ដោយៈ ពៅនិមល / ភ្នំពេញ៖ លោករដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់ថាៈ តាមការសម្រង់ស្ថិតិ សហគ្រាសមីក្រូធុនតូច និងមធ្យម នៅកម្ពុជា មានប្រមាណជាង ៥សែនមូលដ្ឋាន ក្នុងនោះផ្នែកផលិតចំណីអាហារ មានរាប់ម៉ឺនមូលដ្ឋាន។ ក៏ប៉ុន្តែការចុះបញ្ជីទទួលស្គាល់ តាមច្បាប់ ទើបបានជាង ២ ម៉ឺនមូលដ្ឋានអាជីវកម្ម ប៉ុណ្ណោះ។
លើទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ បានឲ្យដឹងថាៈ ក្នុងឱកាសទទួលជួបពិភាក្សា ការងារ ជាមួយប្រតិភូសមាគមអ្នកផលិតចំណីអាហារកម្ពុជា ដឹកនាំដោយលោក មេវ សុខទ្រី ជាប្រធានសមាគម នៅទីស្តីការក្រសួង លោកបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្នើឲ្យសមាគម ជួយគៀងគរឲ្យបានសមាជិកច្រើនថែមទៀត ជាមួយនឹងការមកចុះបញ្ជីទទួលស្គាល់ តាមច្បាប់ ពីព្រោះ បច្ចុប្បន្ន ត្រូវបានធ្វើតាមប្រព័ន្ធអនឡាញ ដែលមានភាពងាយស្រួល ជាងមុនច្រើនណាស់។
លោកបានបន្តថាៈ ផលប្រយោជន៍ នៃការចូលជាសមាជិកសមាគម គឺក្រៅពីងាយស្រួល លើការងារគ្រប់គ្រង គឺយើងបានចែករំលែក នូវព័ត៌មានទីផ្សារ ការងារបណ្តុះបណ្តាល ហើយសមាគម មានសិទ្ធិអំណាច តវ៉ាជាសមូហភាព សម្រាប់ផលប្រយោជន៍ក្រុមរបស់ខ្លួន ជាមួយរដ្ឋាភិបាល ផងដែរ។ ជាមួយគ្នានេះ លោកបានលើកឡើងថាៈ ប្រជាពលរដ្ឋ នៅមានខ្វះខាត ការយល់ដឹង នៃការផលិតចំណីអាហារ ឲ្យស្របតាមស្តង់ដារ អនាម័យ រួមទាំងអ្នកប្រើប្រាស់ គឺការយល់ដឹង ក៏នៅមានកំរិត ពីសុវត្ថិភាពចំណីអាហារផងដែរ។ ពីព្រោះ ផលិតផលខ្លះ ពេលហូបរាល់ថ្ងៃទៅ នឹងធ្វើឲ្យប៉ះពាល់ សុខភាពសាធារណៈ ទាំងរយៈពេលខ្លី និងរយៈពេលវែង។ ដូច្នេះការងារបណ្តុះបណ្តាល ស្វែងយល់ពីស្តង់ដារ អនាម័យ ការវេចខ្ចប់ ការស្តុកទុក ជាការចាំបាច់ ត្រូវប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួន ដើម្បីរក្សាទីផ្សារផលិតផលរបស់យើង បានយូរអង្វែង និងមានលទ្ធភាព អាចប្រកួតប្រជែង សម្រាប់ការនាំចេញទៀតផង។
នៅក្នុងជំនួបនេះ លោកប្រធានសមាគម បានជម្រាបជូនលោករដ្ឋមន្ត្រីថាៈ សមាគម អ្នកផលិតចំណីអាហារ នៅកម្ពុជា ផ្តួចផ្តើមបង្កើតឡើង ជាសមាគមពាណិជ្ជកម្ម មិនស្វែងរកប្រាក់ចំណេញ និងជានីតិបុគ្គលពេញលក្ខណៈ ស្របតាមច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដោយប្រកាសក្រសួងមហាផ្ទៃ នាខែមេសា ឆ្នាំ២០២០។ បច្ចុប្បន្ន សមាគមមានសមាជិក ចូលរួមជាង ៥០ មូលដ្ឋានអាជីវកម្ម។ ជាមួយគ្នានោះ លោកក៏បានលើកពីការជួបបញ្ហា និងកត្តារាំងស្ទះមួយចំនួន ដែលមិនមែនជាបញ្ហារាំងស្ទះ ខ្សែសង្វាក់ផលិតកម្មនោះទេ តែបញ្ហា និងកត្តារាំងស្ទះទាំងអស់នោះ ជាការអនុវត្ត តាមបញ្ញតិ្តកម្ម បទដ្ឋានគតិយុត្ត នីតិវិធី ស្តង់ដារ បច្ចេកទេស និងភាពអនុលោមដោយតម្រូវ ដោយផ្នែកសាធារណៈ ហើយការងារនេះ មានការទាក់ទងនឹងស្ថាប័នពាក់ព័ន្ធមួយចំនួន ដែលខាងសមាគម មិនទាន់មានការយល់ដឹង គ្រប់ជ្រុងជ្រោយ ដែលត្រូវការមាន ការពិគ្រោះយោបល់ ការណែនាំ និងបណ្តុះបណ្តាលបន្ថែម។
សូមបញ្ជាក់ថា គោលបំណងនៃជំនួបពិភាក្សារបស់ ប្រតិភូសមាគមអ្នកផលិតចំណី អាហារកម្ពុជានេះ គឺដើម្បីសម្តែងការគួរសម និងទទួលបានអនុសាសន៍ណែនាំ ពីលោករដ្ឋមន្ត្រី ដើម្បីជាពន្លឺសម្រាប់សមាគម អភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន កាន់តែប្រសើរ ចូលរួមក្នុងដង្ហើមសេដ្ឋកិច្ចកម្ពុជា៕/V.mara