ដោយ:ពៅនិមល/ភ្នំពេញ: ដោយទទួលបានការគាំទ្រពីទីភ្នាក់ងារជំនួយអាមេរិក USAID តាមរយៈមជ្ឈមណ្ឌលសាមគ្គីភាព នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ អង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា (AIP) បានរៀបចំសិក្ខាសាលាជាមួយថ្នាក់ដឹកនាំសហជីពកម្មករ “ស្តីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា” ក្នុងគោលបំណងកៀងគរមតិគាំទ្រឱ្យកាន់តែរឹងមាំក្នុងចំណោមថ្នាក់ដឹកនាំសហជីពកម្មករ និងសហជីពថ្នាក់មូលដ្ឋានលើបញ្ហាសុវត្ថិភាពចរាចរណ៍ និងបង្កើនកិច្ចសហប្រតិបត្តិការ។
លោក គឹម បញ្ញា នាយកអង្គការ AIP បានលើកឡើងថា វិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងរបស់ប្រទេសកម្ពុជាក្នុងអំឡុងទសវត្សរ៍ចុងក្រោយនេះ មានកំណើនគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង ប៉ុន្តែសុវត្ថិភាពរបស់កម្មករនិយោជិតនៅតែជាបញ្ហាប្រឈម ក្នុងនោះរួមមានគ្រោះថ្នាក់ពេលធ្វើដំណើរទៅបំពេញការងារ ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសក្នុងចំនួនច្រើន។ លោកបានបន្តថា ជារៀងរាល់ថ្ងៃមានកម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិត ស្បែកជើងប្រមាណជាង ៧០០.០០០នាក់ ដែលប្រថុយប្រថានអាយុជីវិតខ្លួននឹងហានិភ័យក្នុងការធ្វើដំណើរទៅមកកន្លែងការងារនៅលើផ្លូវដែលមានចរាចរណ៍កកស្ទះ និងប្រឈមនឹងគ្រោះថ្នាក់ដើម្បី ស្វែងរកចំណូលផ្គត់ផ្គង់ដល់គ្រួសារខ្លួន។អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេស កម្ពុជាប្រមាណជាង ២០% គឺជាកម្មករនិយោជិត (គ្រប់វិស័យ និងទាំងការធ្វើដំណើរទាំងទៅមក បំពេញការងារ និងដំណើរឯកជនផ្ទាល់ខ្លួន) ហើយក្នុងនោះមួយភាគធំ គឺជាស្ត្រី។
លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) បានមានប្រសាសន៍ថា យោងតាមរបាយការណ៍លទ្ធផលការងារសម្រេចបានរបស់ក្រុមការងារ ស.ផ.ក ក្នុងឆ្នាំ២០២១ ធៀបនឹងឆ្នាំ២០២០កន្លងមកនេះ ឃើញថា ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងចំពោះកម្មករនិយោជិតមានការថយចុះ ២២% ស្លាប់ថយចុះ ៤% របួសធ្ងន់ ១៧% របួសស្រាលថយចុះ ២៥% ដែលនេះបានបញ្ជាក់ឲ្យឃើញថា ការខិតខំប្រឹងប្រែងរបស់ក្រុមការងារ ស.ផ.ក ទទួលបានលទ្ធផលល្អគួរជាទីមោទកៈ។
ជាមួយគ្នានេះ លោក វីលៀម ខូក្លីន (William Conklin) នាយកកម្មវិធីប្រចាំប្រទេសកម្ពុជានៃមជ្ឈមណ្ឌលសាមគ្គីភាព បានបញ្ជាក់ថា សហជីព គឺអាចទាមទារឱ្យភាគីនិយោជក គួររៀបចំឱ្យមានជាវគ្គបណ្តុះបណ្តាលទៅកាន់កម្មករនិយោជិតក្នុងការប្រើប្រាស់មធ្យោបាយធ្វើដំណើរឱ្យមានសុវត្ថិភាពជាងមុន ដើម្បីបង្កើនការយល់ដឹងពីវិធានសុវត្ថិភាពចរាចរណ៍ និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក រួមទាំងការយល់ដឹងពីឥរិយាបថបើកបរប្រកបដោយគ្រោះថ្នាក់។ ជារួមកត្តាទាំងអស់នេះ បានបង្កើតជាបរិយាកាសប្រកបដោយគ្រោះថ្នាក់ដល់កម្មករនិយោជិតដែលកំពុងរួមចំណែកយ៉ាងធំធេងចំពោះឧស្សាហកម្មកាត់ដេររបស់កម្ពុជាដែលមានទំហំទឹកប្រាក់ប្រមាណជាង ១០ពាន់លានដុល្លារអាម៉េរិក។
តាមរបាយការណ៍ការងាររបស់អង្គការ AIP បានបង្ហាញឱ្យឃើញថា គិតក្នុងឆ្នាំ២០២១ ក្នុងចំណោមរថយន្តដែលផ្តល់សេវាដឹកកម្មករនិយោជិតសរុបចំនួន ៤.៥០០គ្រឿង មានប្រមាណជាង ៦០% នៃរថយន្តទាំងនោះ គឺជាប្រភេទរថយន្តសម្រាប់ដឹកទំនិញដែលធ្វើឲ្យរថយន្តទាំងនេះមិនអាចបំពាក់ឧបករណ៍សម្រាប់ដឹកអ្នកដំណើរប្រកបដោយសុវត្ថិភាព។ មានតែ ៣៨% នៃរថយន្តដែលផ្តល់សេវាដឹកកម្មករនិយោជិតប៉ុណ្ណោះ ដែលមានសុវត្ថិភាព និងសមស្របដូចជាប្រភេទរថយន្តក្រុង និងរថយន្តទេសចរណ៍។ ប្រភពដដែលបានបន្ថែមទៀតថា ការផ្លាស់ប្តូរពីរថយន្តដឹកជញ្ជូនរួម ដែលគ្មានសុវត្ថិភាពទៅជារថយន្តដែលបានថែទាំងជួសជុលជាប្រចាំដោយគោរពតាមគោលការណ៍ណែនាំសមស្របសម្រាប់ការផ្ទុកទម្ងន់ និងចំនួនអ្នកដំណើរ គឺជាតម្រូវការដ៏ចាំបាច់៕