​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ការិយាល័យ​រដ្ឋអាជ្ញា​អាម៉េរិក​សម្រាប់​ស្រុក​ភាគខាងត្បូង​នៃ​រដ្ឋ​កាលីហ្វ័​រញ៉ាបាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៦​ឧសភា​ថា​ភ្នាក់ងារ​សហព័ន្ធ​បាន​រក​ឃើញ​ផ្លូវ​រូង​ក្រោម​ដី​​ដែល​លាតសន្ធឹង​ពី​ផ្ទះ​មួយ​ក្នុង​ទីក្រុង​ទី​ជូ​អាណា (Tijuana)​នៃ​ព្រំដែន​ម៉ិក​ស៊ិក​ទៅកាន់​ឃ្លាំង​នៅ​ភាគខាងត្បូង​នៃ​រដ្ឋ​កាលីហ្វ័​រញ៉ា ខណៈ​កំពុង​ស៊ើបអង្កេត​បណ្តាញ​រត់ពន្ធ​គ្រឿងញៀន​ក្នុងស្រុក​មួយ​។​

​ច្រក​ផ្លូវ​ក្រោម​ដី​ដែល​រកឃើញ​កាលពី​ថ្ងៃ​សុក្រ​មាន​ប្រវែង​ប្រហែល ៥៤០ ម៉ែត្រ​និង​ជម្រៅ ១៨,៥ ម៉ែត្រ ដែល​មាន​អង្កត់ផ្ចិត ១,២ ម៉ែត្រ​។​វា​មាន​ទីតាំង​នៅ​ចម្ងាយ​ប្រហែល​៩១​ម៉ែត្រ​ពី​ភាគ​ខាងជើង​នៃ​ជញ្ជាំង​​ព្រំដែន​សហរដ្ឋ​អាម៉េរិក​-​ម៉ិក​ស៊ិកក្នុង​តំបន់​អូ​តាយ​មេសា (Otay Mesa)​។​

​ផ្លូវ​រូង​ក្រោម​ដី​នេះ​មាន​ផ្លូវដែក ជញ្ជាំង​ដែល​គាំទ្រ​ដោយ​ធ្នឹម​ដែក អគ្គិសនី និង​ប្រព័ន្ធ​ខ្យល់​។​

​វា​ត្រូវ​បាន​រកឃើញ​ដោយ​ភ្នាក់ងារ​ស៊ើបអង្កេត​សន្តិសុខ​មាតុភូមិ​ដែល​កំពុង​ធ្វើការ​ឃ្លាំមើល​លើ​លំនៅឋាន​ក្នុង​ទីក្រុង​មួយ​ដែល​ត្រូវបាន​ប្រើប្រាស់​កាលពី​ខែ​មីនា​ដោយ​ក្រុម​ឧក្រិដ្ឋជន​ដើម្បី​រក្សា​ទុក​កូកា​​អ៊ី​ន​រត់ពន្ធ ២៨ គីឡូក្រាម​។​

​ក្រុមមន្ត្រី​បាន​ប្រទះឃើញ​ស្ត្រី​ឈ្មោះ លូ​ស ដេ លូ​ណា អូ​ល​ម៉ូ​ស (Luz de Luna Olmos) និង​ស្ត្រី​ឈ្មោះ វ៉ាណេ​ស​សា រ៉ា​មី​រ៉េ​ស (Vanessa Ramirez) មកពី​ទីក្រុង​សាន់​ឌី​ហ្គោ​ទាំង​ពីរ​នាក់​កំពុង​​បើកបរ​ពី​ផ្ទះ​តាម​រថយន្ត​ភី​ក​អាប់​នៅ​ម៉ោង​ប្រហែល ១១៖៤៥ ព្រឹក​ថ្ងៃ​សុក្រ​ទី​១៣​ឧសភា ហើយ​ឈប់​នៅ​ហាង​លក់​ឧបករណ៍​ដឹក​ទំនិញ​កំពង់ផែ​មួយ​ជា​កន្លែង​ដែល​ពួកគេ​បាន​យក​ប្រអប់​ក្រដាសកាតុង​​ចេញពី​កន្លែង​ចាក់​សំរាម​។ បន្ទាប់មក ពួកគេ​បាន​ចូលទៅ​ក្នុង​ហាង ហើយ​បាន​ទិញ​រទេះ​កង់ ដែល​ជា​ធម្មតា​ប្រើ​សម្រាប់​ដឹកជញ្ជូន​ទំនិញ​ធ្ងន់ៗ​។​

​ជនជាប់ចោទ​បាន​ត្រឡប់​ទៅ​លំនៅឋាន​វិញ ហើយ​យក​ប្រអប់​ទៅ​ខាង​ក្នុង​។ នាង​អូ​ល​ម៉ូ​ស​បាន​ចាកចេញ​ពី​លំនៅឋាន​នៅ​ម៉ោង​ប្រហែល ១៖២០ នាទី​រសៀល ហើយ​បាន​ទៅ​ហាង Walmart​នៅពេល​​នាង​ទិញ​ប្រអប់​បន្ថែមទៀត​។​

​នាង​រ៉ា​មី​រ៉េ​ស​បាន​ចាកចេញ​ពី​ផ្ទះ​នៅ​មួយ​ម៉ោង​ក្រោយមក ហើយ​បើក​ឡាន​ទៅ​ឃ្លាំង​នៅ​ទីក្រុង​សាន់​ឌី​ហ្គោ​។ នាង​បាន​ចេញពី​ឃ្លាំង​នៅ​ម៉ោង​ប្រហែល​៤៖៤០​នាទី​រសៀល ហើយ​ត្រឡប់​ទៅ​លំនៅឋាន​វិញ ខណៈ​ភ្នាក់ងារ​តាមដាន​នាង​។​

​ភ្នាក់ងារ​ស៊ើបអង្កេត​សន្តិសុខ​មាតុភូមិ​ចុងក្រោយ​បាន​ឃាត់​យានយន្ត​ចំនួន​ប្រាំ​គ្រឿង ដែល​ចូល​និង​ចេញពីផ្ទះ ឃ្លាំង​ឬ​ទាំងពីរ ហើយ​រឹបអូស​បាន​គ្រឿងញៀន​ដឹក​ចេញពី​រថយន្ត​និង​លំនៅឋាន​។​

​ក្រោយមក ភ្នាក់ងារ​បាន​ឆែកឆេរ​ឃ្លាំង ហើយក៏​បាន​រក​ឃើញ​ផ្លូវ​រូង​ក្រោម​ដី​សម្ងាត់​នេះ​តែម្តង​៕

ភ្នាក់ងារ​ស៊ើបអង្កេត​អាម៉េរិក​កំពុង​ពិនិត្យ​ផ្លូវ​រូង​ក្រោម​ដី​សម្រាប់​រត់ពន្ធ​គ្រឿង​ញៀន