លឺរួចមក លោកអង្គ វង្ស វឌ្ឍានា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញនៃក្រសួងពាណិជ្ជកម្ម បានស្រាយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕.mara