​ដោយ : ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ ពលរដ្ឋ​ក្នុង​និង​ក្រៅ​ខេត្ត តែ​បានមក​ស្នាក់នៅ​ខេត្តបន្ទាយមានជ័យ​ប្រមាណ​៥.០០០​នាក់​ហើយ​បានមក​ដាក់​ពាក្យសុំ​ប័ណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ​(Border Pass) នៅ​កន្លែង​ចុះឈ្មោះ​២​កន្លែង​ក្នង​ខេត្ត​។​

​លោក ឈឺ​ន សុរិយា ប្រធាន​អង្គភាព​ច្រកចេញ ចូល​សាលាខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​១៨​ខែឧសភា ថា​ចំនួន​នោះ​គឺ​គិត​តាំងពី​ចុងឆ្នាំ​២០២១ មកដល់​ចុងខែ​មេសា​ឆ្នាំ​២០២២ ។​

​លោក​បាន​បន្តថា ពលរដ្ឋ​ដែល​មក​ដាក់ពាក្យ​ស្នើសុំ​ប័ណ្ណ​ព្រំដែន​ថ្មី​និង​សុំ​ពន្យា​ប័ណ្ណ​ចាស់​គឺមាន​ការកើនឡើង នៅពេល​ពួកគេ​ដឹង​តម្រុយ​ថា​ភាគី​ថៃ​នឹង​បើក​ច្រកព្រំដែន​សម្រាប់​ពលរដ្ឋ អ្នកដំណើរ​និង​ភ្ញៀវ​ឡើងវិញ​ក្នុង​ឆ្នាំ​២០២២ នា​ដើម​ឬ​កណ្តាល​ឆ្នាំ ។​
​ក្នុងនោះ ភាគី​ថៃ​បាន​បើក​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​-​ខ្លង​លឹក​កាលពី​ថ្ងៃទី​០១​ខែឧសភា ។​ច្រកព្រំដែន​អន្តរជាតិ​ដូង​-​បាន​ឡៃ​ម ,​ច្រក​អូរ​ស្មាច់​-​ឆ​ង​ចម ,​ច្រក​ផ្សារ​ព្រំ​-​បាន​ប្រា​កាត​កាលពី​ថ្ងៃទី​០៥​ខែឧសភា​ឆ្នាំ​២០២២ ។​

​ប្រជាពលរដ្ឋ និង​ពលករ​កម្ពុជា​បាន​សម្រុក​ទៅធ្វើ​ប័ណ្ណ​ព្រំដែន​នោះ​នៅ​កន្លែង​ផ្តល់​សេវា​នៅ​អង្គភាព​(​ការិយាល័យ​)​ច្រកចេញ ចូល​តែមួយ​ខេត្តបន្ទាយមានជ័យ​និង​នៅ​សាលាក្រុង​ប៉ោយប៉ែត ។​

​ជាង​២​ឆ្នាំ​មកហើយ​ដែល​ពលរដ្ឋ មិនអាច​ធ្វើដំណើរ​ទៅ​ប្រទេស​ថៃ​បាន ព្រោះ​គេ​បិទ​ប្រទេស​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​កូ​វីដ​១៩ ។​
​ក្នុងនោះ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ ដែលជា​ច្រើន​នាក់​ប្រើ​ប័ណ្ណ​ព្រំដែន​កម្ពុជា ថៃ ក៏​មិនអាច​ឆ្លងដែន​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​-​ខ្លង​លឹក ដើម្បី​ចូលទៅ​ប្រកប​របរ​ក្នុង​ផ្សារ​រោង​ក្លឿ​និង​ផ្សារ​ឧបសម្ព័ន្ធ​ក្បែរ​ខាង ផ្សារ​នានា​នៅ​ជាយដែន​និង​នៅ​ស្រុក​អារ​ញ្ញា​ប្រាថេត ,​ក៏​ទៅរក​ការងារ​ធ្វើ​និង​ក្នុង​បំណង​ផ្សេងទៀត​នៅ​២​ខេត្ត​គឺ​ខេត្ត​ស្រះកែវ​និង​ខេត្ត​ប្រា​ជីន​បូរី នៃ​ប្រទេស ថៃ​បានដែរ​។​

​សូមបញ្ជាក់ថា ប័ណ្ណ​ព្រំដែន​កម្ពុជា​និង​ថៃ នេះ ធ្វើ​ជូន​តែ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ​និង​ខេត្ត​ជាប់​ព្រំដែន​ថៃ​ដទៃទៀត​ដែលមាន​ច្រកព្រំដែន​អន្តរជាតិ យកទៅ​ប្រើប្រាស់​ក្នុង​កិច្ចការ​ចាំបាច់​ដែលមាន​លក្ខណ​:​រួមមាន​ពាក្យ​ស្នើរ​សុំ​ប័ណ្ណ​ព្រំដែន មាន​បែបបទ​មួយចំនួន ប៉ុណ្ណោះ ។​.mara