ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: នៅ​ព្រឹក​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២២ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បានធ្វើ​ការបិទ​វគ្គ ហ្វឹកហ្វឺន ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ប្រចាំឆមាស​ទី​១ ឆ្នាំ​២០២២ បន្ទាប់ពី​ចំណាយ​រយៈពេល​មួយខែ នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ក្រោម​អធិបតីភាព​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កង​រាជ​អា​វុ​ហត្ថ​ខេត្ត​។​

​លោក​វរសេនីយ៍ឯក វ៉ាន់ លី​ហោ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ផែន​ហ្វឹកហ្វឺន​បានឱ្យដឹង​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២២​ថា មេរៀន​ដែល​យោធា​ចា​រ្យ​យកមក​ធ្វើការ​ហ្វឹកហាត់​មានដូចជា​៖ មេរៀន​លំ​ហាត់​របៀប​ជួរ​ទ័ព និង​មេរៀន​ការរក្សា​សណ្ដាប់ធ្នាប់ ក្នុងនោះ​មានដូចជា​ការប្រើប្រាស់​ដំបង ខែល និង​អាវុធ​រក្សា​សណ្ដាប់ធ្នាប់ ដើម្បី​ការពារ​បាតុកម្ម ។​ល​។ បន្ថែម​ពី​នោះ​គឺ​រៀន​ទ្រឹស្ដី ស្ដី​ពីបទ​វិន័យ​ទូទៅ​សម្រាប់​កងយោធពល​ខេមរភូមិន្ទ ក្រមសីលធម៌ សម្រាប់​យោធិន នៃ​កងយោធពល​ខេមរភូមិន្ទ នគរបាលជាតិ និង​ភ្នាក់ងារ​សន្តិសុខ​បោះឆ្នោត ក្នុង​ដំណើរការ​បោះឆ្នោត និង​នីតិវិធី​ព្រហ្មទណ្ឌ​។​

​នាឱកាស​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កង​រាជ​អា​វុ​ហត្ថ​ខេត្ត បាន​បញ្ជាក់ថា ក្នុងនាម​កងកម្លាំង ត្រូវ​ប្តេជ្ញា​ការពារ​សន្តិសុខ ជូន​ជាតិ​មាតុភូមិ ការពារ​ស​ណ្ឋា​ប់​ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​។ លោក​ក៏បាន​ថ្លែង​នូវ​អំណរគុណ​ដល់​កងកម្លាំង​ជា​សិក្ខាកាម ដែល​បាន​ចូលរួម​វគ្គ​ហ្វឹកហ្វឺន​យ៉ាង​យកចិត្តទុកដាក់ ប្រកបដោយ​ឆន្ទៈ​រយៈពេល​ពេញ​មួយខែ​កន្លងមក​។

​សូមបញ្ជាក់ថា ក្នុង​ពិធី​បិទ​វគ្គ​នេះ ក៏មាន​ការបង្ហាញ​លំ​ហាត់​របៀប​ជាក់ស្តែង​នូវ​មេរៀន​សំខាន់ៗ ចំនួន​បួន​គឺ ១-​ថ្នាក់​កងអនុសេនាធំ​ធ្វើការ​រុញច្រាន​ក្រុមបាតុករ និង​វាយលុក​ក្រុមបាតុករ ចាប់យក​មេក្លោង​បាតុករ​។ ២-​សម្ភារៈ​ចាប់​ជនបង្ក មានកាំបិត និង​ដំបង​។ ៣-​អាវុធហត្ថ​ជិះ​ម៉ូតូ​ដេញចាប់​ជនសង្ស័យ​។ និង ៤-​បង្ហាញ​ក្បាច់គុណ​៕​