ដោយៈ ទេពកង្រី/កំពង់ឆ្នាំងៈ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញនេះ ព្រះគ្រូវិមលសត្ថាចារ្យ កង សុផល ជំនួយការផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃ ព្រះរាជាណាចក្រកម្ពុជាគ្រូសូត្រស្តាំវត្តអារញ្ញិការាម បានមានសង្ឃដីកាអោយដឹងថារូបសំណាកសម្តេចសង្ឃរាជ ជួន ណាត បិតាអក្សរសាស្ត្រខ្មែរបុព្វបុសខ្មែរ ព្រះបាទជ័យវរ្ម័នទី៧ និង លោកព្រឹទ្ធាចារ្យ ក្រុម ងុយ, ខឿនដងទង់ជាតិ ទង់សាសនា ផ្លូវបេតុង សួនច្បារថ្មី ដាំដើមឈើ ដាក់បង់សំរាប់សិស្សានុសិស្សអង្គុយលេង ក្នុងបរិវេណសាលាបឋមសិក្សាអារញ្ញ ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ត្រូវបានសាងសង់រួចជាស្ថាពរហើយ។
ក្នុងឱកាសនោះព្រះគ្រូ វិមលសត្ថាចារ្យ កង សុផល បានមានសង្ឃដីកាអោយដឹងទៀតថា គម្រោងបន្តគឺ ចាក់ដី រៀបចំកន្លែងហាត់ប្រាណ និងរចនាទីធ្លាក្នុងបរិវេណសាលាបឋមសិក្សាអារញ្ញអោយស្របតាមស្តង់ដាររបស់ក្រសួងអប់រំយុវជន និងកីឡា ជាពិសេសអោយសាលាមានសោភ័ណភាពល្អប្រកបដោយផាសុខភាព ព្រោះសាលាជាទីកន្លែងបណ្តុះបណ្តាលធនធានមនុស្ស និងដើម្បីចូលរួមចំណែកថែរក្សាការពារទាំងអស់គ្នា ព្រះពុទ្ធសាសនាផ្សារភ្ជាប់និងសង្គម ព្រះពុទ្ធសាសនារុងរឿងដោយពុទ្ធបរិស័ទទាំងបួន ស្របតាមវប្បធម៌និងអរិយធម៌ខ្មែរ៕